ភ្នំពេញៈ ខ្សែភាពចំបាប់កម្ពុជាដែលនិយាយពីខ្សែជីវិតរបស់ម្ចាស់មេដាយមាសកីឡាចំបាប់អាស៊ីអាគ្នេយ៍លើកទី ២៧ នៅមីយ៉ាន់ម៉ា ឆ្នាំ ២០១៣ កីឡាការិនី នី សំណាង និងជាម្ចាស់មេដាយសំរឹទ្ធចំបាប់ឆ្នេរខ្សាច់នៅប្រទេសថៃនោះត្រូវបានក្រុមផលិតភាពយន្តកីឡាដ៏ល្បីរបស់ឥណ្ឌាដាក់បញ្ចាំងនៅលើឆាកអន្តរជាតិ និងទទួលបានពានចំនួន ៥ ហើយនៅពាក់កណ្ដាលខែមីនា ភាពយន្តខ្នាតវែងមួនេះនឹងត្រូវដាក់បញ្ចាំងនៅតាមរោងភាពយន្ដល្បីៗក្នុងរាជធានីភ្នំពេញផ្សារអ៊ីអន និងខេត្តសៀមរាប។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែតមាននៅ NOCC កាលពីម្សិលមិញថា៖ «នេះជាខ្សែភាពយន្ដខ្នាតវែង ដែលមានគុណតម្លៃខ្លាំងណាស់ដល់សង្គម ជាពិសេសវិស័យកីឡានៅកម្ពុជា ព្រោះខ្សែភាពយន្ដនេះបានរៀបរាប់ពីជីវិតពិតរបស់កីឡាការិនី នី សំណាង ជាត្រកូលអ្នកកីឡាចំបាប់បុរាណខ្មែរម្នាក់ដែលបានលះបង់ និងតស៊ូរហូតដណ្ដើមបានមេដាយមាស ស៊ីហ្គេម ឆ្នាំ ២០១៣»។
លោកបានបន្ថែមថាខ្សែភាពយន្ដចំបាប់នេះបានកើតឡើងដោយការសហការគ្នារវាង NOCC ជាមួយអ្នកផលិតភាពយន្ដដ៏ល្បីមកពីប្រទេសឥណ្ឌាគឺលោក Manis Sharma ជានាយកផលិតកម្ម ហើយនេះជាខ្សែភាពយន្ដខ្នាតវែង ដែលមានរយៈពេល ២ ម៉ោង និងចំណាយថវិកាផលិតអស់ជាង ៣០ ម៉ឺនដុល្លារអាមេរិកដោយភាគីឥណ្ឌាជាអ្នកចំណាយ និងមានការសហការពីក្រុមគ្រួសារចំបាប់កម្ពុជាថែមទៀតផង។
លោក Manis Sharma បានថ្លែងថា៖ «នៅក្នុងការប្រកួតប្រជែងភាពយន្តល្បីៗ ក្នុងទិវាមហោស្រពភាពយន្តអន្តរជាតិនៅឥណ្ឌា កេនយ៉ា អាមេរិក និងនៅអឺរ៉ុប គឺខ្សែភាពយន្ដចំបាប់របស់យើងទទួលបានពានរង្វាន់ចំនួន ៥ ហើយជាមួយលទ្ធផលល្អនេះយើងមានគម្រោងដាក់បញ្ចាំងខ្សែភាពយន្តនេះនៅកម្ពុជា ដែលជាប្រទេសកំណើតរបស់កីឡាការិនី នី សំណាង គឺនៅរាជធានីភ្នំពេញផ្សារទំនើបអ៊ីអន និងខេត្តសៀមរាប និងរោងភាពយន្តឯកជននានាមួយចំនួនទៀត»។
តាមការប្រកាសក្នុងសន្និសីទការសែតកាលពីព្រឹកម្សិលមិញនោះបានឲ្យដឹងថានៅថ្ងៃទី ១២ ខែមីនាខ្សែភាពយន្តចំបាប់នឹងដាក់បញ្ចាំងនៅរោងភាពយន្ដផ្សារទំនើបអ៊ីអនម៉លទី ១ ឲ្យអត្តពលិកព្រមទាំងអ្នកសារព័ត៌មាន និង អ្នកកីឡាទស្សនាដោយមិនគិតថ្លៃ ហើយនៅថ្ងៃទី ៤ ខែមីនាភាពយន្ដនេះនឹងបើកសម្ពោធជាផ្លូវការនៅរោងភាពយន្ដផ្សារទំនើបអ៊ីអនម៉លទី ១ ដដែល ដោយមានការចូលរួមពីលោក ថោង ខុន ប្រធាន NOCC លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកជំទាវជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
លោក Manis Sharma បានបន្ថែមថា៖ «តាមកិច្ចព្រមព្រៀងជាមួយ NOCC យើងនឹងបន្តទៅផលិតភាពយន្តបែបនេះជាមួយកីឡាករ កីឡាការិនីល្បីៗជាម្ចាស់មេដាយមាសលើប្រភេទផ្សេងៗទៀតដែលស្តីពីជីវិតពិត និងការតស៊ូមុននឹងទទួលបានលទ្ធផលល្អ ព្រោះការផលិតភាពយន្ដបែបនេះជាការងារមនុស្សធម៌មួយក្នុងកីឡាដោយធ្វើឲ្យអត្តពលិកឆ្នើមៗរបស់កម្ពុជានិយមចូលចិត្តគាំទ្រ ហើយទទួលបានផលប្រយោជន៍ច្រើនផងដែរ»។
លោកបន្តថាបន្ទាប់ពីចំណាយពេលបញ្ចាំង ២ ខែនៅកម្ពុជានោះ ភាពយន្ដនេះ នឹងយកទៅបញ្ចាំងនៅប្រទេសក្នុងតំបន់អាស៊ានដូចជាឡាវ ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី បន្ទាប់មកយកទៅបញ្ចាំងនៅអាមេរិក និងអឺរ៉ុបថែមទៀត។ នេះជាខ្សែភាពយន្ដប្រភេទ 2D ហើយសំបុត្រទស្សនាបានដាក់លក់តម្លៃត្រឹម ៤ ដុល្លារ និង ២ ដុល្លារសម្រាប់សិស្សនិស្សិត ចំណែកមនុស្សសំខាន់ (VIP) គឺតម្លៃ ១០ ដុល្លារ។
គួររំឭកថាកីឡាការិនី នី សំណាង បានចូលហ្វឹកហាត់តាំងពីកុមារភាព និងជាប់ជាកីឡាការិនីចំបាប់ជម្រើសជាតិនៅឆ្នាំ ២០១០ ហើយនៅឆ្នាំ ២០១៣ សំណាង បានឈ្នះមេដាយមាស ស៊ីហ្គេម នៅមីយ៉ាន់ម៉ា និងឈ្នះមេដាយកម្រិតអន្តរជាតិជាច្រើនទៀត ប៉ុន្តែនៅឆ្នាំ ២០១៧ សំណាង បានឈប់ពីក្រុមជម្រើសជាតិចំបាប់ដោយបញ្ហារបួសដៃមិនអាចបន្តអាជីពបានហើយ សំណាង មានស្វាមីជាកីឡាករជម្រើសជាតិ គឺ ងួន មករា ដែលត្រៀមប្រកួតស៊ីហ្គេមក្នុងទម្ងន់ ៧៤ គីឡូក្រាមនៅឆ្នាំ ២០១៩ នេះផងដែរ៕