ភ្នំពេញៈ ក្រុម​គិរីវង់​សុខសែន ជ័យ បាន​បង្ហាញ​ភាព​សប្បាយរីករាយ​ខ្លាំង ចំពោះ​ការទទួល​បាន​ឱកាស​ទៅលើ​កំពូល​តារាង​នៃ​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ខណៈ​ក្រុម​មួយ​នេះ​បាន​ខកខាន​ឈរ​នៅ​ទីតាំង​មួយ​នេះ​អស់​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មក​ហើយ​នោះ ប៉ុន្តែ​ក្រុម​វិសាខា​ដែល​គេ​មើល​ឃើញ​ថា បាន​ចាយលុយ​ច្រើន ដើម្បី​ពង្រឹង​គុណភាព​លេង និង​ធនធាន​កីឡាករ​នោះ មិន​អាច​រក​បាន ​៣ ​ពិន្ទុ​នៅ​ថ្ងៃ​បើក​ឆាក​ឡើយ​។

លោក ផាន់ ចាន់ផាត គ្រូបង្វឹក​ក្រុម​គិរីវង់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​យើង​ធ្លាប់​បាន​ឈរ​នៅ​កំពូល​តារាង​បាន​ម្តង​កាល​ឆ្នាំ​ ២០០៩ ប៉ុន្តែ​ក្រោយៗ​មក​ទៀត​យើង​មិន​ធ្លាប់​ទៀត​នោះ​ទេ អ៊ីចឹង​ការឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​លើក​នេះ​បាន​ធ្វើឲ្យ​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៅ​ខេត្ត​តាកែវ​មាន​ការអបអរ​ខ្លាំង​»​។

សម្រាប់​ការប្រកួត​បើកឆាក​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ នេះ​ក្រុម​គិរីវង់​បាន​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៤-១ ប៉ុន្តែ​លោក ចាន់ផាត គិត​ថា​គិរីវង់​នឹង​កាន់តែ​មាន​ការលំបាក​សម្រាប់​ការប្រកួត​ក្រោយៗ​ទៀត​។ លោក​និយាយ​ថា​៖ «​យើង​ធ្វើ​បាន​ល្អ​ច្រើន​ហើយ ប៉ុន្តែ​យើង​ត្រូវ​បង្កើន​សមត្ថភាព​បន្ថែម​ទៀត ព្រោះ​ការប្រកួត​ក្រោយៗ​ទៀត​វា​នឹង​មាន​ការលំបាក​ជាង​ពេល ដែល​យើង​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី​លើក​នេះ​»​។

ដោយឡែក​ក្រុម​វិសាខា​មិនអាច​បង្ហាញ​ភាពខ្លាំង​សម្រាប់​ការប្រកួត​បើកឆាក នៅ​លើ​ទឹកដី​ខ្លួនឯង​នោះ​ទេ ខណៈ​ពួកគេ​បាន​ត្រឹម​ស្មើ​ក្រុម​សូលទីឡូអង្គរ​ក្នុង​លទ្ធផល ០-០ នោះ ហើយ​លទ្ធផល​នេះ​ត្រូវ​បាន​លោក ហុក សុជីវ័ន មើល​ឃើញ​ថា​មកពី​តំបន់​ប្រយុទ្ធ​របស់​ក្រុម​វិសាខា​លេង​មិន​ទាន់​មាន​ភាពស៊ីចង្វាក់​គ្នា​។

លោក ហុក សុជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា​បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ទម្រង់​នៃ​ការលេង​នៅ​តំបន់​ការពារ​របស់​យើង​គឺ​យើង​ធ្វើ​បាន​ល្អ​ច្រើន ប៉ុន្តែ​ការលេង​នៅ​តំបន់​ប្រយុទ្ធ​របស់​យើង​មិន​សូវ​ស៊ីចង្វាក់​គ្នា​ទេ​គឺ​នៅ​ស្ទើរ​នៅឡើយ​។ ពេល​ខ្លះ​គាត់​ធ្វើ​បាន តែ​ការសម្រេច​ទី​ចុងក្រោយ​ទី​ចុងក្រោយ​គឺ​មិន​បាន​ដូច​អ្វី​ដែល​យើង​ចង់​បាន​»​។

ចំណែក​ក្រុម​ម្ចាស់​ជើងឯក ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ត្រឹម ១-០ ទាំង​លំបាក ហើយ​ក្រុម​ជើងឯករង​បឹងកេត​ក៏​បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ៣-២ ទាំង​ភិតភ័យ​ផងដែរ​។ រីឯ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​បាន​យក​ឈ្នះ​ក្រុម​ប៉ូលិស​ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ២-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខរៀង​ទី​ ២ ជា​បណ្តោះអាសន្ន​។

ផ្ទុយ​ពី​នេះ​ក្រុម​ក្រសួង​ការពារជាតិ (​ទ័ព​) ដែល​រំពឹង​ទទួល​បាន​ ៣ ​ពិន្ទុ​ក្នុង​ការប្រកួត​បើកឆាក​នេះ​ក៏​ទទួល​បាន​ការខកចិត្ត​ដូច​ក្រុម​វិសាខា​ផង​ដែរ ខណៈ​ពួកគេ​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អង្គរថាយហ្គឺរ​នោះ ប៉ុន្តែ​ក្រុម​ចំណូល​ថ្មី ខ្ចី​បទពិសោធ​របស់​ខេត្ត​កំពង់ចាម​បែរ​ជា​អាច​យក​ឈ្នះ​ក្រុម​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ១-០ ដើម្បី​ទទួល​បាន​ ៣ ​ពិន្ទុ សម្រាប់​ការបង្ហាញ​ខ្លួន​លើក​ទី​ ១ ​របស់​ពួកគេ​៕