ភ្នំពេញ: អត្តពលិកគុនដាវកម្ពុជាដណ្ដើមបានមេដាយចំនួន ៥ ដែលរួមមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៤ ពីព្រឹត្តិការណ៍នៃការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីដែលមានឈ្មោះថា Asian Varsity Fencing Championship លើកទី ១៧ នៅប្រទេសសិង្ហបុរី។
ក្រុមអត្តពលិកបានវិលមកដល់មាតុភូមិវិញកាលពីយប់ថ្ងៃអង្គារ ដោយបាននាំយកនូវមេដាយគួរឲ្យកោតសរសើរក្រៃលែងមកកាន់មាតុភូមិរបស់ខ្លួន។
បើតាមការឲ្យដឹងពីមន្ត្រីព័ត៌មាន សហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ៩ នាក់ទៅចូលរួមប្រកួត ហើយបេសកកម្មនេះបានបញ្ចប់ដោយទទួលបានលទ្ធផលឈ្នះមេដាយតាមសមត្ថភាព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធផ្ទាល់ ក៏ដូចជាមានការយកចិត្តទុកដាក់ពីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
លោកសុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា៖ «ព្រឹត្តិការណ៍នេះបានធ្វើឡើងរយៈពេលចំនួន ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែមិថុនា ឆ្នាំ ២០១៨ ដោយមានក្រុមកីឡាករ-កីឡាការិនីតំណាងមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ១៩ ចូលរួម ក្នុងនោះ ក៏មានវត្តមានអត្តពលិកកម្ពុជាចំនួន ៩ នាក់ កីឡាការិនី ៣ នាក់ និងប្រុស ៦ នាក់ផងដែរ។
លទ្ធផលពីការប្រកួត កម្ពុជាទទួលបានមេដាយប្រាក់ ១ សំរឹទ្ធ ៤ ខណៈដែលនេះជាសមិទ្ធផលដ៏ល្អមួយសម្រាប់កីឡាគុនដាវកម្ពុជា ដែលទើបមានការរីកចម្រើនប្រមាណជាង ១ ឆ្នាំចុងក្រោយនេះ។
លោកសុខ អាង បានប្រាប់បន្តថា៖ «ការចូលរួមប្រកួតលើកនេះ ហើយមូលហេតុដែលយើងមិនទទួលបានមេដាយមាស គឺដោយសារការត្រៀមរបស់យើងមិនបានល្អ កម្រិតបច្ចេកទេសយើងនៅចាញ់អត្តពលិកមកពីសិង្ហបុរី។ យើងមិនអាចស្មាន វាយតម្លៃកម្រិតបច្ចេកទេសអត្តពលិកគេបានទេ ពីព្រោះកីឡាករជម្រើសជាតិរបស់សិង្ហបុរី តំណាងឲ្យសាកលវិទ្យាល័យមួយចូលរួមនោះ មានសមត្ថភាពល្អជាងយើងឆ្ងាយណាស់»។
លោកបានបញ្ជាក់ឲ្យដឹងថា៖ «ដោយហេតុនេះ ទើបធ្វើឲ្យកីឡាករកម្ពុជាទទួលបានត្រឹមមេដាយប្រាក់បន្ទាប់ពីប៉ះកីឡាករជើងខ្លាំងសិង្ហបុរីនៅវគ្គផ្ដាច់ព្រ័ត្រ»។
លោកសុខ អាង បានឲ្យដឹងថា៖ «ទោះជាយ៉ាងណា នេះគឺជាបទពិសោធមួយដ៏ល្អសម្រាប់កម្ពុជា ដើម្បីត្រៀមបន្ដចូលរួមប្រកួតលើឆាកអន្ដរជាតិនានាពេលក្រោយទៀត។ រយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ កីឡាករ-កីឡាការិនីគុនដាវកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ដែលអាចប្រកួតប្រជែងកម្រិតតំបន់បាន»។
លោកបានប្រាប់បន្ថែមទៀតថា៖ «ប៉ុន្តែ បើធៀបនឹងអត្តពលិករបស់សិង្ហបុរី យើងនៅមានគម្លាតឆ្ងាយពីគ្នានៅឡើយ ពីព្រោះសិង្ហបុរីមានកីឡាករច្រើន ដែលឈានដល់ការប្រកួតអូឡាំពិកទៅហើយ ដែលយើងត្រូវទទួលស្គាល់ពីសមត្ថភាពរបស់ពួកគេ»។
គួររំឭកថា មេដាយដែលអត្តពលិកកម្ពុជាដណ្ដើមបានពីព្រឹត្តិការណ៍កម្រិតអាស៊ីខាងលើ នឹងទទួលបានប្រាក់រង្វាន់តាម ប្រកាសអន្តរក្រសួង ហើយចំណែកឯវិញ្ញាសាបុរសដាវតូចជាក្រុម បានទៅកីឡាករ ជឹម ធារ៉ា, ឃឹម សាមាន, ថុង តាំងជីន និងកីឡាករសំ សិទ្ធិបញ្ញា ដែលឈ្នះបានមេដាយប្រាក់។
សម្រាប់ការប្រកួតលើវិញ្ញាសានារីដាវធំជាក្រុម កីឡាការិនីយី លីហ្សា, ជុំ សុវណ្ណារ៉ុង និងកីឡាការិនីរៀម ចាន់ដារ៉ារស្មី បានរួមគ្នាឈ្នះមេដាយសំរឹទ្ធចំនួន។ ដោយឡែក ក្នុងការប្រកួតលើវិញ្ញាសានារីដាវកាប់ជាក្រុមមាន កីឡាការិនី យី លីហ្សា, ជុំ សុវណ្ណារ៉ុង និងកីឡាការិនីរៀម ចាន់ដារ៉ារស្មី ឈ្នះបានមេដាយសំរឹទ្ធ។
មេដាយសំរឹទ្ធ ២ គ្រឿងទៀតដណ្ដើមបានលើវិញ្ញាសាឯកត្តជនដាវធំ ដោយកីឡាករឃឹម សាមាន និងវិញ្ញាសាក្រុមដាវធំ ដែលរួមមានកីឡាករឃឹម សាមាន, ជឹម ធារ៉ា, ថុង តាំងជីន និងសំ សិទ្ធិបញ្ញា៕