
សកម្មភាពប្រយុទ្ធរបស់កីឡាករគុនដាវនៅថ្ងៃបិទការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ។ យឺន ពន្លក
ភ្នំពេញ: សហព័ន្ធកីឡាគុនដាវកម្ពុជា បានបិទការប្រកួតជម្រើសជើងឯកជាតិប្រចាំឆ្នាំ ២០១៨ នៅលើទីលានសាលារៀនឯកជននៃកីឡដ្ឋានវេស្ទើន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយអូសបន្លាយរហូតដល់ពេលយប់។
ជាមួយគ្នានេះ លោកសុខ អាង ដែលគ្រប់គ្រងការប្រកួត មានទស្សនៈថា ការប្រកួតមានភាពប្រសើរជាងមុន ព្រមទាំងមានសិស្សានុសិស្សចូលទស្សនាច្រើន ប៉ុន្តែខ្វះការចូលរួមជាកិត្តិយសរបស់ថ្នាក់ដឹកនាំកីឡាដើម្បីធ្វើជាអ្នកមុខអ្នកការ ឬគណៈអធិបតី ខណៈការប្រកួតដែលចំណាយថវិកាជាតិមានការយកចិត្តទុកដាក់តិចតួចពីមន្ត្រីជាន់ខ្ពស់ ជាងការប្រកួតកីឡារបស់វិស័យឯកជន។
លោកសុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីព្រឹក ម្សិលមិញថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៨ នេះ មានកីឡាករ-កីឡាការិនីចូលរួមជាក់ស្តែង គ្មានកីឡាករខ្មោច ឬមន្ត្រីខ្មោចទេ សរុបមានចំនួន ៦៥ នាក់ក្នុងនោះ ស្ត្រីមាន ១៣ នាក់ ដែលពួកគាត់មកពីក្លិបចំនួន ៥ មានក្លិបហូសាណា ក្លិបអ៊ីសា ក្លិបវេស្ទើន ក្លិបសន្ធរម៉ុក និងក្លិបនរាមកពីខេត្តសៀមរាប»។
លោកសុខ អាង បានបញ្ជាក់ថា៖ «ការប្រកួតជម្រើសថ្នាក់ជាតិប្រចាំឆ្នាំដែលប្រើប្រាស់ថវិការាជរដ្ឋាភិបាលតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០១៨ នេះ ទទួលបានលទ្ធផលប្រសើរជាងមុនៗ ហើយការជ្រើសរើសយកទីលានសាលារៀនឯកជន គឺកីឡដ្ឋានវេស្ទើន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញនេះគឺក្នុងគោលបំណងឲ្យមានសិស្សសាលាចូលទស្សនាបានច្រើន និងអាចនឹងទាក់ទាញពួកគេឲ្យចាប់អារម្មណ៍ផ្នែកកីឡាគុនដាវនេះផងដែរ»។
លោកបន្តថា៖ «ជាលទ្ធផលការប្រកកួតមានអ្នកទស្សនាច្រើនបំផុត បើធៀបទៅនឹង ប្រភេទកីឡាខ្លះដែលប្រកួត ប្រើប្រាស់ថវិកាក្រសួង ប៉ុន្តែគ្មានអ្នកចូលទស្សនា»។
ទោះបីជាយ៉ាងនេះក្តី សកម្មភាពប្រកួតបានល្អ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនមានវត្តមានចូលរួមទេ ដែលការអវត្តមាននោះអាចមានន័យថា ការឲ្យតម្លៃការប្រកួតថ្នាក់ជាតិ និងការចំណាយលុយជាតិ ស្ថិតក្នុងកម្រិតទាបពីមន្ត្រីទាំងនោះ ពោលគឺឲ្យតម្លៃចមិនស្មើទៅនឹងការប្រកួតប្រដាល់ឯកជនមួយផង ខណៈមន្ត្រីរបស់ ក្រសួង ឬសហព័ន្ធប្រជែងគ្នាទៅដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លោកសុខ អាង បានបបន្ថែមថា លោកបានអញ្ជើញខាងអគ្គនាយកកីឡា ឬតំណាងក្រសួង ហើយមានការឆ្លើយតបថា នឹងមានវត្តមានលោកម៉ិល កាដូ អគ្គនាយករងកីឡាចូលរួម ហើយមានការអញ្ជើញខាងគណៈកម្មាធិការជាតិអូឡាំពិកដែរ ប៉ុន្តែគ្មានអ្នកមកចូលរួមសោះ។
លោកសុខ អាង ដែលមានជំនាញផ្នែកច្បាប់កីឡាផងនោះ មានទស្សនៈចង់ឲ្យមានការកែទម្រង់ តាមរយៈការលើកឡើងថា៖ «កីឡាគួរតែកែទម្រង់ចាស់ៗ ដែលមានភាពសាំញ៉ាំ ស្មុគស្មាញ ឬរបបដឹកនាំបែបអញនិយមនោះចោលខ្លះទៅ»។
ក្នុងនោះដែរ លោកបញ្ជាក់ថា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបាន លទ្ធផលល្អគួរតែគ្រប់សហព័ន្ធកីឡាជាតិរកគ្រូបង្វឹកជំនាញមកពីបរទេសជួយ។
ចំណែកលទ្ធផលជាផ្លូវការ វិញ្ញាសាឯកត្តជនកាប់ដាវនារី មេដាយមាស បានទៅលើកីឡាការិនីសន និច មកពីក្លិបសន្ធរម៉ុក។ មេដាយប្រាក់បានទៅលើកីឡាការិនីយី លីហ្សា មកពីក្លិបហូសាណា។ មេដាយសំរឹទ្ធ បានទៅកីឡាការិនី ឆាយ លិនលីមកពីក្លិបសន្ធរម៉ុក និងមេដាយសំរឹទ្ធស្ទួន បានទៅវ៉ាន់ វីត្រា មកពីក្លិបហូសាណា។
វិញ្ញាសាឯកត្តជនកាប់ដាវបុរស មេដាយមាសបានទៅសារឿន សនុ មកក្លិបសន្ធរម៉ុកខណៈមេដាយប្រាក់បានទៅជន ចម្រុង ក្លិបហូសាណា មេដាយសំរឹទ្ធបានទៅកីឡាករសំ សិទ្ធិបញ្ញា មកពីក្លិបសន្ធរម៉ុក ហើយលេខ ៣ ស្ទួនបានទៅលើមាស គឹមឡេង ក្លិបហូសាណា៕