ក្រុងដុយណេដាំង៖ អ្នកគាំទ្រជាង ២ ម៉ឺននាក់ បានធ្វើជាសាក្សីដល់ការប្រកួតបាល់ឱបដែលក្រុម Otago Highlanders ឈ្នះក្រុម Waikato Chiefs យ៉ាងប្រកៀកប្រកិត ២៨-២៧ កាលពីថ្ងៃសៅរ៍ ខណៈប្រទេសនូវែលសេឡង់ ស្វាគមន៍ការវិលវិញរបស់វិស័យកីឡាដ៏សំខាន់របស់ជាតិ ក្រោយកើតមានវិបត្តិវីរុសកូរ៉ូណា។
ក្នុងនាមជាការប្រកួតកីឡាមួយដំបូងគេ ដែលគ្មានកម្រិតទស្សនិកជននោះ ពិតជាមិនបានធ្វើឲ្យអ្នកចូលរួមខកបំណងឡើយ ក្រោយក្រុមទាំង ២ ធ្វើបានល្អដូចគ្នា បើទោះជាចុងក្រោយកីឡាករក្រុម Highlanders គឺ Bryn Gatland ជាអ្នកធ្វើឲ្យក្រុម Chiefs ចាញ់ទាំងមិនអស់ចិត្តត្រឹមតែ ១ ពិន្ទុក៏ដោយ។
កម្មវិធីប្រកួតបាល់ឱប Super Rugby Aotearoa កាលពីចុងសប្ដាហ៍នេះ ត្រូវបានធ្វើឡើងក្នុងបរិយាកាសយ៉ាងអ៊ឹកធឹក នៅឯកីឡដ្ឋាន Forsyth Barr ពោលគឺត្រឹមតែ ៦ ថ្ងៃ ក្រោយប្រទេសនូវែលសេឡង់ បានប្រកាសថា ខ្លួនគ្មានជំងឺកូវីដ ១៩ ទៀតទេ ហើយបានលុបចេញនូវច្បាប់រឹតបន្តឹងដែលមិនឲ្យមានការជួបជុំគ្នា ក្នុងលក្ខណៈទ្រង់ទ្រាយធំ។
អ្នកគាំទ្រម្នាក់ឈ្មោះ Jordan បាននិយាយប្រាប់ AFP ថា៖ «ការពិតការដែលអាចមកមើលការប្រកួតបាល់ឱបនេះ ក្រោយការឃាំងខ្លួននៅតែក្នុងផ្ទះ ពួកយើងបានធ្វើដំណើរលើផ្លូវវែងឆ្ងាយមួយ តាំងពីមានជំងឺកូវីដ ១៩។ ខ្ញុំគិតថា នូវែលសេឡង់ ធ្វើបានល្អគួរសម»។
ប្រធានក្រុម Highlanders កីឡាករ Ash Dixon និយាយថា៖ «ខ្ញុំមិនគិតទាល់តែសោះថា វាអាចកើតឡើងបែបហ្នឹងបាន។ វាមិនមែនជាការប្រកួតដ៏ល្អឥតខ្ចោះនោះទេ តែយើងរីករាយដែលបានប្រកួតទល់ក្រុមមានគុណភាពដូច Chiefs នេះ»។
សម្រាប់អ្នកគាំទ្រគ្មានអ្នកណាម្នាក់ពាក់ម៉ាស់នៅនឹងមុខឡើយ។ នូវែលសេឡង់អះអាងថា មានចំនួនអ្នកឆ្លង ១ ១៥៤ ករណី ក្នុងនោះស្លាប់ ២២ នាក់ តែ ២២ ថ្ងៃហើយ គ្មានប្រកាសពីករណីថ្មី៕ AFP/VN