ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានព្យាយាមក្រើនរំឭក និងលើកទឹកចិត្តដល់កូនក្រុម គឺកុំចាត់ទុកការចាញ់ក្រុមវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាអ្វីដែលធ្វើឲ្យពួកគេបាក់ទឹកចិត្ត ប៉ុន្តែត្រូវបង្វែរស្ថានភាពលំបាកទាំងនោះ ទៅជាបទពិសោធក្នុងការជំរុញការលេងរបស់ពួកគេឲ្យបានកាន់តែល្អ ដើម្បីយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងការប្រកួតដណ្តើមយកលេខ ៣ នៅពហុកីឡដ្ឋាន Rizal Memorial នារសៀលម៉ោង ៣ ថ្ងៃអង្គារនេះ គឺមុនពេលការប្រកួតផ្តាច់ព្រ័ត្រ រវាងវៀតណាម និងឥណ្ឌូនេស៊ី។
លោក Felix Dalmas បាននិយាយទៅកាន់កូនក្រុមនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ក្រោយចាញ់វៀតណាម ៤-០ ថា៖ «យើងត្រូវធ្វើការផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯង ហើយសម្រាប់លទ្ធផលតាំងពីយើងធ្វើបានកន្លងមក ខ្ញុំគិតថា ពួកយើងធ្វើបានល្អ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវផ្លាស់ប្តូរពីការស្រេកឃ្លាន និងមហិច្ឆតា ដែលយើងចង់រីកចម្រើនឲ្យបានល្អប្រសើរជាងនេះ»។
លោកបានបន្ថែមថា៖ «ខ្ញុំសប្បាយចិត្ត បើពួកយើងមានការរីកចម្រើនជាងនេះ ព្រោះពួកយើងនៅក្មេង ដែលមានពេលវេលានៅវែងឆ្ងាយទៀត ហើយអ្វីដែលយើងបានជួបប្រទះនៅក្នុងការប្រកួតកន្លងមកនេះ វាជាបទពិសោធដ៏ល្អសម្រាប់ពួកយើង បើសិនជាពួកយើងចេះចាប់យកផលចំណេញពីការប្រកួត ដែលមានស្ថានភាពស្វិតស្វាញបែបនេះបាន។ សូមកុំបោះបង់វាចោល គឺយើងត្រូវគិតមើលថា តើយើងបានធ្វើអ្វីខ្លះ និងរកចំណុចខ្វះខាត ដើម្បីធ្វើយ៉ាងម៉េចឲ្យវាបានល្អប្រសើរជាងហ្នឹង»។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមលេង ១ មកពីពូល B វៀតណាម កាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ ក្រុមកម្ពុជាបានប្រឹងប្រែងលេងយ៉ាងខ្លាំង ដើម្បីវាយបកតបតទៅជាមួយក្រុមមានទម្រង់លេងល្អវៀតណាម ប៉ុន្តែពួកគេមិនអាចទម្លុះរបាំងការពារដ៏រឹងមាំរបស់វៀតណាម ដើម្បីរកបានគ្រាប់បាល់នោះទេ។ ផ្ទុយទៅវិញ វៀតណាមរកបាន ៣ គ្រាប់ នៅក្នុងតង់ទី ១ និងរកបាន ១ គ្រាប់ទៀត នៅនាទីទី ៦៩ មុនពេល កែវ សុខផេង ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ មិនបានសម្រេចនៅក្នុងនាទីបន្ថែម។
ការបរាជ័យនេះ បានធ្វើឲ្យក្រុមកម្ពុជា នៅសល់ឱកាសត្រឹមដណ្តើមយកលេខ ៣ ឬមេដាយសំរឹទ្ធ ជាមួយក្រុមមីយ៉ាន់ម៉ា ដែលបានចាញ់ក្រុមឥណ្ឌូនេស៊ី ៤-២ ក្នុងការប្រកួត ដែលមានរយៈពេលរហូតដល់ ១២០ នាទី ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រនោះដែរ ហើយការជួបគ្នានេះ ក៏ជាពេលដែលកម្ពុជាអាចជួបក្រុមមីយ៉ាន់ម៉ាជាថ្មី ដូចការរំពឹងផងដែរ ខណៈជំនួបនៅវគ្គជម្រុះក្នុងពូល មីយ៉ាន់ម៉ា បានយកឈ្នះកម្ពុជា នៅចុងម៉ោង ២-១ ដើម្បីទទួលបានលេខ ១ ប្រចាំពូល A។
យ៉ាងណាក៏ដោយ សម្រាប់ការជួបគ្នាលើកនេះ លោក Felix ពិតជាចង់ឃើញកូនក្រុមរបស់លោកលេងដោយមានទំនុកចិត្តក្នុងការយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ដើម្បីទទួលបានមេដាយសំរឹទ្ធត្រឡប់ទៅផ្ទះវិញ ហើយក៏ដើម្បីបានកត់ត្រា ចំពោះការឈ្នះមេដាយពីស៊ីហ្គេម ជាលើកដំបូងផងដែរ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix បាននិយាយនៅចំពោះមុខកូនក្រុមថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងលេងអស់ពីសមត្ថភាព និងជម្នះគ្រប់បែបយ៉ាងរបស់ពួកយើង ហើយក្រៅពីលទ្ធផល ខ្ញុំគិតថា ពួកយើងបានធ្វើឲ្យប្រទេស កម្ពុជា មានមោទនភាព ដូច្នេះសម្រាប់ការប្រកួតក្រោយនេះ យើងនឹងមានការរីកចម្រើនជាងនេះ និងអាចដណ្តើមបានមេដាយត្រឡប់ទៅផ្ទះវិញ»៕