ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិម៉ុងហ្គោលី នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍នេះ ហើយគ្រូបង្វឹករបស់ក្រុមទាំង ២ សុទ្ធតែរំពឹងទទួលបានផលប្រយោជន៍ពីការប្រកួតមិត្តភាពអន្តរជាតិនេះ ដើម្បីពង្រឹងសមត្ថភាពកូនក្រុមរៀងៗខ្លួន សម្រាប់ត្រៀមបន្តការប្រកួតជម្រុះជុំទី ២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ជាមួយក្រុមហុងកុង និងមីយ៉ាន់ម៉ា នៅក្រៅទឹកដីដូចគ្នា។
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកក្រុមម៉ុងហ្គោលី ថា មានភាពស្រដៀងគ្នាទៅនឹងក្រុមជម្រើសជាតិហុងកុង ដែលក្រុមកម្ពុជា នឹងត្រូវធ្វើដំណើរទៅជួប នៅថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខនេះ ខណៈការប្រកួតជើងទី ១ ក្នុងទឹកដី កម្ពុជា បានស្មើ ១-១ ជាមួយក្រុមហុងកុង។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា៖ «ម៉ុងហ្គោលី គឺជាក្រុម ដែលមានភាពស្រដៀងគ្នាទៅនឹងហុងកុង ដូច្នេះការប្រកួតជាមួយក្រុមម៉ុងហ្គោលី លើកនេះ វានឹងក្លាយជាការរៀបចំដ៏ល្អសម្រាប់យើង ហើយយើងសង្ឃឹមថា យើងនឹងលេងទៅតាមប្រព័ន្ធ និងទម្រង់របស់យើង ព្រោះពួកគេពិតជាគូប្រជែងដ៏ល្អសម្រាប់យើង»។
លោក Felix បានបន្ថែមថា៖ «នេះជាការប្រកួតក្នុងដីលើកចុងក្រោយ ដូច្នេះខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងមកចូលរួមគាំទ្រ។ កីឡាកររបស់យើង កំពុងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីអនុវត្តបានល្អ និងបង្កើតឲ្យមានការប្រកួតដ៏ល្អមួយផងដែរ ហើយការលេងនៅក្នុងដីរបស់យើង នឹងជួយឲ្យយើងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ជុំវិញការទទួលបាននូវថាមពល និងកម្លាំងចិត្ត ហេតុនេះយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យអ្នករីករាយ។ យើងត្រូវតែរួមគ្នា ហើយយើងនឹងយកថាមពលទាំងនេះ ទៅប្រកួតជាមួយក្រុមហុងកុង ផងដែរ»។
ចំណែកគ្រូបង្វឹកជម្រើសជាតិម៉ុងហ្គោលី លោក Michael WeiB បានចាត់ទុកការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ថាជាពេលវេលាដ៏ល្អសម្រាប់ក្រុមរបស់លោក ក្នុងការទទួលបានទាំងបទពិសោធ ពិសេសអាចសម្របខ្លួនបានល្អ ទៅនឹងសីតុណ្ហភាព នៅតំបន់អាស៊ាននេះ មុនពេលក្រុមម៉ុងហ្គោលី ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខនេះ។
លោក Michael WeiB បានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា៖ «ពេលនេះ នៅម៉ុងហ្គោលី មានសីតុណ្ហភាពដក ២០ អង្សាឯណោះ ហើយក្នុងស្ថានភាពនេះ កីឡាកររបស់យើងអាចហ្វឹកហាត់បាន ប៉ុន្តែក៏មានបញ្ហាជាច្រើនផងដែរ សម្រាប់ពួកយើង ពេលលេងជាមួយក្រុមមីយ៉ាន់ម៉ា អ៊ីចឹងហើយការប្រកួតមិត្តភាពជាមួយកម្ពុជា លើកនេះ គឺយើងបានហ្វឹកហាត់ក្នុងសីតុណ្ហភាពក្ដៅល្មម ដែលស្ថានភាពបែបនេះ ធ្វើឲ្យយើងអាចសម្របខ្លួនបានល្អ មុនទៅជួបក្រុមមីយ៉ាន់ម៉ា»។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ បានបន្ថែមថា៖ «ការហ្វឹកហាត់យូរថ្ងៃនៅកម្ពុជា បានជួយយើងច្រើន ហើយម្យ៉ាងទៀត ជម្រើសជាតិកម្ពុជា គឺជាក្រុមខ្លាំងមួយពេលពួកគេលេងក្នុងទឹកដីខ្លួនឯង ដែលមានអ្នកគាំទ្រច្រើន អ៊ីចឹងហើយយើងនឹងលេងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតជាមួយក្រុមកម្ពុជា ដែលមានអ្នកគាំទ្រច្រើនបែបនេះ»៕