ភ្នំពេញ៖ អតីតប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូនិងជាគ្រូបង្វឹកកីឡាប្រភេទប្រយុទ្ធនៅញូវយ៉កសហរដ្ឋអាមេរិក លោក សេង ប៊ុនសុង បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ ប៉ុន្តែត្រូវដាក់ឱ្យជាប់ក្នុងចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅរាជធានីភ្នំពេញ។
ការវិលត្រឡប់មកមាតុប្រទេសវិញនេះគឺតាមគម្រោងរបស់លោក ប៊ុនសុង ដែលបានសន្យាថាឆាកជីវិតចុងក្រោយ លោកចង់មកបញ្ចេញសមត្ថភាពជាគ្រូបណ្តុះបណ្តាល និងផ្តល់នូវចំណេះដឹងឱ្យកូនខ្មែរក្នុងគោលបំណងបានចូលរួមសកម្មភាពកីឡាដើម្បីបម្រើជាតិមាតុភូមិ។
ជាមួយនឹងផែនការចូលរួមក្នុងវិស័យកីឡានេះ លោក សេង ប៊ុនសុង ធ្លាប់បានមកកម្ពុជាកាលឆ្នាំ ២០១៦ ម្តង គឺចំពេលកម្ពុជា រៀបចំការប្រកួតកីឡាជាតិលើកទី១ ប៉ុន្តែការពន្យារពេលមកកម្ពុជា មកដល់ពេលនេះដោយសារលោកមិនទទួលបានការឯកភាពពីគ្រួសារ។ ទោះយ៉ាងណា មកដល់បច្ចុប្បន្នលោកបានសម្រេចចិត្តមករស់នៅមាតុភូមិតែម្តង ដើម្បីមានឱកាសធ្វើសកម្មភាពកីឡាបានពេញលេញតាមសមត្ថភាព និងជំនាញដែលលោកមាន។
លោក សេង ប៊ុនសុង បានប្រាប់តាមទូរស័ព្ទថា៖ «ខ្ញុំបានមកដល់រាជធានីភ្នំពេញតាំងពីព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ ឥឡូវកំពុងជាប់ធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃសិន ហើយបន្ទាប់មកខ្ញុំនឹងចាប់ផ្តើមទំនាក់ទំនងការងារជាមួយថ្នាក់ដឹកនាំកីឡាដើម្បីមានឱកាសបម្រើជាតិតាមរយៈកីឡាដែលខ្ញុំមានជំនាញជាគ្រូក្បាច់គុននិងផ្តល់ជំនាញកីឡាប្រយុទ្ធនេះជូនកូនខ្មែរជំនាន់ក្រោយៗ»។
លោកបន្តថា៖ «ខ្ញុំរស់នៅសហរដ្ឋអាមេរិកជាង ៤០ ឆ្នាំ ហើយក្រៅពីរកស៊ីខ្ញុំជាគ្រូបង្វឹកកីឡាហាប់គីដូ និងបង្វឹកប្រភេទកីឡាប្រយុទ្ធដទៃទៀតដូចគុនចម្រុះជាដើ់ម។ ខ្ញុំមានឈ្មោះដែលគេទទួលស្គាល់នៅអន្តរជាតិតែបេះដូងនៅតែតំណាងឱ្យខ្មែរជានិច្ច»។
លោក សេង ប៊ុនសុង បានលម្អិតថា ក្រោយពេលធ្វើចត្តាឡីស័ក ១៤ ថ្ងៃ រួចហើយជំងឺកូវីដ ១៩ នៅកម្ពុជាធូរស្រាលនោះលោកបានសុំការអនុញ្ញាតចូលជួបពិភាក្សាជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងសហព័ន្ធកីឡាជាតិមួយចំនួនដើម្បីសិក្សាពីគំនិតយោបល់ក្នុងការបង្វឹកដល់អត្តពលិកដែលជាកូនខ្មែរឱ្យមានសមត្ថភាពល្អមានបច្ចេកទេសប្រកួតល្អមុននឹងចេញទៅប្រកួតនានាពិសេសលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «លោក សេង ប៊ុនសុង ជាគ្រូធំម្នាក់ដែលមានសមត្ថភាពក្បាច់គុន និងជាអតីតប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបន្ទាប់ពីលោក សាន គឹមស៊ាន។ ខ្ញុំគាំទស្សនៈរបស់លោក ប៊ុនសុង គឺដូចទៅនឹងផែនការយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំស្ថាប័នកីឡានៅកម្ពុជាយើងដោយយើងពេញចិត្ត និងបើកទូឡាយសម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសមានកីឡាករកីឡាការិនីគ្រូបង្វឹកអ្នកជំនាញកីឡាដែលមានសមត្ថភាពល្អពេញចិត្តស្ម័គ្រចិត្តមកចូលរួមគ្នាជួយវិស័យកីឡានៅកម្ពុជា ដើម្បីលទ្ធផលល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣»។
អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «កម្ពុជានៅតែត្រូវការព្រឹទ្ធាចារ្យកីឡាសម្រាប់ជួយជាអ្នកប្រឹក្សាយោបល់។ កាលព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ ២០១៦ លោក សេង ប៊ុនសុង បានមកកម្ពុជា និងពិភាក្សាជាមួយខ្ញុំម្តងពីប្រភេទកីឡាប្រយុទ្ធនេះ ប៉ុន្តែនៅមិនទាន់បានធ្វើអ្វីនៅឡើយ ហើយលើកនេះគាត់សម្រេចមកគឺយើងគាំទ្រ ១០០ ភាគរយ»។
នៅពេលសួរថា តើលោកមានបំណងចូលរួមបោះឆ្នោត ធ្វើជាថ្នាក់ដឹកនាំសហព័ន្ធខ្មែរហាប់គីដូជាថ្មី នៅក្នុងមហាសន្និបាតខាងមុខ ឬយ៉ាងណា? លោក សេង ប៊ុនសុង បញ្ជាក់ថា៖ «ពួកខ្ញុំគ្រាន់តែជាព្រឹទ្ធាចារ្យជួយមើលតិចតួចខ្លះៗតែប៉ុណ្ណោះ គឺទុកឱ្យក្មេងជំនាន់ក្រោយទៅ។ សព្វថ្ងៃយើងនៅមានព្រឹទ្ធចារ្យចាស់ៗមួយចំនួន ដូចជាបងសានគឹមស៊ានលោកអឹងសំរេចលោក ហុង ឈាងគីម និងខ្ញុំមានខ្សែក្រវាត់ ៩ ដាន់និង ១០ ដាន់ ដែលមានវ័យចាស់ៗប៉ុន្តែយើងនៅតែស្រឡាញ់ និងគាំទ្រក្មេងៗជំនាន់ក្រោយ ១០០ ភាគរយ៕