ភ្នំពេញ៖ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​បាន​រៀបចំ​សិក្ខា​សាលា​ ស្តីពី​ការ​រៀបចំ​ផែនការ និង​ទ្រឹស្តី​ហាត់​ហ្វឹកហ្វឺន​របស់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ និង​គ្រូ​បង្វឹក​ថ្នាល ​២០២០ មក​ពី​សហ​ព័ន្ធ​កីឡា​ជាតិ​ចំនួន ​៣៥ នៅ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ដោយ​មាន​​មាន​រយៈពេល ​៤ ​ថ្ងៃ ហើយ​វគ្គ​នេះ ​​ជា​ផែនការ​ប្រចាំ​ឆ្នាំ​ដែល​មាន​លក្ខណៈ​វិវឌ្ឍន៍​ជឿនលឿន​តាម​វិទ្យាសាស្ត្រ​កីឡា ​​ប៉ុន្តែ​បាន​ធ្វើ​​យឺតយ៉ាវ​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​ ដោយ​បញ្ហា​ពន្យារពេល​ប្រមូល​ផ្តុំ ​ព្រោះ​​កូវីដ ​១៩​។

ជំនួប​ក្នុង​វគ្គ​ដែល​មាន​គ្រូ​បង្វឹក​ជា​សិក្ខាកាម​ ​៧៥ ​នាក់ ​និង​គ្រូ​ឧទ្ទេស​ជា​ច្រើន​នាក់​​នោះ​ ត្រូវ​បាន​បាន​បើក​ក្នុង​លក្ខណៈ​ស្ងាត់ៗ​រិត​បន្តឹង​ ​ដោយ​រក្សា​បាន​នូវ​គម្លាត​ ដើម្បី​ការពារ​កូវីដ ​១៩​ ហើយ​អ្នក​ជំនាញ​សំខាន់ៗ​ ដែល​ចូល​ជា​គ្រូ​ឧទ្ទេស​​ក្នុង​វគ្គ​នេះ​មាន​ ​លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​ NOCC​ លោក​ កែវ​ សារ៉េត​ គ្រូ​ជំនាញ​ច្បាប់​កីឡា​ ពិសេស​​ច្បាប់​បាល់​ទាត់ ​លោក​វេជ្ជ​បណ្ឌិត ​ស្តើង ​ជា​ គណៈកម្មការ​ពេទ្យ​អម​ NOCC ​លោក ​ព្រំ​វណ្ណារឿន ​ជំនាញ​ផ្នែក​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក្នុង​កីឡា​ ​លោក​ រ៉ា​ ម៉ា​ ជំនាញ​ផ្នែក​ប្រើប្រាស់​ឧបករណ៍​ជំនួយ​សាច់​ដុំ ​លោក​បណ្ឌិត ​ឃុន ​ម៉ៅ ​ជំនាញ ​ផ្នែក​អាហារូបត្ថម្ភ​សម្រាប់​កីឡាករ កីឡាការិនី ​និង​លោក​ លន់ ​ចន្ទូ ​ជំនាញ​ផ្នែក​សញ្ញា​នៃ​ចិត្តវិទ្យា​កីឡា។

លោក ​ប៉ុន ​សុខ ​នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹង​​ថា​ ​ឆ្នាំ ​២០២០ ​នេះ​ការ​ប្រមូល​​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ ​គឺ​យឺត​ជាង​ផែនការ ​ដោយ​បញ្ហា​ជំងឺ​ឆ្លង​កូវីដ ​១៩ ​ជា​លក្ខណៈ​​សកល​លោក ​ប៉ុន្តែ​ពេល​នេះ​ក្រុម​ជម្រើស​ជាតិ​ ទាំង​​ក្រុម​ធំ ​និង​​ក្រុម​ថ្នាល ​បាន​ប្រមូល​ផ្តុំ​អស់​ហើយ​។ យ៉ាង​ណា​ក៏​ដោយ ​ដើម្បី​ពង្រឹង​សមត្ថភាព​បំប៉ន​បច្ចេកទេស​គ្រូ​បង្វឹក​ឲ្យ​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​នោះ​ យើង​បើក​វគ្គ​សិក្ខាសាលា​នេះ​ ផ្តល់​ជូន​គ្រូ​បង្វឹក​ គ្រូ​ជំនួយ ​៧៥ ​នាក់​ រយៈពេល ​៤ ​ថ្ងៃ​ ដើម្បី​ឲ្យ​ការ​បង្វឹក​របស់​គាត់​ទទួល​បាន​លទ្ធផល​ល្អ ​គុណ​ផល​ល្អ​។​

លោក​ ប៉ុន ​សុខ ​​បាន​បន្ថែម​ថា​៖ ​«គោល​បំណង​សំខាន់​ របស់​មជ្ឈមណ្ឌល​យើង ​គឺ​បណ្តុះបណ្តាល​អត្តពលិក​ជម្រើស​ជាតិ ​ឲ្យ​ទទួល​បាន​ជំនាញ​ពី​គ្រូ​បង្វឹក​នូវ​បទពិសោធ​ ​បច្ចេកទេស​ថ្មី​ៗ​បន្ថែម​ទៀត​ ក្នុង​សម័យ​កីឡា​ទំនើប ​ដោយ​សម្រួច​ទៅ​រក​ព្រឹត្តិការណ៍​កីឡា​ធំៗ​ចំនួន ​២ នៅ​ចំពោះ​មុខ ​គឺ​ការ​​​ឆ្ពោះ​​​ទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ​នៃ​​ការ​ប្រកួត​ស៊ីហ្គេម ​លើកទី​៣១​ នៅ​ប្រទេស​វៀតណាម ​ឆ្នាំ ​២០២១ និង​ត្រៀម​ស៊ីហ្គេម​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​៣២ ​ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​»។​

ចំណែក លោក​ វ៉ាត់​ ចំរើន ​ជា​គ្រូ​ឧទ្ទេស​ផ្នែក​ច្បាប់​កីឡា​ និង​ផែន​ការ​យុទ្ធសាស្រ្ត​ក្នុង​ការ​ដឹក​នាំ​គ្រប់​គ្រង​ ព្រម​ទាំង​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​បាន​ថ្លែង​ថា​ ​គិត​មក​ដល់​បច្ចុប្បន្ន ​​កីឡា​បាន​ឈាន​ និង​វិវឌ្ឍ​មក​ដល់​គោលដៅ ​គឺ​សុខភាព​រាងកាយ ​និង​ការ​អប់រំ ​ហេតុ​នេះ​នៅ​តាម​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​ គួរ​ស្វែក​រក ​ឬ​ភ្ជាប់​ជាមួយ​ខ្សែ​បណ្តោយ​ ជាមួយ​​សហព័ន្ធ​អន្តរជាតិ​តាមរយៈ​គណៈកម្មាធិការជាតិ ​ខណៈ​ដែល​ច្បាប់​ និង​លក្ខខណ្ឌ​ការ​ប្រកួត ​ឬ​ការ​បង្វឹក​ ត្រូវ​បាន​កែ​សម្រួល​តាម​បែប​វិទ្យាសាស្ត្រ​ ក្នុង​នោះ​អូឡាំពិក​កម្ពុជា​មាន​មធ្យោបាយ​ជួយ​សម្រប​សម្រួល​ជូន​។

លោក​បាន​បន្ត​ថា​៖ ​«​នៅ​ក្នុង​ទស្សនៈ​របស់​អូឡាំពិក​អន្តរជាតិ​ គឺ​កីឡា​ឈាន​ទៅ​កាត់​ចោល​ឲ្យ​បាន​នូវ​ហិង្សា​ ឬ​គ្រោះ​ថ្នាក់​ក្នុង​កីឡា​ ដើម្បី​ឆ្ពោះ​ទៅ​រក​សុខភាព​ ការ​អប់​រំ មិត្តភាព​ សហប្រតិបត្តិការ​ និង​សាមគ្គីភាព នៅ​​លើ​ភិភព​លោក​ ហើយ​កីឡា​នៅ​តែ​ប្រែប្រួល​លក្ខខណ្ឌ​កាន់​តែ​ល្អ​​ អ៊ីចឹង​ការ​សិក្សា​ គឺ​នៅ​តែ​ថ្មី​ជា​និច្ច»​៕​​