ក្រុង​ឡុងដ៍៖ អ្នក​ចាត់​ការ​របស់​ក្រុម​ជម្រើស​ជាតិ​វេលស៍ និង​ជា​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​ Manchester United លោក Ryan Giggs ត្រូវ​​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ការ​ធ្វើ​បាប​រាង​កាយ​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​សារព័ត៌មាន​នៅ​ចក្រភព​អង់គ្លេស កាល​ពី​យប់​ថ្ងៃ​ចន្ទ​។​

សហព័ន្ធ​បាល់ទាត់​​ប្រទេស​វេលស៍ (FAW) បាន​ចេញ​សេចក្ដី​ប្រកាស​រៀប​រាប់​ខ្លី​ៗ​ថា៖ «​FAW បាន​ដឹង​ពី​ករណី​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អ្នក​ចាត់​ការ​របស់​ក្រុម​ជម្រើស​ជាតិ គឺ​លោក Ryan Giggs​។ FAW នឹង​មិន​​អធិប្បាយ​អ្វី​បន្ថែម​ទៀត​ឡើយ​ ក្នុង​ខណៈ​ពេល​​​នេះ​»​។

កាសែត​ The Sun បាន​ឱ្យ​ដឹង​ថា ប៉ូលិស​ត្រូវ​គេ​ខល​ប្រាប់​​ឱ្យ​ទៅ​ផ្ទះ​របស់​លោក​ Giggs វ័យ ៤៦ ​ឆ្នាំ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​បង្ក​ការ​រំខាន​មួយ​។ លោក Giggs ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​បទ​សង្ស័យ​ករណី​រំលោភ​​បំពាន និង​ធ្វើ​បាប​រាង​កាយ​។​

The Sun បាន​ដក​ស្រង់​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលិស​នាក្រុង​មេន​ឆេស្ទ័រ ដែល​រៀប​រាប់​ថា​៖ «​ប៉ូលិស​យើង ត្រូវ​បាន​គេ​ខល​មក​ប្រាប់​ កាល​ពី​ម៉ោង ១០:០៥ នាទី​ នា​យប់​ថ្ងៃ​អាទិត្យ​ ពី​ការ​បង្ក​ការ​រំខាន​មួយ។ ស្ត្រី​ម្នាក់​វ័យ​ខ្ទង់​ចន្លោះ ៣០ ​ឆ្នាំ មាន​រង​របួស​តិច​តួច តែ​មិន​ចាំ​បាច់​ទទួល​ការ​ព្យាបាល​ឡើយ​។ បុរស​ម្នាក់​វ័យ ៤៦ ​ឆ្នាំ ត្រូវ​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ការ​បំពារ​បំពាន​លើ​រាង​កាយ​ តាម​មាត្រា​ ៤៧ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ តាម​មាត្រា ៣៩​»​។​

ពេល​នេះ ប្រទេស​វេលស៍ បាន​លុប​ចោល​កម្មវិធី​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​អង្គារ នៅ​ពេល​លោក Giggs ត្រៀម​កំណត់​ឈ្មោះ​កីឡាករ​សម្រាប់​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាមេរិក និង​ត្រៀម​សម្រាប់​ប្រកួត​កម្មវិធី Nations League ទល់​នឹង​ក្រុម​សារ.អៀរឡង់ និង​ហ្វាំងឡង់ នៅ​ចុង​ខែ​នេះ​៕ AFP/VN