ក្រុងម៉ូស្គូ: លោក Zlatko Dalic គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ជឿជាក់​ថា ការ​អស់​កម្លាំង នឹង​មិន​ក្លាយជា​បញ្ហា​សម្រាប់​ក្រុម​របស់​លោក​ឡើយ នៅ​ពេល​ដែល​ពួកគេ​ប៉ះ​ជាមួយ​នឹង​បារាំង ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ផ្តាច់​ព្រ័ត្រ បើ​ទោះបី​ឈាន​ទៅ​ប្រកួត​នៅ​នាទី​បន្ថែម ១៥ នាទី ២ ដង ដើម្បី​ផ្តួល​អង់គ្លេស កាល​ពី​ថ្ងៃ​ពុធ ក៏ដោយ។

ក្រូ​អាស៊ី បាន​វាយបក​ពី​ការដេញតាម​ពីក្រោយ ដើម្បី​ឈ្នះ ២-១ ក្នុង​វគ្គ ១/២ ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង​ម៉ូស្គូ ខណៈ​ដែល Mario Mandzukic រក​បាន​គ្រាប់បាល់​ឈ្នះ​នៅ​នាទី ទី ១០៩ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Ivan Perisic បាន​តាម​ស្មើ​គ្រាប់​បាល់​បើក​ឆាក​ពី​ការ​ស៊ុត​ពិន័យ Free-kick របស់​ខ្សែ​ការពារ Kieran Trippier។

ក្រុម​របស់​លោក Dalic ពិតជា​បាន​បង្ហាញ​ពី​ការ​អស់​កម្លាំង ប៉ុន្តែ ពួកគេ​បាន​វាយបក​យ៉ាង​ល្អ​ដើម្បី​បញ្ចប់​ការ​ប្រកួត ២ ម៉ោង​ពេញ​យ៉ាង​ជោគជ័យ និង​ដើម្បី​ជួយ​ឲ្យ​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ៤ លាន​នាក់​មួយ​នេះ ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី ១។

ប៉ុន្តែ កង្វល់​ដ៏​ធំ​បំផុត នៅ​មុនពេល​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ គឺ​ការ​អស់កម្លាំង ខណៈ ក្រូ​អាស៊ី ក៏បាន​លេង​នៅ​នាទី​បន្ថែម ១៥ នាទី ២ ដង និង​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្តី​ផងដែរ ដើម្បី​ទៅ​វគ្គ​បន្ត ក្នុង​ពេល​ប៉ះ​ដាណឺម៉ាក និង​ម្ចាស់​ផ្ទះ​រុស្ស៊ី ក្នុង​រយៈពេល ២ សប្តាហ៍​ចុង​ក្រោយ​នេះ។

បារាំង នឹងមាន​រយៈពេល​សម្រាក​ច្រើនជាង ២៤ ម៉ោង​ក្នុង​ការត្រៀម​សម្រាប់​ការប្រកួត​នេះ ក្រោយពី​បាន​ទម្លាក់ បែលហ្ស៊ិក ១-០ ក្នុង​រយៈពេល ៩០ នាទី ក្នុង​ទីក្រុង Saint Petersburg កាល​ពី​ថ្ងៃ​អង្គារ។

លោក Dalic ដែល​ក្រុម​របស់​លោក​បាន​លេង​ការ​ប្រកួត​ច្រើន​ជាង​បារាំង រយៈពេល ៩០ នាទី​នោះ បាន​ឲ្យ​ដឹង​ថា៖ «នេះ​ពិត​ជា​អស្ចារ្យ​ណាស់។ កីឡាករ ២ នាក់​បាន​លេង​ជាមួយ​នឹង​ជើង​ម្ខាង ប៉ុន្តែ វា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ឡើយ។ នៅ​នាទី​បន្ថែម ១៥ នាទី ២ ដង មិន​មាន​កីឡាករ​ណា​ចង់​ផ្លាស់ប្តូរ​ឡើយ។ នេះ​បង្ហាញ​ពី​ឥរិយាបថ និង​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព។ គ្មាន​នរណា​ម្នាក់​បោះបង់​ឡើយ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា៖ «យើង​ត្រៀម​ក្នុងការ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រួចរាល់​ហើយ ហើយ​យើង​ចង់​លេង​ក្នុង​វគ្គ​នោះ។ ការ​លេង​នៅ​នាទី​បន្ថែម ១៥ នាទី ២ ដង​អាច​នឹង​ក្លាយជា​បញ្ហា​មួយ ក្នុង​ពេល​ប៉ះ​បារាំង ដែល​មាន​ការ​សម្រាក​ច្រើន​ជាង ១ ថ្ងៃ ប៉ុន្តែ នោះ​មិន​មែន​ជា​លេស​ឡើយ»។

Kane៖ វា​ឈឺចាប់ តែ​អង់គ្លេស នឹង​វិល​ទៅរក​ភាព​ខ្លាំង​វិញ

Harry Kane បានទទួលស្គាល់​ថា ការរង​បរាជ័យ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ពេល​ជួប​ក្រុម​ក្រូអាស៊ី «នឹង​ផ្តល់​នូវ​ការ​ឈឺ​ចាប់ ១ រយៈពេល» ខណៈ​មាន​ការ​កោត​សរសើរ​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម​ទៅ​លើ​ក្រុម​របស់​លោក Gareth Southgate។

ស្របពេល​ក្រូ​អាស៊ី នឹងត្រូវ​ប៉ះ​បារាំង ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃអាទិត្យ​នេះ បច្ចុប្បន្ន ក្រុម​អង់គ្លេស នឹង​ត្រូវ​ជួប​ជាមួយ​នឹង​បែលហ្ស៊ិក ក្នុង​ការ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣ នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ។

ប៉ុន្តែ Kane ដែល​កំពុង​ស្ថិត​ក្នុង​ទីតាំង​ដ៏​រឹងមាំ​ក្នុងការ​ក្លាយជា​កីឡាករ​អង់គ្លេស​ដំបូង​គេ ចាប់តាំង​ពី Gary Lineker ធ្វើ​បាន​ក្នុង​ឆ្នាំ ១៩៨៦ ដើម្បី​ឈ្នះ​ស្បែក​ជើង​មាស​នោះ បាន​បញ្ជាក់​ថា រូបគេ​មាន​មោទនភាព​ទៅ​លើ​ការ​បង្ហាញ​ពី​ទម្រង់​លេង​នៃ​ក្រុម​របស់​ខ្លួន។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «វា​នឹង​ឈឺចាប់ ១ រយៈពេល។ យើង​អាចមាន​មោទនភាព ហើយ​យើង​នឹង​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ»៕

ថ្ងៃ​សៅរ៍ ទី ១៤ ខែកក្កដា

បែលហ្ស៊ិក v អង់គ្លេស 9 យប់

ថ្ងៃអាទិត្យ ទី ១៥ ខែកក្កដា

បារាំង v ក្រូ​អាស៊ី 10 យប់