ភ្នំពេញៈ ខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា បានធ្វើឲ្យការបង្ហាញខ្លួនជាថ្មីនៅលើទីលានរបស់គេបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ ខណៈរូបគេរកបាន ៣ គ្រាប់តែម្នាក់ឯង ដើម្បីជួយឲ្យក្រុមបឹងកេត ឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តសៀមរាប ៦-០ ក្នុងការប្រកួតវគ្គ ១៦ ក្រុម (ថ្នាក់ជាតិ) ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ កាលពីល្ងាចថ្ងៃពុធម្សិលមិញ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបកាលពីម្សិលមិញ ចាន់ វឌ្ឍនាកា បានក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការជួយឲ្យបឹងកេតទទួលបានជ័យជម្នះ ចំពោះការប្រកួតជើងទី ១ នេះដោយរូបគេរកបាន ៣ គ្រាប់ជាប់ៗគ្នា តែម្នាក់ឯងនៅនាទីទី ៣៥ ទី ៥៣ និងនាទីទី ៥៧។
យ៉ាងណាក៏ដោយលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតបានមើលឃើញថា គុណភាពលេង និងកម្លាំងរបស់ ចាន់ វឌ្ឍនាកា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយការប្រកួតថា៖ «ការបង្ហាញខ្លួនលើកដំបូងរបស់គាត់ធ្វើបានប៉ុណ្ណឹង គិតថាល្អហើយ ព្រោះទី ១ គាត់ទើបតែចាប់ផ្តើមហាត់ជាមួយក្រុមទី ២ ការប្រមូលកម្លាំងរបស់គាត់ អត់ទាន់បានគ្រប់ផងដែរ គឺបានត្រឹម ៨០ ភាគរយទេ ហើយទី ៣ បញ្ហាទីលានជាចម្បង ដែលមានការពិបាកក្នុងការលេង»។
ប៉ុន្តែលោកបានបន្ថែមថា៖ «ការប្រកួតនេះ ចាន់ វឌ្ឍនាកា ជួយក្រុមបានច្រើន គឺធ្វើឲ្យតំបន់ប្រយុទ្ធរបស់យើងមានសកម្មភាពល្អ ហើយគាត់ក៏បានផ្តល់បទពិសោធបានច្រើនទៅដល់កីឡាករជាយុវជនរបស់យើងផងដែរ។ យើងយកគាត់មក ដើម្បីជួយក្រុមពិសេសនៅតំបន់ប្រយុទ្ធ ហើយការប្រកួតជាបន្តទៀតគឺការប្រមូលកម្លាំងរបស់គាត់នឹងគ្រប់គ្រាន់ ដែលនឹងធ្វើឲ្យការលេងរបស់គាត់កាន់តែល្អជាងលើកនេះ ទាំងការប្រកួតពានសម្តេច ហ៊ុន សែន នេះ និងការប្រកួតលីកកំពូលកម្ពុជាក្នុងជើងទី ២»។
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទើបតែបានចុះកុងត្រាលេងឲ្យក្លិបបឹងកេតជាថ្មីចំនួន ៣ ឆ្នាំគឺបន្ទាប់ពីរូបគេបញ្ចប់កុងត្រាជាមួយក្លិប PKNS របស់ម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរកីឡាករវ័យក្មេងរបស់បឹងកេត ២ នាក់ទៀតក៏បានបង្ហាញទម្រង់លេងបានល្អ និងរកបានម្នាក់ ១ គ្រាប់ផងដែរគឺខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ដែលរកបានគ្រាប់បាល់បើកឆាកនៅនាទីទី ៣ និងខ្សែបម្រើ ឱ ភារុណ ដែលរកបានគ្រាប់បាល់ទី ៦ នៅនាទីទី ៩០ គឺក្រោយពេលខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី រកបានគ្រាប់បាល់ទី ៥ នៅនាទីទី ៨៦។
ចំពោះការឈ្នះក្រុមខេត្តសៀមរាប ៦-០ ក្នុងជើងទី ១ នេះលោក ហៅ សុជាតិ បានប្រាប់ថា៖ «តាមពិតយើងចង់បានច្រើនគ្រាប់ជាងនេះ ប៉ុន្តែដោយសារបញ្ហាទីលានមានការលំបាកលេង អ៊ីចឹងការឈ្នះត្រឹម ៦-០ យើងពេញចិត្តនឹងទទួលយកហើយ។ បើសិនជាទីលានល្អវិញ ខ្ញុំគិតថាយើងអាចស៊ីលើសពី ១០ គ្រាប់»។
ដោយឡែកក្រុមអគ្គិសនីកម្ពុជាបានត្រឹមស្មើ ០-០ ជាមួយក្រុមអង្គរថាយហ្គឺរ នៅលើទឹកដីខ្លួនឯង គឺកីឡដ្ឋានអគ្គិសនីកម្ពុជាសម្រាប់ការប្រកួតជើងទី ១ កាលពីល្ងាចម្សិលមិញនោះដែរ ហើយលទ្ធផលនេះអាចនឹងធ្វើឲ្យពួកគេមានការពិបាកសម្រាប់ការវិលទៅប្រកួតកាត់សេចក្តីជើងទី ២ នៅកីឡដ្ឋានខេត្តសៀមរាបដែលជាកន្លែងក្រុមអង្គរថាយហ្គឺរតែងតែធ្វើបានល្អ។
ចំណែកក្រុមភ្នំពេញក្រោននឹងត្រូវបើកកីឡដ្ឋាន RSN ដើម្បីទទួលក្រុមខេត្តកំពង់ចាមក្នុងការប្រកួតជើងទី ១ របស់ពួកគេនៅល្ងាចម៉ោង ៦ ថ្ងៃព្រហស្បតិ៍នេះគឺស្របពេលក្រុមព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមខេត្តត្បូងឃ្មុំនៅកីឡដ្ឋានខេត្តសៀមរាប។ រីឯការប្រកួតជើងទី ១ រវាងក្រុមចំនួន ៨ ទៀតនឹងត្រូវធ្វើនៅថ្ងៃទី ៣ និងថ្ងៃទី ៤ ខែកក្កដា ខាងមុខ៕