ភ្នំពេញ៖ ​គ្រូ​ប្រដាល់​​មាន​វ័យ​ជាង ​៧០ ​ឆ្នាំ លោក​ ឈិន ​ខ្វាន់ចៃ​ ​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​សម្រាក​នៅ​មួយ​កន្លែង អស់​​រយៈពេល ​៥ ​ខែ​មក​ហើយ​នោះ ​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​កាន់​តែ​ខ្លាំង ​និង​សុំ​ឱ្យ​សប្បុរជន​មេត្តា​ជួយ ដើម្បី​បាន​រស់ ព្រោះ​​ប្រាក់​ចំណូល​ធ្លាប់​បាន​​ពី​ការ​បង្វឹក ​និង​បម្រើ​ការ​ជា​គណៈកម្មការ​ប្រកួត​នៅ​តាម​សង្វៀន​ ត្រូវ​បាន​ដាច់​ទាំង​ស្រុង​ ហើយ​តាម​ស្ថានភាព​ជំងឺ​​របស់​លោក​ក្នុង​វ័យ​ចាស់​ផង​​មិន​ងាយ​នឹង​មាន​សភាព​វិល​មក​ប្រក្រតី​​ឡើង​វិញ​ទេ ​ខណៈ​ការ​ហូប​ចុក​ក៏​​មិន​សូវ​គ្រប់គ្រាន់​។​

ជាមួយ​ស្ថានភាព​ដ៏​លំបាក​របស់​លោក ឈិន ខ្វាន់ចៃ ​នេះ​ មាន​មិត្តភក្តិ​រួម​អាជីព​ និង​កូន​សិស្សគណ​មួយ​ចំនួន​ ជាពិសេស​ថ្នាក់​ដឹកនាំ​កីឡា​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ ដែល​ដឹកនាំ​ដោយ​ លោក​ គង់ ​ចាន់ធីណា ជា​​ប្រធាន​ក្លិប​បាន​រៃ​លុយ​គ្នា​យក​ទៅ​ជួយ​សម្រួល​ការ​លំបាក​ដល់​លោក ខ្វាន់ចៃ ​កាល​ពី​ដើម​សប្តាហ៍​កន្លង​មក​នេះ​។​

លោក​ គង់​ ចាន់ធីណា​ បាន​​ប្រាប់​​ថា​ ស្ថានភាព​ជំងឺ​​របស់ ​លោក ​ឈិន​ ខ្វាន់ចៃ​ ពេល​នេះ ​មាន​​អាការ​​ទន់​ដៃ​ជើង​អស់​កម្លាំង ​និង​ឡើង​សម្ពាធ​ឈាម​ ដើរ​មិន​រួច ដោយ​​បាន​ត្រឹម​អង្គុយ​ និង​ដេក​មួយ​កន្លែង​ នៅ​ក្នុង​​​នៅ​ផ្ទះ​ខាង​គ្រួសារ​ប្រពន្ធ​ស្ថិត​នៅ​ភូមិ​ចុង​ក្រូច ​ឃុំ​រាប ​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​។​

លោក ​គង់​ ចាន់ធីណា ​បន្ត​ថា​៖ ​«ធម្មតា​មុខ​របរ​គ្រូ​ប្រដាល់​ភាគ​ច្រើន ​បំពេញ​ការងារ​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ លុះ​ដល់​ចាស់ ​ឬ​បាត់បង់​សមត្ថភាព​ពលកម្ម​ គឺ​ពិត​ជា​លំបាក​អ៊ីចឹង​ហើយ​ ព្រោះ​ការងារ​គ្រូ​កីឡា​ប្រដាល់​តាម​ក្លិប​គ្មាន​ប្រាក់​ខែ​ដូច​តែ​គ្នា​ហ្នឹង។​ ចំណែក​លោក ឈិន ខ្វាន់ចៃ មាន​ជីវភាព​ក្រីក្រ​ហើយ​ថែម​ទាំង​មាន​ជំងឺ​ធ្ងន់​ទៀត គឺ​ពិត​ជា​លំបាក​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​ទើប​មិត្ត​ភក្តិ​ កូន​សិស្ស​ខ្លះ ​និង​ថ្នាក់​ដឹកនាំ​កីឡា​ លោក​ជួយ​សម្រួល​​ការ​លំបាក​របស់​លោកគ្រូ ​បាន​ខ្លះ​ ប៉ុន្តែ​មិន​អាច​ជួយ​បាន​គ្រប់គ្រាន់ ​ឬ​រៀង​រហូត​នោះ​ទេ ​គ្រាន់​តែ​ជួយ​សម្រាល​បាន​ខ្លះ»​។

សម្រាប់​ការ​ជួយ​ឧបត្ថម្ភ​ជា​លើក​ទី​២ ​នេះ លោក គង់ ចាន់ធីណា រួម​ទាំង​កូន​សិស្ស និង​ថ្នាក់​ដឹកនាំ​កីឡា​របស់​ក្លិប​មកុដរាជសីហ៍​បាន​រៃ​អង្គាស​ថវិកា​រួមគ្នា​បាន​ចំនួន ​៦៤ ​ម៉ឺន​រៀល ព្រម​ទាំង​បាន​​អង្គរ ​១ បាវ ​ទឹក​ដោះ​គោ​ ២ ​កេស និង​ថ្នាំ​ប៉ូវ​កម្លាំង​ចំនួន ​១ កំប៉ុង​ ដើម្បី​យក​ទៅ​ជូន​ដល់​លោក ឈិន ខ្វាន់ចៃ។​​

អ្នក​ស្រី ​សោម ​រ៉ែន ​ជា​ប្រពន្ធ​​​ប្រាប់​​ថា​៖ «​ប្តី​របស់​ខ្ញុំ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​ចូល ​៥ ខែ​ហើយ ​គឺ​មួយ​រយៈនេះ​ងើប​ពី​កន្ទេល​មិន​រួច​ទេ ​ហើយ​គ្មាន​មុខ​របរ​អ្វី​ឡើយ ​គឺ​បង្វឹក​កីឡាករ​មិន​កើត ​និង​គ្មាន​ចំណូល​ទេ ​ចំណែក​​ជីវភាព​រាល់​ថ្ងៃ​បាន​ដោយសារ​បងប្អូន​គេ​ស្គាល់​ជួយ​ផ្តល់​ប៉ុណ្ណោះ​»។

ជាមួយ​គ្នា​នេះ អ្នកស្រី រ៉ែន បាន​​លើក​ដៃ​សុំ​អង្វរ​ដល់​សប្បុរជន​ជិត​ឆ្ងាយ មេត្តា​ជួយ​​ឧបត្ថម្ភ​ដល់​ប្តី​ប្រពន្ធ​ដ៏​កម្សត់​នេះ​ផង ព្រោះ​ពួក​គាត់​ពិត​ជា​គ្មាន​​លទ្ធភាព​រក​ប្រាក់​ព្យាបាល​លោក ខ្វាន់ចៃ នោះ​ទេ ហើយ​បន្ថែម​ទៅ​លើ​ភាព​ទីទ័ល​នេះ អ្នក​ទាំង ​២ ក៏​ត្រូវ​រ៉ាប់រង​កូន​តូចៗ​ចំនួន ​៣ នាក់​ទៀត​ផង​ដែរ ដែល​កូន​ទាំង ​៣ នេះ នៅ​មិន​ទាន់​មាន​​នរណា​ម្នាក់​បាន​ចូល​រៀន​នោះ​ទេ។

ទាំង​សំឡេង​អួល​ដើមក​ អ្នកស្រី សោម រ៉ែម និយាយ​ថា៖​ «ក្រុម​កូន​សិស្ស​ និង​សប្បុរសជន​មួយ​ចំនួន​បាន​ជួយ​ពួក​ខ្ញុំ​តាម​លទ្ធភាព​តិចតួច ​ដើម្បី​សម្រាល​ការ​លំបាក​​បាន​មួយ​គ្រាៗ​ប៉ុណ្ណោះ​ ហេតុ​នេះ​សូម​សប្បុរសជន​ជិត​ឆ្ងាយ​មេត្តា​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​ប្តីប្រពន្ធ​យើង​ផង ព្រោះ​ពួក​ខ្ញុំ​ពិត​ជា​គ្មាន​លទ្ធភាព និង​គ្មាន​ទីពឹង​ឯណា ដើម្បី​គេច​ចេញ​ពី​ភាព​ទីទ័ល​នេះ​ទេ»។

គួរ​រំឭក​ថា ​លោក​ ​ឈិន ​ខ្វាន់ចៃ​ ជា​អ្នក​ប្រដាល់​បន្ត​វេន​ពី​ជីតា និង​លោក​​ឪពុក​​ឈ្មោះ​ ​តា​ខ្វាន់​ ដែល​ជា​អ្នក​ប្រដាល់​ល្បីល្បាញ​ នៅ​​ខេត្ត​បាត់ដំបង ក្នុង​​ជំនាន់​ទសវត្សរ៍​ ៥០​ និង ​៦០​។ ​លោក​ ខ្វាន់ចៃ ​ធ្លាប់​ជា​កីឡាករ​ប្រដាល់​ នៅ​តាម​ខេត្ត ​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៨០​ ហើយ​​នៅ​ឆ្នាំ ​២០០០ ​លោក​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ក្នុង​ខេត្ត​បាត់ដំបង ​មក​រស់នៅ​ផ្ទះ​ជួល​នា​ក្រុង​ភ្នំពេញ ដោយ​ធ្វើ​ជា​គ្រូ​បង្វឹក​ស្ម័គ្រ​ចិត្ត​ និង​មាន​មុខរបរ​បន្ថែម​ជា​អ្នក​រត់​ម៉ូតូ​ឌុប។

រហូត​ដល់​ឆ្នាំ ​២០១១​ លោក​ ខ្វាន់​ចៃ ​បាន​ ព្យាយាម​បង្វឹក​កូន​ប្រុស ​ឈិន ​ខ្វាន់ង៉ុយ (កូន​ប្រពន្ធ​ដើម) ឱ្យ​ក្លាយ​​ជា​អ្នក​ប្រដាល់​ឆ្នើម​ម្នាក់ ដែល​​ប្រកួត​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ចំនួន ២ ​គ្រឿង ហើយ​លោក​​​ជា​គ្រូ​បង្វឹក​ឱ្យ​ក្លិប​មកុដ​រាជសីហ៍ ​និង​ជាប់​ជា​ចៅក្រម​ អាជ្ញា​កណ្តាល​ ​គណៈកម្មការ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ ប៉ុន្តែ​​បន្ទាប់​មក​សង្វៀន​នេះ ​បាន​បិទ​ធ្វើ​ឱ្យ​លោក​អស់​ការងារ​ធ្វើ ​គ្មាន​ប្រាក់​ចំណូល​ និង​ធ្លាក់​ខ្លួន​ឈឺ​បន្តិច​ម្តងៗ រហូត​​មក​ដល់​បច្ចុប្បន្ន​តែ​ម្តង​។

លោក ឈិន ក្វាន់ចៃ ​មាន​បងប្អូន​ ​៤​ ​នាក់ ​ស្រី​ ​១ ​និង​ប្រុស​ ​៣ ​​នាក់ ​ជា​អ្នក​ប្រដាល់​ទាំង​អស់​ តែ​មាន​វ័យ​ចាស់ៗ​ទៅ​ហើយ ហើយ​នៅ​មុន​ធ្លាក់​ខ្លួន​ឈឺ​នេះ ​លោក ខ្វាន់ចៃ ​​បណ្តុះបណ្តាល​បាន​​កីឡាករ​មាន​សមត្ថភាព​ល្អ​ច្រើន ​ដែល​មាន​ឈ្មោះ​ល្បី​ចូល​ប្រកួត​ប្រជែង​បាន​លំដាប់​ជួរ​មុខ​មួយ​ចំនួន​ដូច​ជា​ រឿង​ សោភ័ណ្ឌ​, ​ឌុម​ កែវដា​, ​រិន ​មុន្នី​, សេក​ គឹមរួន​,​ រឿង​ សារិទ្ធ​ និង ធា​ នុរាជ​ ជា​ដើម ប៉ុន្តែ​​ពេល​នេះ ​លោក​និយាយ​មិន​ច្បាស់ ​ស្តាប់​មិន​បាន ​ហើយ​កំពុង​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​ជាមួយ​ប្រពន្ធ​ក្រោយ​ក្នុង​លក្ខណៈ​ក្រ​លំបាក​បំផុត​៕