ក្រុងហែលស៊ិនគី៖ ការ​ពន្យារពេល​នៃ​​ព្រឹត្តិការណ៍ Euro 2020 បាន​ធ្វើ​ឱ្យ​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​ដ៏​សំខាន់​​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វាំងឡង់ ស្ថិត​ក្នុង​ការ​រង់ចាំ តែ​នៅ​ពេល​ការ​ប្រកួត​ប្រជែង​ជុំ​ចុង​ក្រោយ​ ពិត​ជា​កើត​មាន​មែន​នោះ​ ប្រទេស​នៃ​តំបន់​ Nordic មួយ​នេះ បាន​កំណត់​ចក្ខុ​វិស័យ​របស់​ខ្លួន​ ដោយ​ការ​យក​តាម​គំរូ​របស់​ក្រុម​អ៊ីស្លង់ ដែល​ទទួល​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​ថ្មីៗ​កន្លង​ទៅ​នេះ​។

ការ​ចងចាំ​មួយ​ដ៏​យូរ​អង្វែង​នៅ​ឯ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អឺរ៉ុប​នាប្រទេស​បារាំង ក្នុង​ឆ្នាំ ​២០១៦ គឺ​សមិទ្ធផល​របស់​អ៊ីស្លង់ ដែល​ទទួល​បាន​នូវ​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពេល​ពួក​គេ​ទម្លាក់​​អង់គ្លេស​ ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​។

ជាមួយ​គ្នា​នេះ អ៊ីស្លង់​ក៏​បាន​ឡើង​ទៅ​ព្រឹត្តិការណ៍​ World Cup 2018 វគ្គ ៣២ ក្រុម​ដែរ ហើយ​នៅ​មាន​សង្ឃឹម​ទៀត ក្នុង​ការ​បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ Group Stage ជាមួយ​នឹង​ហ្វាំងឡង់ ដែល​នឹង​បង្ហាញ​វត្តមាន​ពេល​ទីបំផុត ព្រឹត្តិការណ៍​ដែល​ពន្យារពេល ១ ឆ្នាំ ត្រូវ​បាន​រៀបចំ​ឡើង​ជា​ផ្លូវការ​។​

«ដោយ​ពិត​ទៅ​វា​ជា​សុបិន​របស់​ពួក​យើង​រួច​ហើយ ក្នុង​ការ​បាន​ទៅ​លេង​ជុំ​ចុង​ក្រោយ តែ​យើង​មិនមែន​ទៅ ដើម្បី​គ្រាន់​តែ​ជា​ក្រុម​បង្គ្រប់​ចំនួន​នោះ​ទេ ពោល​គឺ​ពួក​យើង​ចង់​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន​បន្ថែម​ទៀត​»​។ នេះ​ជា​សម្ដី​របស់​គ្រូ​បង្វឹក​ហ្វាំងឡង់ លោក Markku Kanerva ដែល​ប្រាប់​មក​កាន់ AFP ក្នុង​កិច្ចសម្ភាសន៍​មួយ មុន​ការ​ប្រមូល​ផ្ដុំ​​នៃ​ក្រុម​របស់​លោក និង​មុន​ប្រកួត​មិត្តភាព​ទល់​នឹង​ជើង​ឯក​ពិភព​លោក​បារាំង​នៅ​ថ្ងៃ​ពុធ នា​ក្រុង​ប៉ារីស​។​​

លោក Kanerva បាន​បន្ថែម​ថា​៖ «​ដូច​គ្នា​នឹង​ស៊ុយអែត នៅ World Cup ដែរ គឺ​ពួក​គេ​ធ្វើ​បាន​ល្អ​ណាស់។ ខ្ញុំ​ជឿ​ថា ពួក​គេ​ជា​គំរូ​សម្រាប់​ពួក​យើង ព្រោះ​ពួក​គេ គឺ​ជា​ប្រទេស​មក​ពី​តំបន់​​ Nordic ដូច​គ្នា ហើយ​វា​មាន​ថាមពល​ពិសេស​ម្យ៉ាង​សម្រាប់​ប្រទេស​​តំបន់ Nordic ទាំង​អស់ ពោល​គឺ​កម្លាំង​ចិត្ត​ ហើយ​ដូច​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង ពួក​យើង​ជា​ក្រុម​ដែល​មាន​ការ​រួប​រួម​គ្នា ហើយ​យើង​អាច​រៀន​សូត្រ​ពី​​​អ្វី​ ដែល​ជា​កត្តា​សំខាន់​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​»​។​

ក្នុង​ប្រទេស​មួយ ដែល​មាន​ប្រជាជន​ចំនួន ៥,៥ ​លាន​នាក់ ជា​កន្លែង​ដែល​ការ​លេង​បាល់ទាត់​នៅ​លំដាប់​ទី២ បន្ទាប់​ពី​កីឡា​ហុកគី​នោះ ហ្វាំងឡង់​ មិន​ធ្លាប់​បាន​ឡើង​ទៅ​កៀក​នឹង​ព្រឹត្តិការណ៍​សំខាន់​ពី​មុន​មក​ឡើយ ពោល​គឺ​សូម្បី​ក្នុង​យុគសម័យ​អតីត​កីឡាករ​ឆ្នើម​​​ Jari Litmanen ដែល​ធ្លាប់​ឈ្នះ​ពាន​ Champions League ជាមួយ​ក្រុម​នៅ​ហូឡង់ Ajax ក្នុង​ឆ្នាំ ​១៩៩៥​ ក៏​ដោយ។

តែ​លោក Kanerva ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ក្នុង​ឆ្នាំ ​២០១៦ ហើយ​បាន​ដឹកនាំ​ប្រទេស​មួយ​នេះ​ឱ្យ​ឡើង​ទៅ​ Euro 2020 ដោយសារ​ពួក​គេ​បញ្ចប់​ នៅ​លេខ ២ បន្ទាប់​ពី​អ៊ីតាលី​ក្នុង​វគ្គ​ជម្រុះ​។

លោក Kanerva ដែល​ក្រុម​របស់​លោក​ស្ថិត​នៅ​លេខ ៥៥ ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក (FIFA) បាន​បន្ថែម​ទៀត​ថា​៖ «​យើង​មិន​មែន​ជា​ក្រុម ដែល​ចាត់​ទុក​ថា មាន​សិទ្ធិ​ប្រកួត​ប្រជែង​នោះ​ឡើយ ព្រោះ​អ៊ីតាលី​ជា​ក្រុម​ទី១ បន្ទាប់​មក​បូស្នី និង​​ក្រិក ពោល ​គឺ​ពួក​គេ​ទើប​ជា​គូ​ប្រជែង​យ៉ាង​ពិត​ប្រាកដ តែ​ពួក​យើង​បាន​ធ្វើ​ឱ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​»។

សម្រាប់​ព្រឹត្តិការណ៍ Euro 2020 ដែល​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ ២០២១ ក្រុម​ជម្រើស​ជាតិ​ហ្វាំងឡង់ ស្ថិត​នៅ​ពូល B ដោយ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ក្រុម​ដាណឺម៉ាក បែល​ហ្ស៊ិក និង​រុស្ស៊ី​៕ AFP/VN