អូស្រ្តាលី: កិច្ចសន្យា​​រវាង​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ ​លោក Marco Kurz ជាមួយ​ក្លិប Adelaide United ​របស់​ប្រទេស​​អូស្ត្រាលី​នឹង​មិន​ត្រូវ​បាន​បន្ត​កុងត្រា​​ជាថ្មី​ទៀត​នោះ​​ទេ​គឺ​នឹង​​ត្រូវ​បញ្ចប់​​នៅ​​ត្រឹម​​រដូវកាល​នេះ​តែ​ម្តង ខណៈ​​ភាគី​ទាំង​ ២ មាន​ទស្សនៈ​មិន​ដូច​​គ្នា​។

អតីត​ខ្សែការពារ​ក្លិប​ Borussia Dortmund លោក Marco Kurz មាន​ការខ្វែង​គំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​អ្នក​រៀបចំ​ក្របខ័ណ្ឌ​អូស្ត្រាលី​ A-League ​​ដោយសារ​លោក​ខក​ចិត្ត​ចំពោះ​កង្វះ​ថវិកា ដើម្បី​​ទិញ​​កីឡាករ​ថ្មីៗ​ថែម​ទៀត​​។

ប្រធាន​ក្រុម Adelaide លោក​ Piet Van Pol បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «​ក្រោយ​ពី​ជួប​ជាមួយ​លោក Marco កាល​ពី​ដើម​សប្ដាហ៍​នេះ​ ខ្ញុំ​បាន​ប្រាប់​គាត់​​ពី​ការសម្រេចចិត្ត​របស់​យើង​ក្នុង​ការមិន​បន្ត​កិច្ចសន្យា​ឲ្យ​គាត់​លើស​ពី​រដូវកាល​នេះ​ទេ​»។

លោក Marco ដែល​​​បាន​ដឹកនាំ​​ក្លិប​ Adelaide United បាន​​​រយៈពេល​ ២ ​ឆ្នាំ និង​ធ្លាប់​​ធ្វើ​ជា​គ្រូបង្វឹក​ឲ្យ​ក្លិប​មួយ​ចំនួន​ទៀត​នៅ​​​ប្រទេស​អាល្លឺម៉ង់​ដែរ​នោះ​បាន​​និយាយ​ថា ឥឡូវ​នេះ​វា​ច្បាស់ការ​ហើយ​ដែល​ថា​លោក​កំពុង​ស្ថិត​នៅ​លើ​ទំព័រ​ខុស​គ្នា​ជាមួយ​​អ្នក​ចាត់ការ​របស់​ក្រុម​ Adelaide។

លោក​បាន​បញ្ជាក់​ថា៖ «​នៅពេល​ជួប​ជាមួយ​លោក Piet ខ្ញុំ​បាន​ដឹង​ច្បាស់​ហើយ​ថា យើង​មិន​មាន​ចក្ខុ​វិស័យ​ដូច​គ្នា​ទេ ជុំវិញ​អនាគត​នៃ​ក្រុម Adelaide United។​​ គោលដៅ​របស់​យើង​គឺ​ដើរ​មិន​ស្រប​គ្នា​ទេ ​ដូច្នេះ​ហើយ​​បាន​ជា​គេ​មិន​អាច​បន្ត​កិច្ចសន្យា​ឲ្យ​ខ្ញុំ​ជា​គ្រូ​បង្វឹក​ដឹកនាំ​ក្រុម​នេះ​តទៅ​ទៀត​»។

លោក Marco ​គឺជា​គ្រូ​បង្វឹក​ទី​ ២ ដែល​ត្រូវ​បាន​​បញ្ចប់​កុងត្រា​នៅក្នុង​ក្របខ័ណ្ឌ​ A-League ​​គឺ​ត្រឹម​តែ​​​ប៉ុន្មាន​សប្ដាហ៍ ​បន្ទាប់ពី​​ក្រុម Central Coast Mariners ​បាន​​បណ្តេញ​គ្រូបង្វឹក​របស់​ខ្លួន​គឺ​លោក Mike Mulvey។

បច្ចុប្បន្ន​ក្រុម Adelaide កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៦ មាន​ ២០ ពិន្ទុ​នៃ​​ក្របខ័ណ្ឌ​ A-League ដែល​មាន​ ១០ ​ក្រុម​ចូលរួម​គឺ​​តាម​ពី​ក្រោយ​ក្រុម​ Perth Glory ខណៈ​ក្របខ័ណ្ឌ​មួយ​នេះ​នៅ​សល់​តែ ៥ ​​​ប្រកួត​ទៀត​នៅ​មុន​បញ្ចប់​នៃ​ក្របខ័ណ្ឌ​នេះ​៕ SN