ភ្នំពេញ: បើទោះបីជាក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំមិនទទួលបានលទ្ធផលឈ្នះ ១ ប្រកួតសោះក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតជម្រុះប្រចាំពូល H នៃពានរង្វាន់ AFC U23 Championship 2020 ប៉ុន្តែគ្រូបង្វឹកជនជាតិអាហ្សង់ទីន Felix Dalmas មានការជឿជាក់ថាផ្លូវដែលក្រុមកម្ពុជាកំពុងដើរ គឺជាផ្លូវត្រឹមត្រូវ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើននាពេលអនាគត។
សម្រាប់ការប្រកួតជម្រុះក្នុងពូល H ដែលមាន ៤ ក្រុមនោះក្រុមម្ចាស់ផ្ទះកម្ពុជា នៅតែគេចមិនផុតពីពាក្យថា «លេងដើម្បីទទួលបានបទពិសោធ» ខណៈក្រុមតំណាងឲ្យកម្ពុជាមួយនេះរកមិនឃើញជ័យជម្នះសូម្បីតែមួយប្រកួតនោះ ព្រោះ ៣ ប្រកួតនេះកម្ពុជាបានចាញ់ក្រុម U23 អូស្ត្រាលី ៦-០ រួចបន្តចាញ់ក្រុម U23 កូរ៉េខាងត្បូង ៦-១ ហើយការប្រកួតបង្គ្រប់កិច្ចជាមួយក្រុមរងគ្រោះដូចគ្នាគឺ Chinese Taipei នៅពហុកីឡដ្ឋានជាតិកាលពីយប់ថ្ងៃអាទិត្យកម្ពុជាបានត្រឹមស្មើ ១-១។
លោក Felix Dalmas ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាក៏បានទទួលស្គាល់ថា កីឡាករកម្ពុជាមានការពិបាកក្នុងការប្រើប្រាស់ទម្រង់លេងផ្ទាល់ខ្លួន សម្រាប់ការប្រកួតនេះផងដែរ ប៉ុន្តែលោកបានបញ្ជាក់ថា៖ «ទម្រង់លេងផ្ទាល់ខ្លួនដែលយើងចង់លេង គឺវាមិនងាយស្រួលឡើយ វាតម្រូវឲ្យយើងមានការជឿជាក់ មានឆន្ទៈ មានការតាំងចិត្តខ្ពស់ និងពេលវេលា ហើយយើងជឿថាផ្លូវដែលពួកយើងកំពុងដើរគឺជាផ្លូវត្រឹមត្រូវ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន»។
បើទោះបីជាក្រុម U23 កម្ពុជារកមិនឃើញការឈ្នះសោះនៅក្នុងការប្រកួតជម្រុះពាន AFC U23 Championship 2020 នេះ ប៉ុន្តែអ្នកគាំទ្រភាគច្រើនបានដឹងតាំងពីមុនការប្រកួតរួចទៅហើយថា ក្រុមអូស្ត្រាលី និងកូរ៉េខាងត្បូងនឹងទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងពូល H នេះព្រោះកម្រិតលេងរបស់កម្ពុជា និង Chinese Taipei មិនអាចទៅរួចជាមួយក្រុមខ្លាំងទាំង ២ នេះទេ។
ការស្គាល់ពីសមត្ថភាពពិតរបស់ក្រុមកម្ពុជា វានៅតែធ្វើឲ្យអ្នកគាំទ្រភាគច្រើនពេញចិត្តទទួលយកលទ្ធផលការប្រកួតនេះ ព្រោះពួកគេបានមើលឃើញថា ក្រុម U23 កម្ពុជាដែលបានប្រើប្រាស់ក្រុមកីឡាករអាយុក្រោម ២១ ឆ្នាំនេះ មានឆន្ទៈលេងដ៏ពិតប្រាកដ និងមានសាមគ្គីភាពក្នុងការលេងជាក្រុមគឺមិនមានជំងឺតួឯកនៅក្នុងខ្លួនដូចជាកីឡាករជម្រើសជាតិកម្ពុជាមួយចំនួនតូចនោះទេ។
លោក Felix Dalmas ក៏បានសម្តែងការអរគុណទៅដល់អ្នកគាំទ្រកម្ពុជាដែលស៊ូទ្រាំតាមដានការប្រកួតរបស់ក្រុមនេះមិនរាថយផងដែរ។ លោកបាននិយាយថា៖ «ជាបឋមខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់បងប្អូនកម្ពុជាទាំងអស់គ្នាដែលមកគាំទ្រលើកទឹកចិត្ត ទោះបីជាមានភ្លៀង មេឃក្តៅ ឬថ្ងៃធ្វើការយ៉ាងណាក៏ដោយហើយអរគុណដែលជឿជាក់នូវអ្វីដែលពួកយើងកំពុងធ្វើ»។
សម្រាប់ការប្រកួតជម្រុះចុងក្រោយកាលពីថ្ងៃអាទិត្យនោះដែរ ក្រុម U23កូរ៉េខាងត្បូងបានព្យាយាមវាយបកតាមស្មើក្រុមអូស្ត្រាលី ២-២ ដើម្បីទទួលបានលេខ ១ ប្រចាំពូល H នេះ និងបានឡើងទៅវគ្គបន្ត ចំណែកក្រុមអូស្ត្រាលី ដែលឈ្នះ ២ និងស្មើ ១ មាន ៧ ពិន្ទុដែរនោះក៏បានទៅវគ្គបន្តដោយមិនចាំបាច់អ៊ុតមើលការផ្ទៀងផ្ទត់លទ្ធផលជាមួយក្រុមលេខ ២ មកពីពូលផ្សេងៗទៀតនោះដែរ។
ទោះការផ្ទៀងផ្ទាត់រកក្រុមលេខ ២ ល្អចំនួន ៤ ក្រុមឡើងទៅវគ្គបន្ត មិនរាប់បញ្ចូលលទ្ធផលការប្រកួតជាមួយក្រុមឈរនៅលេខរៀងចុងក្រោយ ប៉ុន្តែការមាន ៤ ពិន្ទុដោយឈ្នះក្រុម កម្ពុជា និងស្មើក្រុមកូរ៉េជាមួយគ្រាប់បាល់ចំណេញ ៦ គ្រាប់នោះ វាគ្រប់គ្រាន់សម្រាប់អូស្ត្រាលីឡើងទៅវគ្គបន្តហើយ៕