ភ្នំពេញ: គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២៣ ​ឆ្នាំ​របស់​អូស្រ្តាលី​លោក Graham Arnold បាន​បង្ហាញ​ពី​ការគោរព​ទៅ​ដល់​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​មុន​ពេល​ក្រុម​ទាំង​ ២ ត្រូវ​​​ប្រជែង​គ្នា​យក​ ៣ ពិន្ទុ​ក្នុង​ការប្រកួត​ជម្រុះ​បើក​ឆាក​ប្រចាំ​ពូល​ F ​ពាន​រង្វាន់ AFC U23 Championship 2020 នៅ​ពហុកីឡដ្ឋាន​ជាតិ​ថ្ងៃ​សុក្រ​នេះ ខណៈ Chinese Taipei ត្រូវ​ប្រើ​កម្លាំង​ក្រុម​និស្សិត ដើម្បី​ទប់ទល់​ក្រុម​ U23 កូរ៉េ​ខាង​ត្បូង។

នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការប្រកួត​នេះ​កាលពី​ម្សិលមិញ​លោក Graham Arnold បាន​ប្រាប់​ថា៖ «នៅ​មុន​ការប្រកួត​នេះ យើង​បាន​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​រយៈពេល​ ១ សប្តាហ៍​នៅ​ម៉ាឡេស៊ី ដើម្បី​បន្សាំ​អាកាសធាតុ​នៅ​តំបន់​អាស៊ាន ហើយ​យើង​សង្ឃឹម​​ថា​នឹង​ធ្វើ​បាន​ល្អ នៅក្នុង​ការ​ប្រកួត​ពាន AFC U23 នេះ ប៉ុន្តែ​ខ្ញុំ​មាន​ការគោរព​ខ្លាំង​ទៅ​ដល់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា»។

ជាមួយ​ក្តីសង្ឃឹម​ក្នុង​ការទទួល​​បាន​លទ្ធផល​ដ៏គាប់​ប្រសើរ​នៅក្នុង​ការប្រកួត​នេះ​លោក Graham Arnold ក៏​មិន​បាន​បង្ហាញ​ក្តីកង្វល់​ទៅលើ​ទីលាន​សិប្បនិម្មិត​នៃ​ពហុកីឡដ្ឋាន​ជាតិ​ដែល​ធ្លាប់​ទទួល​រងការរិះគន់​ពី​ការសាងសង់​គ្មាន​ភាព​ស្តង់ដា​នោះ​ដែរ ព្រោះ​លោក​​បាន​លើក​ឡើង​ថា ​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​បាន​​ពិនិត្យ​មើល​​ទីលាន​នេះ​រួច​ហើយ។

ការ​មានប្រៀប​ខ្លាំង​លើ​មាឌ និង​កម្ពស់​របស់​ក្រុម​អូស្រ្តាលី វា​អាច​នឹង​ក្លាយ​ជា​ការពិបាក​​សម្រាប់​ក្រុម​កម្ពុជា ហើយ​កម្រិត​នៃ​ការលេង​របស់​កម្ពុជា​នៅ​ក្រោម​ក្រុម​អូស្រ្តាលី​ដែរ។ ទោះបី​ជា​យ៉ាងណា​​ការវិល​មក​ដឹកនាំ​ដោយ​ផ្ទាល់​របស់ Keisuke Honda ​ដែល​ជា​អ្នក​ចាត់ការ​ទូទៅ វា​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​មួយ​ទៀត​សម្រាប់​ក្រុម​​ U23 កម្ពុជា ហើយ​ការវិល​មក​ជួប​គ្នា​រវាង​ក្រុម​ទាំង​ ២ ​លើក​នេះ ក៏​មាន​រំឭក​ពី​បទពិសោធ​នៃ​ការ​ជួប​គ្នា​រវាង​ក្រុម​កម្ពុជា និង​អូស្រ្តាលី​កាល​ពួកគេ​នៅ​មាន​អាយុ​ក្រោម​ ១៦ ​ឆ្នាំ​ផង​ដែរ។

បន្ថែម​លើ​នេះ Honda ក៏​បាន​នាំ​យក​អតីត​គ្រូបង្វឹក​​របស់​ខ្លួន​ ២ ​នាក់​ទៀត​របស់​ក្លិប AC Milan គឺ​គ្រូចាំទី​វ័យ​ ៥២ ​ឆ្នាំ​​លោក Alfredo Magni និង​លោក Giorgio Bianchi មាន​វ័យ ៤៣ ឆ្នាំ​មក​ជួយ​ផ្តល់​ប្រឹក្សា​បន្ថែម​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅក្នុង​ការប្រកួត​ពាន AFC U23 Championship នេះ​ផង​ដែរ។

លោក Felix Dalmas គ្រូបង្គោល​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា៖ «​ការប្រកួត​ពាន AFC U23 នេះ​ជា​ឱកាស​ដ៏ល្អ​ដែល​ក្រុម​កីឡាករ​វ័យក្មេង​របស់​យើង​​បាន​ប្រកួត​ជាមួយ​ក្រុម​ល្អៗ។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ការរីកចម្រើន​របស់​កូន​ក្រុម​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​ទទួល​បាន​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត»។

ចំណែកលោក Can Hun Von គ្រូបង្វឹក​ U23 ជម្រើស​ជាតិ Chinese Taipei ​បាន​ប្រាប់​ថា លោក​បាន​នាំ​យក​កីឡាករ​ភាគច្រើន​ជា​និស្សិត​ប្រចាំ​សាកលវិទ្យាល័យ​មក​ចូលរួម​ការប្រកួត​នេះ​ដោយសារ​អ្នក​ទាំង​នេះ​ធ្លាប់​ស្ថិត​ក្រោម​ការបង្វឹក​របស់​លោក​នៅក្នុង​ក្រុម​ U19 ជម្រើសជាតិ។ ចំណែក​លោក Kim-Hak Bum គ្រូបង្វឹក​ក្រុម​ U23 កូរ៉េ​ខាង​ត្បូង​មិន​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការប្រកួត​នេះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ។

គួរបញ្ជាក់​ថា​សម្រាប់​ការប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ​ពាន AFC U23 Championship 2020 នៅ​ថ្ងៃ​ពហុកីឡដ្ឋាន​ជាតិ​​ថ្ងៃ​សុក្រ​នេះ ក្រុម Chinese Taipei ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ U23 ​កូរ៉េ​ខាងត្បូង​នៅ​ល្ងាច​ម៉ោង​ ៥ ហើយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​របស់​អូស្រ្តាលី​នៅ​យប់​ម៉ោង​ ៨៕