ភ្នំពេញ៖ កីឡាករជើងខ្លាំង ឃីម ឌីម៉ា (ឈ្មោះក្នុងបញ្ជីជាតិ ឃុន ឌីម៉ា) ដែលជាអ្នកបង្កើតប្រវត្តិសាស្រ្តឲ្យគុនខ្មែរ ឈ្នះបានមេដាយមាសជាលើកដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៧ នៅម៉ាឡេស៊ីនោះ បានចាប់ផ្តើមហ្វឹកហាត់ជាបណ្តើរៗវិញហើយ ទាំងរបួសវះកាត់ មិនទាន់បានជាសះស្បើយ ១០០ ភាគរយ ហើយការវិលមកកាន់ទីលានហ្វឹកហាត់នេះ ក៏ព្រោះតែ ឌីម៉ា បានជាប់ជាកីឡាករជម្រើសជាតិជាថ្មីក្នុងឆ្នាំ ២០២០ នេះ។
អ្នកប្រយុទ្ធមានរហស្សនាម នាគខ្មៅ ឃីម ឌីម៉ា ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសឲ្យជាប់ជម្រើសជាតិ កាលពីចុងខែមិថុនា ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ជំនួសកន្លែងកីឡាករ សែម ណាង (ឡុង សំណាង) បន្ទាប់ពី ឌីម៉ា បានឃ្លាតឆ្ងាយពីសង្វៀនជាង ១ ឆ្នាំ ក្រោយមានរបួសធ្ងន់ធ្ងរ ត្រូវវះកាត់នោះ។
ឃីម ឌីម៉ា មានកម្រិតវប្បធម៌បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យបៀលប្រាយ និងបានប្រឡងជាប់ក្របខ័ណ្ឌជាកងរាជអាវុធហត្ថ នៅខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នបម្រើការនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ស្នាដៃក្នុងអាជីពប្រដាល់ ឌីម៉ា ដណ្តើមបានខ្សែក្រវាត់ចំនួន ៤ ព្រមទាំងឈ្នះមេដាយមាសថ្នាក់ជាតិ ១ និងឯកជន ១។
អ្វីដែលកាន់តែអស្ចារ្យបំផុតនោះ គឺ ឃីម ឌីម៉ា បានឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ ២០១៧ នៅម៉ាឡេស៊ី ហើយបច្ចុប្បន្នមេដាយមាសនោះ ត្រូវបានយកមកតម្កល់ទុកក្នុងសាលវប្បធម៌កីឡានៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ដើម្បីទុកជានិមិត្តរូបសម្រាប់កីឡាករជំនាន់ក្រោយ។
យ៉ាងណាមិញ សម្រាប់ការជាប់ជាជម្រើសជាតិជាថ្មី ឃីម ឌីម៉ា និយាយថា៖ «ឆ្នាំនេះខ្ញុំជាប់ជម្រើសជាតិបន្ត ហើយអ្វីៗដែលខ្ញុំទទួលបានមកដល់ពេលនេះ គឺដោយសារលោកឪពុកខ្ញុំ បានបណ្តុះបណ្តាល ខណៈបច្ចុប្បន្នមានអ៊ំ តែម ម៉ឺន និងមេរបស់ខ្ញុំ លោក រ័ត្ន ស្រេង តែងតែផ្តល់ការឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងទំនុកបម្រុងដល់ខ្ញុំជាប្រចាំ»។
ម្ចាស់មេដាយមាសរូបនេះ បានបន្តថា «របួសខ្ញុំបានជាសះស្បើយ ៩០ ភាគរយ មិនទាន់ធានាប្រកួតបាននៅឡើយ ប៉ុន្តែខ្ញុំត្រូវហាត់បណ្តើរៗ ដោយរំពឹងថា ប៉ុន្មានខែខាងមុខនឹងជាសះស្បើយអាចនឹងប្រកួតបានសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានា»។
តាមលោក ហេង ប៊ុនឃីម ជាគ្រូបង្វឹក និងជាឪពុក បានរៀបរាប់ឲ្យដឹងថា ឃីម ឌីម៉ា បានចាប់ផ្តើមចេញប្រឡុកក្នុងអាជីពប្រដាល់នៅតាមជាយដែន ចាប់តាំងពីរូបគេមានវ័យ ១២ ឆ្នាំ ហើយលុះដល់វ័យ ១៦ ឆ្នាំ ឃីម ឌីម៉ា ចាប់ផ្តើមឈានជើងចេញទៅប្រកួតនៅក្នុងទឹកដីប្រទេសថៃ ខណៈពេលនោះ កេរ្តិ៍ឈ្មោះរបស់ ឌីម៉ា ពុំទាន់ល្បីសុះសាយដល់រាជធានីភ្នំពេញនៅឡើយទេ។
ក្រោយចាប់ផ្តើមឈានជើងចូលប្រឡូកនៅសង្វៀនក្នុងរាជធានីភ្នំពេញ ឃីម ឌីម៉ា បានត្រឹមជាគូប្រកួតបើកឆាកនៅសង្វៀនប៉ុស្តិ៍លេខ ៥ ប៉ុន្តែក្រោយមក ឌីម៉ា ត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកចាប់គូឲ្យប្រកួតជាបន្តបន្ទាប់ រហូតដណ្តើមបានខ្សែក្រវាត់ជាច្រើនយកមកគ្រប់គ្រង ព្រមទាំងឈ្នះមេដាយមាសថ្នាក់ជាតិ។ អ្វីកាន់តែអស្ចារ្យនោះ ឌីម៉ា បានឈ្នះមេដាយមាសស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី មកជូនកម្ពុជា ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេ មានភាពល្បីរន្ទឺពេញប្រទេសកម្ពុជា នៅចុងឆ្នាំ ២០១៧។
ដោយសាតែកេរ្តិ៍ឈ្មោះល្បីរន្ទឺនេះ ឃីម ឌីម៉ា ក្នុងឆ្នាំ ២០១៨ អាចរកប្រាក់ចំណូលបានជាង ១ ពាន់ដុល្លារ ក្នុង ១ ខែៗ ពីការឡើងប្រកួតនៅលើសង្វៀន ដោយរូបគេជួបដៃគូមកពីក្រៅប្រទេស ហើយគិតមកដល់បច្ចុប្បន្ន ឌីម៉ា មានប្រពន្ធ និងទិញផ្ទះនៅក្រុងភ្នំពេញបានសមរម្យ៕