ភ្នំពេញ៖ ​គ្រូ​ប្រដាល់​នៅ​ជាយ​ដែន​ខេត្ត​បន្ទាយមានជ័យ ​លោក ហេង ប៊ុនឃីម ហាក់​បាន​ផ្តល់​ទំនុក​ចិត្ត​តិច​ទៅ​លើ​កូន​ប្រុស​របស់​លោក ឃីម បូរ៉ា ក្នុង​ការ​ឈ្នះ​ខ្សែ​ក្រវាត់​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព ខណៈ បូរ៉ា ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់ ​៦ ០០០ ដុល្លារ ក្នុង​ព្រឹត្តិការណ៍ «កម្ពុជា​សង្វៀន​គុនខ្មែរ» ជាមួយ តាញ់ មករា នៅ​លើ​សង្វៀន CNC ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

យ៉ាងណា​ក៏​ដោយ លោក​ ​ហេង ​ប៊ុន​ឃីម ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ធ្លាប់​សម្ភាស​​ញឹកញាប់​នោះ ​គឺ​តែង​និយាយ​​ត្អូញត្អែរ​មុន​ប្រកួត ដោយ​​ភាគ​ច្រើន​សង្ឃឹម​ឈ្នះ​តិច​ ប៉ុន្តែ​ការ​ប្រកួត​ជាក់​ស្តែង​វិញ ​គឺ​តែងតែ​ល្អ​ជាង​គាត់​អះអាង​។​ ចំណែក​ការ​​ប្រកួត​លើក​នេះ វា​សំខាន់​បំផុត ចំពោះ ឃីម បូរ៉ា ក្នុង​ការ​ស្វែងរក​ឱកាស​ខ្សែ​ក្រវាត់​ជា​លើក​ដំបូង ព្រោះ​ក្នុង​​រយៈពេល​ជាង ​១០ ​ឆ្នាំ​នេះ បូរ៉ា ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ​២ ​ឬ​ជើងឯក​រង​ប៉ុណ្ណោះ​។

តាម​កំណត់ត្រា​នៃ​ការ​ប្រកួត​របស់ ​ឃីម​ បូរ៉ា​ ​រូប​គេ​បាន​ឈាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ចំនួន ​៥ ​លើក ប៉ុន្តែ​បាន​បរាជ័យ​ទាំង ​៥ ​លើក​ ក្នុង​នោះ បូរ៉ា ធ្លាប់​បាន​ចាញ់​កីឡាករ ​ឆាំ​ រ៉ែន ​នៅ ​CNC​, ​ចាញ់ ​សារឹម ​ង៉ា​ នៅ ​SEATV​, ចាញ់ ម៉ន​ សាម៉េត​ នៅ SEATV​, ចាញ់ ​ឡុង​សំណាង ​នៅ​ប៉ុស្តិ៍​លេខ ​៥ ​និង​ចាញ់ ​សៀវ​ ង៉ុយ​ នៅ​សង្វៀន​អប្សរា​។​

ប៉ុន្តែ​កាល ​២ ​សប្តាហ៍​មុន​ ក្នុង​ឆ្នាំ ​២០២០ ​នេះ ​ឃីម​ បូរ៉ា​ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា​ ប្រកួត​បាន​ល្អ​បំផុត​ដោយ​ឈ្នះ​ពិន្ទុ​លើ ឈុតសេរី​ វ៉ាន់ថង​ ជា​ឯកច្ឆន្ទ​ ដើម្បី​ក្លាយ​ជាម្ចាស់​ជើង​ឯក​ប្រចាំ​ក្រុម ​២​។ ចំណែក តាញ់ ​មករា​ ​បាន​ផ្តួល​កីឡាករ បាំង កាយ៉ាក ឲ្យ​សន្លប់​នៅ​ទឹក​ទី ​២​ ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ប្រចាំ​ក្រុម ១។

លោក​ ហេង ប៊ុន​ឃីម ​បាន​​ប្រាប់​​ពី​មូលហេតុ​សំខាន់​នាំ​លោក​សង្ឃឹម​លើ ឃីម បូរ៉ា ​តិច​ថា៖ ​«យើង​ខ្សែ​តូច ​គ្មាន​បក្ខពួក​អ្វី​ទេ ​គឺ​ប្រកួត​​តាម​សមត្ថភាព ​ហើយ​ដូច​លោក​ឃើញ​កន្លង​មក​ហើយ ​បូរ៉ា ​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ធំៗ​ចំនួន ​៥ ​លើក តែ​​មិន​ដែល​បាន​ឈ្នះ​ម្តង​ណា​ទេ ​ហើយ​​រូប​គេ​ក៏​​ធ្លាប់​ទទួល​រង​ភាព​អយុត្តិធម៌​មិន​តិច​នោះ​ដែរ ​ព្រោះ​​សូម្បី​គ្រូ​ជម្រើស​ជាតិ​​ខ្លះ ​ក៏​ដាក់​ពិន្ទុ​កំហុស និង​​ជាប់​ពិន័យ​ផង​ដែរ​។ ​មូលហេតុ​ទាំង​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​ឈ្នះ​តិច​នោះ​»។​

ផ្ទុយ​ពី​នេះ​ ឃីម ​បូរ៉ា ផ្ទាល់​មាន​ទំនុក​ចិត្ត​ថា នឹង​ឈ្នះ។ ប្អូន​ប្រុស​ម្ចាស់​មេដាយ​​មាស ឃីម ឌីម៉ា រូប​នេះ​និយាយ​ថា​៖ «​ចាប់​តាំង​ពី​ចាប់​អាជីព​ប្រដាល់​មក ​គឺ​ខ្ញុំ​​ប្រកួត​មិន​ដែល​ធ្វើ​ពុត ​ឬ​ទទួល​សំណូក​ទេ ​ហើយ​ការ​ប្រកួត​លើក​នេះ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព រីឯ​​រឿង​គេ​ឲ្យ​ឈ្នះ​ ឬ​ចាញ់ ​គឺ​នៅ​លើ​ចៅក្រម ​និង​គណៈកម្មការ​ ប៉ុន្តែ​​សម្រាប់​ខ្ញុំ​គិត​ថា ​នឹង​ឈ្នះ»​។​

ដោយ​ឡែក លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក​ តាញ់​ មករា ​គឺ​មាន​រំពឹង​ខ្ពស់​លើ​កូន​សិស្ស​របស់​លោក ដោយ​និយាយ​ថា​៖ «តាញ់ មករា ​ហ្វឹកហាត់​​ត្រៀម​បាន​ល្អ ​ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៨០ ​ភាគរយ ​ដោយ​កម្លាំង​ល្អ​ជាង​ ចូល​វាយ​សម្រុក​ចិត្ត​ធំ​ជាង​ ហើយ​នៅ​​ក្នុង​អំឡុង​ប្រកួត​​កម្មវិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ​នេះ មករា ​ធ្លាប់​ឈ្នះ​ថៃ ​២ ​នាក់ ​និង​ចុង​ក្រោយ​ឈ្នះ​ បាំង កាយ៉ាក»​។​

ជាមួយ​គ្នា​នេះ ប្រភព​ពី​អ្នក​វិភាគ​ក្រៅ​ផ្លូវ​ការ​គេ​ហ៊ាន​ទស្សន៍ទាយ​មុន​ថា​ ក្នុង​ករណី​​​ការ​ប្រកួត​​មាន​លក្ខណៈ​​ប្រហាក់​ប្រហែល​គ្នា ​ឬ​ចាញ់​ឈ្នះ​មិន​ដាច់​នោះ ​គឺ​ជ័យជម្នះ​នឹង​បាន​ទៅ​លើ​​ ​តាញ់ ​មករា ​ព្រោះ​​​មាន​ខ្សែ និង​បក្ខពួក​ធំ​ជាង ​ឃីម​ បូរ៉ា​​។

លោក ​ឃ្លី ​​កាអិត​ អ្នក​តាមដាន ​និង​ភ្នាល់​ប្រដាល់​នៅ​ខេត្ត​និយាយ​ថា​៖ ​«​គូ​នេះ​គេ​ហ៊ាន​យក ​តាញ់​ មករា ត​ឲ្យ បូរ៉ា​ ១០ ​ស៊ី ​៦ ហើយ​ការ​ភ្នាល់​លុយ គេ​មិន​​វិភាគ​លើ​ក្បាច់​គុន​ប៉ុន្មាន​ទេ គឺ​​គេ​គិត​ពី​ខ្សែ​ និង​បក្ខពួក​របស់​ក្លិប ​និង​កីឡាករ ​ហើយ​​​ប្រភព​ពី​ទីផ្សារ​ងងឹត​ចេញ​ពី​មន្ត្រី​ខិលខូច​ចាស់​វស្សា​ដុះ​ស្លែ​ ក្នុង​សហព័ន្ធ​តែ​ម្តង ​ដែល​ជា​អ្នក​ទម្លាយ​ការ​សន្និដ្ឋាន​ជា​ព័ត៌មាន​​អាថ៌​កំបាំង​នៃ​ការ​ឈ្នះ​ចាញ់​ជា​មុន​នេះ ​ហើយ​លទ្ធផល​ភាគ​ច្រើន ​ទៅ​តាម​នោះ​រាល់​លើក»​​៕