ភ្នំពេញ៖ ​កីឡាករ​​មក​ពី​ខេត្ត​បន្ទាយមានជ័យ ឃីម បូរ៉ា ដែល​​ឆ្លង​កាត់​អាជីព​ជា​អ្នក​ប្រដាល់​លើ​សង្វៀន​អស់​រយៈពេល ​១៤ ​ឆ្នាំ​នោះ ទើប​រក​ឃើញ​នូវ​ជ័យជម្នះ​ដ៏​ធំ​ចំពោះ​ខ្លួន​ឯង គឺ​ការ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ ​៦០ ​គ.ក្រ អម​ជាមួយ​​ប្រាក់​រង្វាន់ ​២៤ ​លាន​រៀល បន្ទាប់​ពី​ចៅក្រម​បាន​ផ្តល់​ពិន្ទុ​ឲ្យ​​រូប​គេ​ឈ្នះ តាញ់ មករា នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន CNC កាល​ពី​ថ្ងៃ​សៅរ៍។

ឃីម បូរ៉ា ដែល​បាន​ហែល​ឆ្លង​ខ្សែ​ជីវិត​ជា​អ្នក​ប្រដាល់​​តាំង​​ពី​​អាយុ ​១០ ឆ្នាំ​នោះ ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន ​៥ ​លើក ​ប៉ុន្តែ​ត្រូវ​បរាជ័យ​។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី ​៦ ​នេះ ឃីម បូរ៉ា បាន​រក​ឃើញ​ជ័យជម្នះ​របស់​ខ្លួន​ហើយ ហើយ​​ក្រោយ​ពី​ប្រកាស​លទ្ធផល​ភ្លាមៗ​ លោក​ ហេង ​ប៊ុនឃីម ​ជា​ឪពុក ​និង​ជា​គ្រូ​បង្វឹក​បាន​​ស្ទុះ​ទៅ​ឱប​លើក​ព​ ​ឃីម ​បូរ៉ា ​នៅ​លើ​សង្វៀន​ សម្តែង​ពី​ការ​រំភើប ​ខណៈ​មុន​ការ​ប្រកួត​លោក​រំពឹង​ឈ្នះ​តិច​បំផុត​។

នៅ​ក្នុង​ជំនួប​ប្រកួត​ដែល​ទាក់ទាញ​បំផុត​នោះ តាញ់​ មករា ​ព្យាយាម​វាយ​ប្រហារ​ដោយ​ទាត់​ជើង​ក្រោម​បំបែក​ល្វែង​ក្រោម​ តែ​មិន​អាច​ផ្តួល​បាន​ ចំណែក​ ឃីម​ បូរ៉ា ​ព្យាយាម​ចូល​​បោះ​ជង្គង់​ ​កែង​ និង​កណ្តាប់​ដៃ​បាន​ល្អ​ ហើយ​ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ​ជា​ឯកច្ឆន្ទ ៥-០ ​​តែ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ខាង ​តាញ់ ​មករា​ មិន​អស់​ចិត្ត និង​​នាំ​គ្នា​រអ៊ូ​ក្រៅ​ផ្លូវ​ការ​។​

លោក​ ធន់ ​សុភា​ ដែល​ជា​គ្រូ​បង្វឹក តាញ់ មករា ​ដែល​មាន​វត្តមាន​ឲ្យ​ទឹក​ផ្ទាល់​លើ​សង្វៀន​បាន​និយាយ​ថា​៖ «​គ្មាន​ការ​តវ៉ា​ពី​លទ្ធផល​នេះ​ទេ​។ ​ចាញ់ ​ឬ​ឈ្នះ ​ជា​សិទ្ធិ​របស់​ចៅក្រម​គណៈកម្មការ​ ​ព្រោះ​ពិន្ទុ ​៥ ​ទល់ ​០ ​ហើយ​ខ្ញុំ​គិត​ថា​ កូន​សិស្ស​របស់​ខ្ញុំ​ និង​ខ្លួន​ខ្ញុំ ​ដូច​ជា​មិន​អស់​ចិត្ត​»។​

ជាមួយ​គ្នា​នោះ​ តាញ់ ​មករា ដែល​បាន​ប្រាក់​រង្វាន់ ​១២ លាន​រៀល បាន​​សម្តែង​កាយ​វិការ​សោកស្តាយ​ និង​មិន​អស់​ចិត្ត ​ប៉ុន្តែ​បាន​ទទួល​ស្គាល់​ពី​លទ្ធផល​ជា​ផ្លូវ​ការ ​ដោយ​អះអាង​ថា​ ទទួល​ស្គាល់​លទ្ធផល​នេះ​។​

ចំណែក​លោក ហេង ​ប៊ុន​ឃីម បាន​​និយាយ​ក្រោយ​ប្រកួត​ថា​៖ ​«លទ្ធផល​នេះ ​ឈ្នះ​មិន​ដាច់​ ហើយ​ពិន្ទុ​ពី​ចៅ​ក្រម​ដោយ​ឯកច្ឆន្ទ​ វា​ជា​សិទ្ធិ​សម្រេច​របស់​គេ​។ ​វ៉ៃ​ប៉ុណ្ណឹង​ ​បើ ​បូរ៉ា​ ចាញ់​ ក៏​ខ្ញុំ​​គ្មាន​អ្វី​តវ៉ា​នោះ​ដែរ​ គឺ​ខ្ញុំ​គោរព​តាម​បច្ចេកទេស​សហព័ន្ធ​ ព្រោះ​មុន​ប្រកាស​លទ្ធផល​ ខ្ញុំ​ក៏​មិន​ទាន់​ទុក​ចិត្ត​ ឬ​ប្រាកដ​ថា​ បូរ៉ា ​ឈ្នះ​ដែរ ​ហើយ​លទ្ធផល​ប្រហាក់ប្រហែល​បែប​នេះ​ កន្លង​មក​ខ្ញុំ​គ្មាន​សង្ឃឹម​ឈ្នះ​ឡើយ ​តែ​ពេល​នេះ​មិន​ដូច​មុន​​»​។​

ចំណែក ឃីម ​បូរ៉ា​ បាន​និយាយ​ថា​៖ «ខ្ញុំ​រំពឹង​ឈ្នះ​តាំង​ពី​មុន​ពេល​ប្រកាស​ ព្រោះ​ខ្ញុំ​វាយ​ចេញ​ផ្នែក​កែង​ និង​កណ្តាប់​ដៃ​ចូល​ច្រើន​។ ​ខ្ញុំ​មិន​មែន​ថា ​​តាញ់ ​មករា ​ខ្សោយ​ទេ គឺ​​គាត់​ខ្លាំង ​ព្រោះ​ទម្ងន់​ជើង​របស់​គាត់​ ទាត់​មក​លើ​ខ្ញុំ​ម្តងៗ​ឈឺ​លំបាក​ទ្រាំ​»។​

នៅ​ពេល​សួរ​ថា ​ក្រោយ​ឈ្នះ​ខ្សែ​ក្រវាត់​នេះ បូរ៉ា ​មាន​គម្រោង​សម្រាក​ខ្លះ​ឬ​យ៉ាង​ណា​? ឃីម ​បូរ៉ា​ បាន​ឆ្លើយ​តប​ថា៖ ​«​តាម​ពិត​ចង់​សម្រាក​ ព្រោះ​សុខភាព​ខ្ញុំ​ មិន​សូវ​ល្អ​បរិបូរណ៍​ទេ​ ប៉ុន្តែ​លោក​ប៉ា ​និង​ខ្ញុំ ​​បាន​ជាប់​កិច្ច​សន្យា ​២ ​ប្រកួត​ទៀត​ ​គឺ​ចុង​ខែ​មិថុនា​ ​នៅ​សង្វៀន ​PNN​ និង​ដើម​ខែ​កក្កដា ​នៅ​សង្វៀន​ថោន​ ​Mas Fight ​Cambodia»។​

ចំណែក​លោក ​តែម​ ម៉ឺន​ ប្រធាន​​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​​និយាយ​ថា​៖ «​យើង​ប្រជុំ​បច្ចេកទេស​ និង​បន្ថែម​ការ​អប់រំ​ណែនាំ​ជា​ប្រចាំ​ដល់​មន្ត្រី​ចៅក្រម​ ឲ្យ​ផ្តល់​ពិន្ទុ​មាន​ភាព​សុក្រឹត​យុត្តិធម៌​ទទួល​យក​បាន ​គឺ​អ្នក​ឈ្នះ​ ឈ្នះ​ដោយ​កិត្តិយស ​និង​អ្នក​ចាញ់ ចាញ់​​ដោយ​​អស់​ចិត្ត​ ព្រោះ​​ការងារ​បច្ចេកទេស​កាត់​ក្តី​ឈ្នះ ​ឬ​ចាញ់​នេះ ​គឺ​នៅ​​ទូទាំង​ពិភព​លោក ​មិន​ងាយ​ត្រូវ​ចិត្ត​ភាគី​ទាំង​សង​ខាង​នោះ​ទេ​ គឺ​លើក​លែង​តែ​ឈ្នះ​ ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទើប​គ្មាន​ការ​រិះ​គន់»​៕