ភ្នំពេញៈ កីឡាករ​កម្ពុជា​ ​ង៉ែត្រ ​រដ្ឋា​ និង គឹម វាសនា សុទ្ធ​តែ​បន្ត​ចាញ់​យ៉ាង​គ្រាំ​គ្រា ក្នុង​ការ​ប្រ​កួត​​ជម្រុះ​សន្សំពិន្ទុ ​​ដណ្តើម​ខ្សែ​ក្រ​វាត់​ខារ៉ាបាវ ​ទម្ងន់​ ៦៥ គីឡូក្រាម ​ប្រចាំ​សប្តាហ៍​ទី​ ៤ ជុំ​ទី​ ២ ​នៅ​លើ​សង្វៀន SEATV កាល​ពី​ល្ងាច​សៅរ៍ ដោយ​ក្នុង​នោះ រដ្ឋា ​បាន​បន្ត​ចាញ់​កីឡាករ​ថៃ ​Sen Khoum ដោយ​ពិន្ទុ ​ឯ ​គឹម ​វាសនា ​ត្រូវ​បាន​​ថៃ​ Kreng Krai វាយ​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២​។

ង៉ែត្រ ​រដ្ឋា ​ដែល​ត្រូវ​បាន​ Kreng Krai ​វាយ​​ឲ្យ​សន្លប់​ធំ ​នៅ​ក្នុងទឹក​ទី ​៤​ យ៉ាង​គ្រាំ​គ្រា កាល​​ប្រកួត​ជុំ​ទី ​១ ​នោះ ​គឺ​គេ​បាន​​ចាញ់​ ​Sen Khoum​ យ៉ាង​គ្រាំ​គ្រា​បន្ត​ទៀត​ ទោះ​បីរូប​គេ​​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ក៏​​ដោយ​។

ការ​ប្រកួត​​របស់​អ្នក​ទាំង ​២ ​នេះ គឺមាន​​ស្វិត​ស្វាញ​ និង​ជក់​ចិត្ត ​ព្រោះ ង៉ែត្រ ​រដ្ឋា ​​បាន​ខំ​​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​ ប៉ុន្តែនៅ​តែ​​មិន​អាច​ធ្វើ​បាន​ល្អ ​និង​ទៅ​រួច​ជា​មួយ​កីឡាករ​ថៃ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ ង៉ែត្រ ​រដ្ឋា ​វាយ​បាន​ល្អ​ជាង​លើក​មុន ​ដោយ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ Sen Khoum ​ឈ្នះ​ពិន្ទុ​ទាំង​លំបាក ​និង​ឈឺ​ខ្លួន​មិន​តិច​ដែរ​​។

​ង៉ែ​ត្រ រដ្ឋា ​បាន​​និយាយ​ក្រោយ​ប្រ​កួត​ថា​៖ «​ខ្ញុំបាន​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​ ហើយ​ការ​ប្រកួត​ ពិត​ជា​ប្រឹង​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​កីឡាករ​ថៃ​ល្អ​ជាង​​ខ្ញុំ​​»។​ រដ្ឋា​ បន្តថា៖​«​ទោះ​បី​ខ្ញុំ ​ត្រូវ​ធ្លាក់​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​ប៉ុន្តែ​ការ​ប្រកួត​នៅ​សល់​២​ លើក​ទៀត ​ខ្ញុំ​នឹង​ប្រឹង​ហ្វឹក​ហាត់​ហើយ​ប្រកួត​ឲ្យ​អស់​សមត្ថភាព​ទៀត ​ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ»​។​

ចំណែក​កីឡាករ​ គឹម​ វាសនា ​ដែល​​ត្រូវ​បាន​កីឡាករ​ថៃ ​Sen Khoum វាយ​ឲ្យ​សន្លប់​​ក្នុង​ទឹក​ទី​ ២ សម្រាប់​ការ​ប្រកួត​ជុំ​ទី​ ១​ កន្លង​មក​នោះ ​​គឺ​រូប​គេ​​បាន​បន្ត​ មក​សន្លប់​ក្នុង​​ទឹក​ទី ​២ ក្រោម​ស្នាដៃ​ Kreng Krai វិញ​ម្តង​ ហើយ​លទ្ធផល​នេះ​​ធ្វើ​ឲ្យ ង៉ែត្រ រដ្ឋា និង គឹម វាសនា​អស់​ឱកាស​ប្រជែង​រក​ឱកាស​ឡើង​ទៅ​​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រដូច​គ្នា បើ​ទោះ​បីជា​ពួក​គេ នៅ​សល់​ ២ ​ប្រកួតក្នុង​ដៃ​​ទៀត​ក៏​ដោយ​។​​

គួរ​​បញ្ជាក់​ថា ​ការ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រ​​វាត់​​ខារ៉ាបាវ​ រដូវ​កាល​ទី​ ៥​ នេះ ​​មាន​កីឡាករ​កម្ពុជា ​៤ ​នាក់ និង​ថៃ​ ៤​ នាក់ ដោយ​ចែក​ជា ​២ ពូល។ ពូលកម្ពុជា និង​ពូល​ថៃ ​ត្រូវ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ដោយ​យក​​អ្នក​មាន​​ពិន្ទុខ្ពស់​ជាង​គេ ​តាម​ពូល​ទាំង​ ២ ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​តែ​ម្តង ដើម្បី​យក​ខ្សែ​ក្រវាត់​អម​ជាមួយ​ប្រាក់​រង្វាន់​ ៥០០០ ​ដុល្លារ និង​ ៣០០០ ​ដុល្លារ គឺ​គ្មានវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទេ។

យោង​តាម​ការ​ប្រកួត​ ៤​ សប្តាហ៍​កន្លង​មក​នេះ កីឡាករ​កម្ពុជា ​ផាន់ ​គ្រាន់​ ​​អាចមាន​ភាព​រយ​ខ្ពស់​ជាង​គេ ក្នុងការ​ទទួល​បាន​ឱកាស​ ​ឡើង​ទៅ​​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ តំណែង​ឲ្យ​កម្ពុជា​ ដែល​តាម​ពី​ក្រោយ​ដោយ ​មាស ​ច័ន្ទមាន ប៉ុន្តែ ង៉ែត្រ រដ្ឋា និង គឹម វាសនា អស់​ឱកាស​ហើយ។ យ៉ាង​ណា​ក៏​ដោយ ​​​កីឡាករ​ថៃ​ ​មាន​សមត្ថភាព​​ល្អ​​ជាង​កីឡាករ​កម្ពុជា ​ហើយ​តាម​ការ​វាយ​តម្លៃ​ជា​ទូ​ទៅ​របស់​អ្នក​និយម​ទស្សនាការ​​ប្រ​ដាល់​ គេ​ហ៊ាន​ទស្សន៍​ទាយ​ថា ​ខ្សែ​ក្រ​​វាត់​នេះ អាច​នឹង​បាន​ទៅ​លើ​កីឡាករ​ថៃ​៕