ភ្នំពេញៈ ជាមួយជីវភាពក្រខ្សត់ បានព្រឹកខ្វះល្ងាចនៃគ្រួសារកសិករមួយ ក្នុងខេត្តតាកែវ ហើយបានផ្លាស់ប្ដូរជីវិតមករស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីរកប្រាក់ចិញ្ចឹមជីវភាព និងបន្តការសិក្សាផងនោះ លោក គង់ ចាន់ធីណា បានប្រែក្លាយខ្លួនឯងពីអ្នករុញរទេះលក់ទឹកតាមជញ្ជើមថ្នល់ ក្រោមកម្ដៅថ្ងៃផង ភ្លៀងផង អស់រយៈពេលជិត ៥ ឆ្នាំ ទើបក្លាយជាគ្រូបង្វឹកកីឡា និងឈានឡើងទៅដល់អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា មកដល់បច្ចុប្បន្ន។
ភាពរីកចម្រើនក្នុងគ្រួសារ និងស្នាដៃរបស់លោក ចាន់ធីណា មកដល់សព្វ ត្រូវបានលោកអះអាងថា បានមកពីការព្យាយាម និងចាប់យកមុខរបរជាគ្រូបង្វឹកក្បាច់គុនផ្នែកកីឡា Hapkido ដើម្បីចិញ្ចឹមគ្រួសារ ទាំងស្រុង ហើយតាមរយៈក្បាច់គុននេះ បានជួយឲ្យលោកចេញពីភាពក្រខ្សត់ ទៅជាមនុស្សម្នាក់ ដែលមានរាងកាយមាំមួន សុខភាពល្អ និងយកជំនាញក្បាច់គុននេះ រកចំណូល ដើម្បីចិញ្ជឹមគ្រួសារបានចាប់ពី ៧០០ ដុល្លារទៅ ១០០០ ដុល្លារក្នុង ១ ខែ។ លោកបានអូសទាញប្រពន្ធ និងកូនទាំង ៣ នាក់ ឲ្យហាត់ និងគាំទ្រកីឡាហាប់គីដូនេះទាំងអស់គ្នា រហូតមកដល់សព្វថ្ងៃ។
ការលះបង់មុខរបរជាកម្មករអូសទឹកលក់ មកចាប់យកមុខរបបជាគ្រូក្បាច់គុននេះ គឺលោក គង់ ចាន់ធីណា បានចំណាយពេល ៥ ឆ្នាំ ដោយហ្វឹកហាត់ជាមួយលោកគ្រូចំនួន ៣ នាក់មានលោក ស៊ាន គឹមសាន,លោកគ្រូ ហុក ឈាងគីម,លោកគ្រូ អ៊ឹង សំរេច និងសិស្សច្បង ទួន សារ៉ា ហៅទី (ស្លាប់)។
រហូតមកដល់ពេលនេះ លោក គង់ ចាន់ធីណា ដែលមានអាយុ ៥០ ឆ្នាំ និងមានលំនៅបច្ចុប្បន្ន នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យនោះ មានខ្សែក្រវាត់ខ្មៅ ៦ ដាន់ ដោយមានមុខរបរជាគ្រូបង្វឹកកីឡាហាប់គីដូផង និងជាអគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូផង ហើយប្រពន្ធជាស្ត្រីមេផ្ទះ និងមានកូន ៣ នាក់ កូនប្រុសអាយុ ១៨ ឆ្នាំ ខ្សែក្រវាត់ខ្មៅ ២ ដាន់ កូនស្រីទី ២ មានអាយុ ១៣ ឆ្នាំ មានខ្សែក្រវាត់ខ្មៅ ១ ដាន់ និងកូនពៅ អាយុ ១០ ឆ្នាំ មានខ្សែក្រវាត់លឿន គឺពួគេសុទ្ធតែជាអ្នកហាត់កីឡានេះទាំងអស់ ដែលជាគ្រួសារមួយប្លែកពីគេ គឺរកស៊ីបង្ហាត់ក្បាច់គុន។
លោក គង់ ចាន់ធីណា បាននិយាយថា លោកបានហាត់ក្បាច់គុននេះ តាំងពីមុនបង្កើតសហព័ន្ធម្ល៉េះ គឺពីឆ្នាំ ១៩៨៧ រហូតដល់ឆ្នាំ ១៩៩០ ហើយពីឆ្នាំ ១៩៩១ និងជាបន្តបន្ទាប់ លោកបន្តហាត់កីឡានេះផង និងបានរកការងារថ្មី គឺបម្រើខាងនគរបាលរបស់ក្រសួងមហាផ្ទៃផង។ ក្រោយសហព័ន្ធ បង្កើតឡើង លោកបានចូលរួមនិងឆ្លៀតទៅជួយបង្រៀនសិស្សគុនខ្លះៗ ជាកូនមិត្តភក្ដិនៅតាមផ្ទះរៀងរាល់ថ្ងៃក្រៅពីការងាររដ្ឋ។
លោកបន្តថា៖ «ការងារទាំងនេះ ធ្វើឱ្យជីវភាពរបស់ខ្ញុំ កាន់តែមានភាពប្រសើរឡើង បន្តិចម្ដងៗ ហើយមកដល់ឆ្នាំ ២០០១ ជីវភាពក្រុមគ្រួសាររបស់ខ្ញុំ កាន់តែលូតលាស់ខ្លាំងទៅៗ ហើយការងារទៅបង្ហាត់នៅតាមផ្ទះនេះ គឺខ្ញុំបានបន្តរហូតចូលបម្រើការងារ ជានគរបាលដល់បច្ចុប្បន្ន។ ខ្ញុំបម្រើការងារជានគរបាលជាង ២០ ឆ្នាំទទួលបានឋានន្តរស័ក្តិត្រឹមអនុសេនីយ៍ឯក ប៉ុន្តែដោយសារខ្ញុំមានចំណេះក្បាច់គុនហាប់គីដូនេះស្ទាត់ជំនាញ គឺនៅឆ្នាំ ២០១២ ក្រសួងមហាផ្ទៃ បានផ្ទេរខ្ញុំមកនៅអង្គភាពកីឡាក្រសួងមហាផ្ទៃ ដោយបច្ចុប្បន្ន ខ្ញុំជាវរសេនីយ៍ត្រី និងជាជំនួយការប្រធានអង្គភាពទទួលបន្ទុកបង្វឹកកងកម្លាំងសមត្ថកិច្ច ផង»។
ប្រពន្ធរបស់លោក ចាន់ធីណា គឺអ្នកស្រី ស្ដើង សំរិទ្ធ ដែលគាំទ្រមុខរបរប្តីបានប្រាប់ថា៖ «កាលដំបូងឡើយ ខ្ញុំក៏ធ្លាប់ខឹងនឹងគាត់ដែរ ដែលគាត់និយមចូលចិត្តកីឡា ព្រោះកាលនោះជីវភាពនៅខ្វះខាតច្រើន ហើយគាត់នៅតែបន្តហាត់កីឡាទៀត ទាំងមិនមានប្រាក់ចំណូល ហើយថែមទាំងត្រូវចំណាយទៅវិញទៀត ប៉ុន្តែដំណាក់កាលបន្តបន្ទាប់ ខ្ញុំគិតថា ការហាត់កីឡាមានប្រយោជន៍ល្អ ចំពោះសុខភាពដែរ និងគ្មានពេលចំណាយទៅដើរលេងឥតប្រយោជន៍ ពិសេសគាត់ទទួលបានប្រាក់ចំណូលពីការបង្ហាត់គេ»។
អ្នកស្រីបន្តថា៖ «ដោយសារតែកីឡានេះហើយ បានធ្វើឱ្យជីវភាពគ្រួសារខ្ញុំ អាចរស់បានក្នុងជីវភាពសមរម្យ និងមានសុភមង្គល ក្នុងគ្រួសារដល់សព្វថ្ងៃ ដោយចាកចេញពីភាពក្រខ្សត់។ ជាងនេះទៅទៀតប្តីនាងខ្ញុំ ដែលនិយមចូលចិត្តផ្នែកកីឡា គាត់មានទម្លាប់មិនពិសាបារី ផឹកគ្រឿងស្រវឹង ឬដើលេងនោះទេ។ ក្រៅពីការងារនគរបាល គឺកីឡាមួយគ្រួសារតែប៉ុណ្ណោះ ហើយផលប្រយោជន៍មួយទៀត ដែលខ្ញុំពេញចិត្ត គឺសុខភាពរាងកាយមាំមួន ដោយក្នុងគ្រួសារទាំងមូល មិនដែលចេះឈឺធ្ងន់ម្តងណាទេ»។
លោកឧកញ៉ា សៅ សេងហាក់ប្រធានក្រុមហ៊ុនឡារីតា បានថ្លែងថា៖ «ទោះជាខ្ញុំជាប់រវល់ខ្លាំងក្នុងការងាររកស៊ី ប៉ុន្តែខ្ញុំបានសម្រេចជួល លោក ចាន់ធីណា ឲ្យមកបង្ហាត់ខ្ញុំដល់ផ្ទះ។ ខ្ញុំហាត់ជាង ៣ ឆ្នាំមកហើយ និងទទួលបានខ្សែក្រវាត់ខ្មៅ ២ ដាន់ហើយបច្ចុប្បន្នត្រូវបានសិស្សគុន និងសហព័ន្ធផ្តល់កិត្តិយសឲ្យខ្ញុំ ធ្វើជាអនុប្រធាន ដើម្បីគាំទ្រកីឡាហាប់គីដូនេះឲ្យមានការរីកចម្រើនបន្ត»។
ជាមួយប្រវត្តិតស៊ូយ៉ាងអត់ធ្មត់បំផុតរបស់ លោក ចាន់ធីណា បានធ្វើឲ្យកីឡាហាប់គីដូ មានការរីកដុះដាល និងបានទាក់ទាញយុវជនឲ្យចូលមកហាត់កីឡាប្រភេទនេះតាមទីសាធារណៈគួរកត់សម្គាល់ ក្នុងនោះមាននៅទល់មុខវត្តបទុម រាល់ពេលព្រឹក មានសិស្សសាលាប្រ៊ីតស្តុនបឹងត្របែក,ស្ទឹងមានជ័យ,ផ្សារសុវណ្ណា ជិតពេទ្យរុស្សីហើយបច្ចុប្បន្នមានទីតាំងហ្វឹកហាត់លក្ខណៈស្តង់ដារនៅក្នុងពហុកីឡដ្ឋានជាតិ ដែលមានការជួយឧបត្ថម្ភគាំទ្រពីលោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ខណៈសព្វថ្ងៃនេះ សហព័ន្ធកីឡាហាប់គីដូកម្ពុជា មានក្លិបចំនួន ៥ និងមានកីឡាករកីឡាការិនីជាង ២០០ នាក់ឯណោះ៕