ភ្នំពេញ: អ្នក​ប្រដាល់​ជំនាញ​វាយ​កែង និង​ប្រើ​ជង្គង់ សួន ចាន់នី (​សូត្រ ប៊ុនធី​) បាន​បង្កើន​ការហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​សម្រួច​ខ្លាំង​ទៅ​លើ​ជំនាញ​វាយ​កែង ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​រូបគេ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ Maisut ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន CNC នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ចំណែក ពុទ្ធ ម៉ាណូយ ក៏​ត្រៀម​ស្វាគមន៍​កីឡាករ​បារាំង Murin Charlie ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ​។

ការវិល​មក​ជួប​គ្នា​របស់ សួន ចាន់នី និង Maisut វា​បាន​ក្លាយ​ជា​ការប្រកួត​សងសឹក​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ព្រោះ​ការជួប​គ្នា​លើក​ដំបូង​កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា ឆ្នាំ​ ២០១៨ នៅលើ​សង្វៀន CNC នេះ ចាន់នី បាន​ចាញ់​ Maisut ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។

ប៉ុន្តែ​លោក សួន ប៊ុនសូត្រ ដែល​ជា​ឪពុក និង​ជា​គ្រូបង្វឹក សូត្រ ប៊ុនធី បាន​ចាត់​ទុក​ការចាញ់​កាល​នោះ​ថា មកពី សួន ចាន់នី សម្រក​ទម្ងន់​ខ្លាំង​ពេក ដើម្បី​ចូលរួម​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០១៨ ហើយ​ជំនួប​របស់ ចាន់នី និង Maisut កាល​នោះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​ការប្រកួត​ថ្នាក់ជាតិ​ផង​ដែរ​។

លោក ប៊ុនសូត្រ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ការ​ចាញ់​លើក​មុន ដោយសារ ចាន់នី បាន​សម្រក​ទម្ងន់​ច្រើន​ពេក ហើយ​ការប្រកួត​នោះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​នៅ​ក្រោយ​ការប្រកួត​ថ្នាក់ជាតិ​របស់ ចាន់នី អ៊ីចឹង​ហើយ​ទើប​កូន​របស់​ខ្ញុំ​ឆាប់​ធ្លាក់​កម្លាំង និង​បាន​ចាញ់​ថៃ​ម្នាក់​នោះ ប៉ុន្តែ​លើក​នេះ​យើង​ហ្វឹកហាត់​ត្រៀម​បាន​យ៉ាង​ល្អ​»​។

តាមរយៈ​ការប្រកួត​កាលពី​ឆ្នាំ​ ២០១៨ ​នោះ ប៊ុនធី មាន​ការលំបាក​ខ្លាំង​ក្នុង​ការចូលចាប់​បុក​ជង្គង់ និង​វាយ​កែង​ទៅ​លើ Maisut ខណៈ​កម្លាំង​របស់​គេ​បាន​ស្ថិត​ក្រោម​ថៃ​ម្នាក់​នោះ ហេតុនេះ​រូបគេ​បាន​ប្រើ​ការទាត់ និង​ការម៉ាត់ ដើម្បី​ទប់ទល់ Maisut តែ​ការធ្លាក់ចុះ​កម្លាំង​នៅ​ទឹក​ទី​ ៤ និង​ទឹក​ទី​ ៥ បាន​ធ្វើឲ្យ​រូបគេ​ចាញ់​ប្រៀប Maisut ច្រើន​ទើប​ចៅក្រម​ទាំង​ ៥ ​នាក់​បាន​ដាក់​ពិន្ទុ​ឲ្យ ចាន់នី ចាញ់​ថៃ​ម្នាក់​នេះ​ជា​ឯកច្ឆន្ទ ៥-០​។

ទោះបី​ជា​យ៉ាង​ណា​លោក ប៊ុនសូត្រ បាន​បន្ថែម​ថា​៖ «​លើក​នេះ​យើង​បាន​ប្រឹងប្រែង​ខ្លាំង ហើយ​ខ្ញុំ​ក៏​បាន​បង្វឹក​បន្ថែម​ទៅ​លើ​ស្នៀត​កែង​របស់ ចាន់នី ផង​ដែរ ព្រោះ​ការប្រកួត​នេះ​យើង​នឹង​ប្រើ​កែង​ភាគច្រើន ដើម្បី​ប្រកួត​ជាមួយ Maisut ហើយ​ខ្ញុំ​ជឿ​ថា​ការប្រឹងប្រែង​ហ្វឹកហាត់​រាល់​ថ្ងៃ​នេះ​នឹង​ធ្វើឲ្យ ចាន់នី មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការចូល​ចាប់វាយ​កែង​ទៅ​លើ​ថៃ​ម្នាក់នេះ​បាន គឺ​មិន​ដូច​ការប្រកួត​មុន​ឡើយ​»​។

យ៉ាងណា​ក៏ដោយ​គេ​នៅ​មិន​ដឹង​ថា សួន ចាន់នី អាច​ធ្វើ​បាន​ល្អ ដើម្បី​សម្រេច​ការសងសឹក​ទៅលើ Maisut ឬ​បន្ត​ចាញ់​ទៀត​នោះ​ទេ ព្រោះ​ថៃ​ម្នាក់​នេះ​មាន​សមត្ថភាព និង​បច្ចេកទេស​ប្រកួត​ល្អ ហើយ​គេ​ធ្លាប់​បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា​ច្រើន​មក​ហើយ​ក្នុង​នោះ​គេ​បាន​ឈ្នះ ឃីម ឌីម៉ា ២ ​លើក ឈ្នះ វេង សុភ័ក្រ ២ ​លើក ឈ្នះ​ចាញ់​ជាមួយ ផល សោភ័ណ្ឌ ឈ្នះ ឃីម បូរ៉ា ឈ្នះ ឡុង សំណាង និង​បាន​ស្មើ​ពិន្ទុ​ជាមួយ​ជើង​ខ្លាំង ឡៅ ចន្ទ្រា​។

នៅពេល​រំឮក​ដល់​ជ័យជម្នះ​របស់ Maisut លើ​កីឡាករ​កម្ពុជា​លោក សួន ប៊ុនសូត្រ បញ្ជាក់​ថា​៖ «​ពិតណាស់​ថៃ​ម្នាក់​នេះ​ធ្លាប់​បាន​ឈ្នះ​កម្ពុជា​ច្រើន​នាក់​ហើយ ហេតុនេះ​ការប្រឹងប្រែង​របស់ ចាន់នី នៅពេល​នេះ​គឺ​ដើម្បី​យក​ឈ្នះ​ថៃ​ម្នាក់​នេះ​ព្រោះ​យើង​ចង់​ឲ្យ​គេ​ស្គាល់​រសជាតិ​ចាញ់​វិញ​ម្តង​»៕