ភ្នំពេញៈ កីឡាករកម្ពុជា ចាន់ ប៊ុនលាភ បានបង្ហាញពីការបាក់ស្បាតដោយមិនចង់ជួប Chhouk Chhai ម្តងទៀតទេ បន្ទាប់ពីជើងខ្លាំងរបស់ថៃម្នាក់នេះបានបុកជង្គង់ឲ្យរូបគេសន្លប់ក្នុងទឹកទី ៤ សម្រាប់ការប្រកួតអន្តរជាតិ នៅសង្វៀន SEATV កាលពីថ្ងៃអាទិត្យ ប៉ុន្តែ សូត្រ ប៊ុនធី បានបុកជង្គង់ឲ្យថៃ Dav Oudorm សន្លប់ធំរហូតមានការសង្គ្រោះពីគ្រូពេទ្យ។
ចាន់ ប៊ុនលាភ បានចាត់ទុកការប្រកួតជាមួយជើងខ្លាំង Chhouk Chhai កាលពីថ្ងៃអាទិត្យនោះ ប្រៀបដូច «កូនវ៉ៃជាមួយឪពុក»។ ប៊ុនលាភ បាននិយាយក្រោយប្រកួតថា៖ «ខ្ញុំប្រឹងអស់ពីលទ្ធភាព និងចង់គេចពីសន្លប់ដែរ ដោយចង់ចាញ់ត្រឹមពិន្ទុ ប៉ុន្តែអាជ្ញាកណ្តាលបានបញ្ឈប់ មកពីគាត់មើលឃើញថា ខ្ញុំអស់ថាមពលរលីងហើយ»។
សិស្សគណក្លិបនិរោធមានជ័យរូបនេះ បានបន្ថែមថា៖ «ខ្ញុំគ្មានសង្ឃឹមថា អាចវ៉ៃជាមួយ Chhouk Chhai បានទេ ប៉ុន្តែបញ្ហាប្រាក់តម្លៃខ្លួន វាសំខាន់ សម្រាប់ការប្រកួតនេះហើយថ្ងៃក្រោយខ្ញុំក៏មិនចង់ប្រកួតនឹងគាត់ទៀតដែរ គឺលំបាកណាស់ មិនអាចយកឈ្នះគាត់បានទេ»។
Chhouk Chhai ដែលគេស្គាល់ថា ជាកីឡាករលំដាប់ខ្លាំងមួយរូប មានជំនាញឱបឡើងជង្គង់ និងធ្លាប់ផ្តួលកីឡាករកម្ពុជាច្រើនហើយនោះ បានធ្វើឲ្យកីឡាករ ចាន់ ប៊ុនលាភ របស់កម្ពុជាខំប្រឹងតស៊ូប្រកួតយ៉ាងប្តូរផ្តាច់ បានតែ ៤ ទឹកប៉ុណ្ណោះ ក៏ត្រូវអាជ្ញាកណ្តាលលោកម៉ាក់ សាមឿន បញ្ឈប់ ស្របពេលដែល ប៊ុនលាភ អត់លទ្ធភាពតដៃ ដោយបានដួលច្រើនលើកច្រើនសាពេក។
នៅមុនការបញ្ឈប់នេះ ប៊ុនលាភ បានទទួលរងនូវជង្គង់ច្រើនពី Chhouk Chhai និងបានដួលរាប់ភ្លេច សឹងតែងើបមិនរួចផង។ បន្ថែមលើនេះ អាជ្ញាកណ្តាលបានបានរាប់ទៅលើគេចំនួន ២ លើក ក្នុងការប្រកួតចំនួន ៤ ទឹកហើយស្ថានភាពប្រកួតអាចប្រៀបដូចឆ្មាប្រឡែងនឹងកណ្តុរ។
ចាន់ ប៊ុនលាភ ត្រូវបានគេមើលឃើញតាំងពីដំបូងថា មិនអាចទៅរួចជាមួយ ChhoukChhai បានទេ ប៉ុន្តែការប្រកួតចាញ់របស់ ប៊ុនលាភ មិនត្រូវបានគេស្តីបន្ទោសនោះទេ។ ផ្ទុយទៅវិញអ្នកទស្សនាភាគច្រើនបំផុត គេមានការអាណិតអាសូរដល់ ចាន់ ប៊ុនលាភ ទៅវិញទេ ព្រោះគណៈកម្មការផ្គូផ្គងសមត្ថភាពរបស់អ្នកទាំង ២ ហាក់ដូចដាច់ឆ្ងាយពីគ្នាពេក។
អ្នកទស្សនាបានរិះគន់គណៈកម្មការផ្គូផ្គង ព្រោះការដាក់ ចាន់ ប៊ុនលាភ ឲ្យវ៉ៃជាមួយChhouk Chhai គ្មានស័ក្តិសមគ្នាអីបន្តិច ដ្បិតអីសមត្ថភាពខុសឆ្ងាយពីគ្នាពេក គឺសូម្បីតែ ឡុង សុវណ្ណឌឿន, ផាន់ គ្រាន់, ឡុង សុភី និងជើងខ្លាំងរបស់កម្ពុជាមួយចំនួនទៀត ក៏រកឈ្នះជាមួយ Chhouk Chhai មិនឃើញផង។
ដោយឡែក សូត្រ ប៊ុនធី បានបុកជង្គង់ដល់មុខ Dav Oudorm បណ្តាលឲ្យដួលសន្លប់ធំនៅត្រឹមទឹកទី ១។ លោក វណ្ណា គ្រូពេទ្យប្រចាំសង្វៀន បានចំណាយពេលជិត ៥ នាទី ទើបសង្គ្រោះឲ្យកីឡាករថៃ Dav Oudorm បានដឹងខ្លួនវិញ ហើយជ័យជម្នះ ត្រូវបានប្រគល់ឲ្យទៅ សូត្រ ប៊ុនធី យ៉ាងឆាប់រហ័សបំផុត។
លោក ថាញ់ វ៉ាឡេក ជាគ្រូបង្វឹក បាននិយាយថា៖« Dav Oudorm ជាកីឡាករមានសមត្ថភាពល្អមួយរូបដែរ ប៉ុន្តែការចាញ់ក្នុងទឹកទី ១ យ៉ាងផុយស្រួយនេះ ព្រោះភ្លាត់ស្នៀត ដោយចាញ់ក្បាច់ឱបកាច់ និងបន្ថែមដោយជង្គង់ចំគោលដៅល្អ គឺមុខធ្វើឲ្យរូបគេសន្លប់ធំតែម្តង។ ប៉ុន្តែគេ នៅមានឱកាសសងសឹកជាមួយ សូត្រ ប៊ុនធី នៅពេលក្រោយទៀត»៕