ភ្នំពេញ៖ កីឡាករ ចាន់ ប៊ុនហឿន បានរកឃើញជ័យជម្នះដ៏សំខាន់របស់ខ្លួន គឺការយកឈ្នះលើជើងខ្លាំង សោម វិឆ័យ និង គង់ សំបូរ ដើម្បីក្លាយជាម្ចាស់ទឹកប្រាក់ ៣,៤ លានរៀល ពីការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ។
កីឡាករ ចាន់ ប៊ុនហឿន ដែលបានសំងំហ្វឹកហាត់យ៉ាងស្ងៀមស្ងាត់ នៅក្លិបថ្មគោលពោធិ៍សែនជ័យនោះ បានបង្ហាញការប្រកួតយ៉ាងល្អបំផុតនៅក្នុងវគ្គជម្រុះជាមួយ សោម វិឆ័យ គឺនៅក្នុងការប្រកួត ៣ ទឹកនោះ ចាន់ ប៊ុនហឿន វ៉ៃបានល្អ ដោយភាគច្រើនប្រើក្បាច់ជង្គង់ និងកណ្តាប់ដៃ វាយចេញលឿន រហ័ស និងត្រង់ចូលគោដៅច្បាស់ៗ ដើម្បីឈ្នះ សោម វិឆ័យ ដោយពិន្ទុ។
ជាមួយជ័យជម្នះនេះ បានជួយឱ្យ ចាន់ ប៊ុនហឿន ឡើងទៅជួប គង់ សំបូរ ដែលបានយកឈ្នះលើជើងថ្មី អេលីត ភក្តី ដោយពិន្ទុមិនឯកច្ឆន្ទ ៤-១។ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ មាន ៣ ទឹកដែរនោះ គង់ សំបូរ បានប្រើគ្រប់ល្បិចប្រកួត និងខំប្រឹងអស់ពីសមត្ថភាព ប៉ុន្តែគ្មានលទ្ធភាពយកឈ្នះ ចាន់ ប៊ុនហឿន នោះឡើយ គឺបានចាញ់ ដោយពិន្ទុដាច់តែម្តង ដោយទទួលបានប្រាក់រង្វាន់ចំនួន ១,៨ លានរៀល។
គង់ សំបូរ បាននិយាយ ក្រោយការប្រកួតថា៖ «នៅក្នុងការប្រកួតជុំទី១ មានការវាយប្តូរគ្នាខ្លាំងដែរ ហើយសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជាមួយ ចាន់ ប៊ុនហឿន ខ្ញុំបានព្យាយាមវាយប្តូររហូត ឡើងអស់ខ្លួនឯង។ នៅទឹកទី១ និងទឹកទី៣ ខ្ញុំក៏មានសង្ឃឹមឈ្នះដែរ ប៉ុន្តែនៅទឹកទី២ គាត់វាយចូលច្រើនពេក។ គាត់ខ្ពស់ជាង និងវែងជាងខ្ញុំ អ៊ីចឹងការប្រកួត ខ្ញុំវាយអត់សូវដល់គាត់ ដោយខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ ហើយខ្ញុំក៏មានការសោកស្តាយផងដែរ ចំពោះការចាញ់នេះ»។
ចំណែក ចាន់ ប៊ុនហឿន ក៏បានសរសើរពីភាពខ្លាំងរបស់ គង់ សំបូរ ផងដែរ ព្រោះការវាយចេញរបស់ សំបូរ ពិសេសស្នៀតទាត់ បានធ្វើឱ្យរូបគេចង់យ៉ាប់ម្តងៗទៅហើយ ព្រោះវាឈឺខ្លាំងពេក។
ចាន់ ប៊ុនហឿន និយាយក្រោយការប្រកួតថា៖ «គង់ សំបូរ ល្អទាត់ និងម៉ាត់ ព្រោះការទាត់ ១ ជើងៗរបស់គាត់ ខ្ញុំទ្រាំអត់ចង់បាន គឺគាត់បានទាត់បំបុកជើងយើង ដោយសារគាត់ដឹងថា ជើងយើងឈឺ គ្រាន់តែខ្ញុំស៊ូទ្រាំតែម្តង។ នៅក្នុងការប្រកួត ៣ ទឹកនេះ ខ្ញុំសង្ឃឹមឈ្នះច្រើន នៅទឹកទី២ ព្រោះខ្ញុំបានវាយគាត់ចូលច្រើន ដែលធ្វើឱ្យគាត់រាងពិបាកម្តងៗដែរ ហើយនៅពេលនេះ ខ្ញុំមានអារម្មណ៍ចង់វាយផ្តាច់គាត់ (វាយឱ្យសន្លប់) ប៉ុន្តែយើងរាងអស់ដែរ»។
គួរបញ្ជាក់ថា ចាន់ ប៊ុនហឿន ជាប្អូនបង្កើតរបស់អ្នកប្រដាល់ចិត្តធំ វាយមិនដកថយ ថៃ ប៊ុនហាន ដែលមានស្រុកកំណើតនៅភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺជាអ្នកប្រដាល់ ដែលធ្លាប់ឈ្នះបានខ្សែក្រវាត់មកគ្រប់គ្រងដូចគ្នា ប៉ុន្តែអាជីពមួយនេះ ពួកគេមិនបានប្រកួតជាប់លាប់ ដោយវត្តមានប្រកួតបាត់ឃើញៗមិនទៀងទាត់។
យ៉ាងណាក៏ដោយ អតីតកីឡាករជើងខ្លាំង លោក ឯម វុត្ថា ដែលជាអ្នកគ្រប់គ្រងកីឡាករ ចាន់ ប៊ុនហឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយការប្រកួតថា បន្ទាប់ពីឈ្នះបានប្រាក់លាននេះ លោកនឹងជំរុញឱ្យ ចាន់ ប៊ុនហឿន បន្តហ្វឹកហាត់ឱ្យបានសកម្មខ្លាំងក្លា ដើម្បីត្រៀមប្រកួតក្នុងខ្សែក្រវាត់ខាងមុខក្នុងទម្ងន់ ៦៣,៥ ឬ ៦០ គីឡូក្រាម៕