ក្រុងបាងកកៈ កីឡាករជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា បានសារភាពថា រូបគេពិតជាចង់វ៉ៃអ្នកជំនាញចំបាប់ Gustavo “Gladiador Balart” ឲ្យសន្លប់ ក្នុងទឹកទី៣ ប៉ុន្តែកីឡាករគុយបារូបនេះ ពិតជាមានការស៊ូ និងធន់ខ្លាំងណាស់ ហើយរូបគេក៏ប៊ិះតែនឹងមានបញ្ហាក្រោមកណ្តាប់ដៃ របស់ Balart ផងដែរ។
ចាន់ រតនា បាននិយាយថា៖ «បើក្រៅពី Balart គឺគេនឹងសន្លប់ក្រោមកណ្តាប់ដៃ កែង និងការទាត់របស់ខ្ញុំ ជាមិនខាន ព្រោះនៅទឹកទី៣ ខ្ញុំបានវ៉ៃចូលគាត់យ៉ាងច្រើន ប៉ុន្តែកីឡាកររបស់គុយបារូបនេះ មានការស៊ូខ្លាំងណាស់ គឺគាត់សុខចិត្តឈរទ្រាំការវ៉ៃរបស់យើង ដូចជាមនុស្សស្រវឹង តែមិនព្រមដួលនោះទេ»។
កីឡាករមានជំនាញចម្រុះ ចាន់ រតនា បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំពិតជាចង់វ៉ៃឲ្យគាត់សន្លប់ណាស់! ខ្ញុំខំចូលវាយកែង បុកជង្គង់ ទាត់ និងម៉ាត់ គឺខ្ញុំវ៉ៃត្រូវច្រើន តែគាត់មិនព្រមដួល។ ខ្ញុំគិតថា ដៃគូមុនៗ វ៉ៃត្រូវក្រោមនេះ ក៏ដួលដែរ ប៉ុន្តែ Balart សុខចិត្តឈរឲ្យយើងវ៉ៃ មិនព្រមដួលឡើយ គឺខ្ញុំសូមសរសើរពីទឹកចិត្តរបស់គាត់មែនទែន ហើយគាត់ជាគូប្រកួតដែលមានភាពរឹងមាំ មានកម្លាំងខ្លាំង និងស៊ូខ្លាំងបំផុត ដែលខ្ញុំមិនធ្លាប់បានជួបពីមុនមកនោះទេ»។
ការជួបគ្នារវាង ចាន់ រតនា និង Balart ក្នុងព្រឹត្តិការណ៍ ONE: DREAMS OF GOLD នៅទីក្រុងបាងកក ប្រទេស ថៃ កាលពីយប់ថ្ងៃទី ១៦ ខែ សីហា នោះ គឺបានទទួលការគាំទ្រខ្លាំងបំផុត នៅពេលកីឡាករមានកម្ពស់ទាបត្រឹម ១,៥០ ម៉ែត្រ Balart បានចាប់លើក និងបោកផ្តួល ចាន់ រតនា យ៉ាងផុយនោះ ហើយការមានប្រៀបខ្លាំងទៅលើការចាប់បោក និងគាបសង្កត់ពីលើ ពិសេសនៅទឹកទី១ និងទឹកទី២ នេះ បានធ្វើឲ្យ Balart បានបង្ហាញការខកចិត្តខ្លាំង នៅពេលចៅក្រមទាំង ៣ នេះ បានសម្រេចផ្តល់ជ័យជម្នះឲ្យ ចាន់ រតនា ឈ្នះជាឯកច្ឆន្ទ។
ទាក់ទងទៅនឹងការចាញ់មិនអស់ចិត្តរបស់ Balart នេះ ចាន់ រតនា បានពន្យល់ថា៖ «មកពីគាត់គិតថា គាត់បានផ្តួលខ្ញុំ និងនៅពីលើខ្ញុំបានច្រើន ទើបគាត់ចាញ់មិនអស់ចិត្តបែបនេះ។ ផ្ទុយទៅវិញ គាត់នៅពីលើខ្ញុំមែន តែគាត់ធ្វើអីយើងអត់កើត អ៊ីចឹងគាត់មិនបានពិន្ទុទេ។ បើយើងប្រឹងដោះរួចហើយ តែមិនខំប្រឹងចូលវ៉ៃគាត់ ក៏យើងមិនឈ្នះគាត់ដែរ ប៉ុន្តែក្រោយពេលព្យាយាមងើបរួច ខ្ញុំព្យាយាមចូលវ៉ៃចំគោលដៅបានច្រើន ពិសេសនៅទឹកទី៣ គឺខ្ញុំបានវ៉ៃគាត់ចូលយ៉ាងច្រើនមែនទែន សឹងតែសន្លប់ឈរទៅហើយ គ្រាន់តែគាត់មិនព្រមដួល»។
យ៉ាងណាក៏ដោយ ចាន់ រតនា បានសារភាពថា រូបគេត្រូវបាន Balart វ៉ៃត្រូវឡើងសឺ មើលមនុស្សបែកជា ៣។ រតនា និយាយថា៖ «នៅទឹកទី២ គាត់បានវ៉ៃត្រូវភ្នែកឆ្វេងរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមើលគាត់ឃើញបែកជា ៣ ឯណោះ ប៉ុន្តែខ្ញុំខំសម្រួលអារម្មណ៍បានល្អវិញ ហើយខ្ញុំក៏គ្មានភាពតក់ស្លុតនោះដែរ ព្រោះខ្ញុំគិតថា គាត់មិនអាចធ្វើអ្វីខ្ញុំបាននោះទេ»។
ជាមួយគ្នានេះ ការទទួលបានជ័យជម្នះលើអ្នកជំនាញពូកែខាងចាប់ក្លេ Balart ត្រូវបាន ចាន់ រតនា គិតថា ជាមេរៀនដ៏សំខាន់ ដែលបានធ្វើឲ្យរូបគេដឹងកាន់តែច្បាស់ពីខ្លួនឯង។ «ជ័យជម្នះនេះ វាសំខាន់ ហើយគាត់ជាដៃគូ ដែលមានការពិបាកយកឈ្នះជាងគូ ២ នាក់មុនទៅទៀត»។
ចាន់ រតនា បានបញ្ជាក់ថា៖ «ការជួបអ្នកចំបាប់រូបនេះ បានធ្វើឲ្យខ្ញុំដឹងខ្លួនឯងកាន់តែច្បាស់ថា យើងនៅខ្សោយអី ត្រូវបន្ថែមអ្វីទៀត និងត្រូវហាត់កម្លាំងបែបណា ពេលយើង ជួបអ្នកជំនាញខាងក្លេ ហើយជ័យជម្នះលើកនេះ វាជាជំហានមួយកម្រិតទៀត ដែលអាចជួយឲ្យខ្ញុំឈានទៅរកការសម្រេចគោលបំណងរបស់ខ្ញុំ គឺការទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់នៅ ONE ប៉ុន្តែខ្ញុំត្រូវតែខំប្រឹងបង្កើនសមត្ថភាពឲ្យបានទ្វេដងជាងនេះទៀត ព្រោះការប្រកួតក្រោយៗ ខ្ញុំនឹងត្រូវជួបអ្នកដែលខ្លាំងជាង Balart ទៅទៀត»៕