ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ​លេខ ​១​ របស់​កម្ពុជា ចាន់ រតនា បាន​​អះអាង​ថា ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​របស់​ចិន Xie Wei ក្នុង​ព្រឹត្តិការណ៍ NOE: Collision Course ​នៅ​កីឡដ្ឋាន Singapore Indoor Stadium លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី នា​រាត្រី​ថ្ងៃ​សុក្រ ខាង​មុខ​នេះ នឹង​មិន​អាច​ឈាន​ដល់ ​៣ ទឹក​ពេញ​នោះ​ទេ គឺ​នឹង​មាន​អ្នក​ណា​សន្លប់​ជា​មិន​ខាន។

អ្នក​ប្រយុទ្ធ​មាន​ជំនាញ​ច្រើន​ប្រភេទ​កីឡា ចាន់ រតនា បាន​ព្យាយាម​ហ្វឹកហាត់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដើម្បី​​ត្រៀម​ការ​​ប្រកួត​ជាមួយ​កីឡាករ​ចិន Xie Wei នារាត្រី​ដ៏​សំខាន់​ខាង​មុខ​នេះ ប៉ុន្តែ​តាម​ការ​សិក្សា​ផ្ទាល់​ទៅ​លើ​ចំណុច​ខ្លាំង​របស់​កីឡាករ​ចិន​រូប​នេះ រតនា បាន​មើល​ឃើញ​ថា ជំនួប​នេះ​នឹង​មាន​អ្នក​សន្លប់ គឺ​បើ​មិន Xie Wei សន្លប់ មាន​តែ​រូប​គេ​ផ្ទាល់​ជា​អ្នក​សន្លប់។​

តាមរយៈ​សម្ភាស​ផ្ទាល់​ជា​មួយក្រុម​ការងារ​របស់ ONE Championship (ONE) ចាន់ រតនា បាន​និយាយ​ថា៖ ​«ខ្ញុំ​ឃើញ​ចំណុច​ខ្លាំង​របស់​គាត់​ (Xie Wei) ២ ​​សំខាន់​ៗ​ ដែល​នឹង​លំបាក​សម្រាប់​ខ្ញុំ​ គឺ​គាត់​ពូកែ​គ្រប់គ្រង​លើ​ដៃគូ​ពេល​ប្រឈម​ដៃគូ​នៅ​លើ​សង្វៀន​ ហើយ​គាត់​មាន​ចលនា​លឿន។ ក្បាច់​​ការពារ​របស់​គាត់​ល្អ ​​ដែល​មិន​ងាយ​ឱ្យ​ដៃ​គូ​ដាក់​គំនាប ឬ​គាប​សង្កត់​លើ​គាត់​បាន​ងាយ​ស្រួល​នោះ​ទេ ជា​ពិសេស​ក្បាច់​ក្រោម»។

កីឡាករ​វ័យ ​៣៥ ឆ្នាំ ចាន់ រតនា ដែល​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ល្អ នៅ​លើ​ទឹក​ដី​ប្រទេស​សិង្ហបុរី ស្រាប់ ដើម្បី​តតាំង​ជាមួយ​អ្នក​ប្រដាល់​វ័យ ​២៤ ​ឆ្នាំ Xie Wei នោះ បាន​​និយាយ​សង្កត់​ធ្ងន់​​ថា​​៖ «ការ​ប្រកួត​នេះ​ នឹង​មាន​ម្នាក់​សន្លប់! បើ​មិន​គេ​ទេ គឺ​យើង ព្រោះ Xie Wei ជា​កីឡាករ​អន្ទះសា​ម្នាក់ គឺ​គ្រាន់​តែ​សំឡេង​កណ្តឹង​រោទ៍​ឡើង​ភ្លាម គាត់​ច្បាស់​ជា​រុល​សម្រុក​ចូល​វ៉ៃ​ហើយ»។

យ៉ាង​ណា​ក៏​ដោយ ចាន់ ​រតនា ដែល​មាន​​ជំនាញ​កីឡា​ប្រយុទ្ធ​ជា​ច្រើន​ប្រភេទ​ ដូចជា​ហាប់​គីដូ​ ចំបាប់​ តេក្វាន់​ដូ​ ប្រដាល់​គុន​ខ្មែរ ​​វ៉ូវីណាម មុន​ចូល​ហាត់​គុន​ចម្រុះ MMA ដើម្បី​បាន​ប្រកួត​នៅ​លើ​សង្វៀន​គុន​ចម្រុះ​ពិភព​លោក ONE នោះ​ ក៏​មាន​បំណង​ឱ្យ​ការ​ប្រកួត​លើក​នេះ បញ្ចប់​មុន​ ៣ ទឹក​ពេញ​ដែរ។

ម្ចាស់​ក្លិប​សិល្បៈ​គុន​ខ្មែរ ដែល​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ​ ចាន់ រតនា បាន​និយាយ​បន្ថែម​ដោយ​ទំនុក​ចិត្ត​ថា៖ ​«ដូច​បំណង​ខ្ញុំ​ដែរ​ ខ្ញុំ​អត់​ចង់​ឱ្យ​ការ​ប្រកួត​នេះ​ ចប់​ ​៣ ​ទឹក​ទេ។ ខ្ញុំ​ចង់​ឱ្យ​ការ​ប្រកួត​ជាមួយ​ Xie Wei ចប់​​បាន​លឿន​បំផុត អ៊ីចឹង​​ភាគរយ​ខ្ពស់​បំផុត​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​ គឺ​អត់​ចប់ ​៣ ​ទឹក​ទេ»។

ចាន់ រតនា ដែល​​​មាន​កំណត់ត្រា​ប្រកួត​គុន​ចម្រុះ​បាន ​១០ ​ដង ​​ឈ្នះ ៧ ​ដង ​និង​ចាញ់ ​៣ ​ដង ពិត​ជា​មាន​មហិច្ឆតា​ចង់​ឈ្នះ ​កីឡាករ​ធ្លាប់​ប្រកួត​គុន​ចម្រុះ ​៨ លើក ឈ្នះ ​៥ និង ចាញ់ ​៣ ដង Xie Wei ដើម្បី​រក្សា​កំណត់ត្រា​ការ​​ឈ្នះ​ជា​លើក​ទី​៤ ជាប់ៗ​គ្នា​នៅ​សង្វៀន ONE។

កីឡាករ ចាន់ រតនា ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ មុន​ចាកចេញ​ទៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​សៅរ៍ ទី១២ ខែ​ធ្នូ ថា​៖ «​​ខ្ញុំ​រំពឹង​​ឈ្នះ​ខ្ពស់ ១០០ ភាគរយ​ ​ព្រោះ​ហ្វឹកហាត់​បាន​ល្អ ​និង​មាន​ការ​​តាំង​ចិត្ត​ខ្ពស់​​ឈាន​ទៅ​រក​ការ​ឈ្នះ​ជា​លើក​ទី​៤ ជាប់ៗ​គ្នា​នៅ ONE ​​សម្រាប់​ការ​​ប្រកួត​​ចុង​ក្រោយ​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ ដើម្បី​ក្លាយ​ជា​អ្នក​ខ្លាំង​ដែល​មាន​តម្លៃ​ខ្លួន​ប្រកួត​កាន់​តែ​កើន​ឡើង»​៕​