ភ្នំពេញៈ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ឯកភាពគ្នា​ប្រើប្រាស់​នូវ​គោល​ការណ៍ និង​ទិស​ដៅ​ថ្មី គឺ​ការ​ប្រកួត​ធ្វើ «តេស្ត» ទៅ​លើ​ក្រុម​ជម្រើស​ជាតិ ទាំង​ក្រុម​ថ្នាល និង ឈុត​ធំ ដើម្បី​ជ្រើស​រើស​រក​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ទិស​ដៅ​ថ្មី​នេះ​ត្រូវបាន​អ្នក​ជំនាញ​ប្រាប់​ថា នឹង​ធ្វើ​ឲ្យ​ក្រុម​ចំបាប់​កម្ពុជា កាន់​តែ​មាន​ការ​អភិវឌ្ឍ​ប្រសើរ​ឡើង សម្រាប់​ការ​ប្រជែង​រក​មេដាយ​ឲ្យ​កម្ពុជា។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ការ​ដាក់​គោល​ដៅ​ថ្មី​ឲ្យ​ធ្វើ​តេស្ត ជា​លើក​ទី ១ នេះ ដោយសារ​ពេល​នេះ​យើង​មាន​ធនធាន​កីឡាករ​ច្រើន គឺ​មាន​រហូត​ដល់​ជាង ៣០ នាក់ ទាំង​ក្រុម​ថ្នាល និង​ឈុត​ធំ​ជម្រើស​ជាតិ ហើយ​ការ​ធ្វើ​តេស្ត​នេះដែរ ដើម្បី​ពញ្ញាក់​អារម្មណ៍​ដល់​ក្រុម​ឈុត​ធំ ដែល​គាត់​កន្លង​មក​គិត​ថា ហាត់​ដោយ ឯករាជ្យ និង​ដឹង​តែ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ព្រោះ​គ្មាន​អ្នក​ប្រជែង​នោះ ឲ្យ​ខំប្រឹង​ហ្វឹក​ហាត់​ឡើង​វិញ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​កៅអី​ជាមួយ​ក្រុម​ថ្នាល»។

ជាមួយ​ទិសដៅ​ថ្មី​នេះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា កាលពី​ថ្ងៃ​អង្គារ បាន​បើក​ការធ្វើ​តេស្ត​ជា​លើក​ដំបូង​រវាង​ក្រុម​ថ្នាល និង​ក្រុម​ធំ​ជម្រើស​ជាតិ ដើម្បី​ស្វែងរក​អ្នកមាន​សមត្ថភាព​ចំនួន ៤ នាក់ នៅ​លើ​ប្រភេទ​ទម្ងន់ ៥០ និង ៥៧ គ.ក្រ​ផ្នែក​នារី និង​ទម្ងន់ ៦៣ និង៨៦ គ.ក្រ ផ្នែក​បុរស សម្រាប់​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​អាស៊ី (Asian Games 2018) ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា ដល់​ថ្ងៃ​ទី ២ ខែ​កញ្ញា ខាង​មុខ​នេះ។

លោក ធិ​ន វិចិត្រ បញ្ជាក់ថា៖ «ចាប់ពី​ពេល​នេះ​ទៅ គឺ​រាល់​ការប្រកួត​ចេញទៅ​ក្រៅ​ស្រុក ត្រូវតែ​មាន​ការ​ធ្វើ​តេស្ត​បែប​នេះ ដើម្បី​រក​អ្នក​មាន​សមត្ថភាព​ពិត។ ការ​ធ្វើ​បែប​នេះ វា​ល្អ​សម្រាប់​ប្រយោជន៍​រួម តែ​មិន​ល្អ​សម្រាប់​ប្រយោជន៍​បុគ្គល ព្រោះ​កីឡាករ កីឡាការិនី​មួយ​ចំនួន​តូច គាត់​មិន​សូវ​ជា​សប្បាយ​ចិត្ត ពេល​យើង​ឲ្យ​ធ្វើ​តេស្ត​បែប​នេះ»។

ប៉ុន្តែ​លោក​បន្ថែមថា៖ «អត្តពលិក​ភាគច្រើន សប្បាយចិត្ត ទទួលយក​ការធ្វើ​តេស្ត​នេះ ដ្បិតអី​ធ្វើ​ឲ្យ​គាត់​ដឹង​ពី​សមត្ថភាព​ខ្លួនឯង ថា​តើ​គាត់​គួរ​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ​ឬ​យ៉ាង​ណា? ម្យ៉ាង​ទៀត ការ​ធ្វើ​តេស្ត​នេះ បាន​ផ្តល់​ភាព​យុត្តិធម៌ និង​ធ្វើ​ឲ្យ​អត្តពលិក មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រឹង​ប្រែង​ហ្វឹក​ហាត់»។

អគ្គលេខាធិការ​រូបនេះ បាន​សង្កត់ធ្ងន់ថា៖«ការដាក់​ឲ្យ​ធ្វើតេស្ត​នេះ ជាគោលការណ៍​ថ្មី​របស់​សហព័ន្ធ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ទាំង​គ្រូបង្វឹក​ក្រុម​ថ្នាល ក្រុម​ឈុត​ធំ និង​គណៈកម្មការ​ប្រតិបត្តិ​របស់​យើង ព្រោះ​នេះ​ជា​វឌ្ឍនភាព​មួយ​របស់​សហព័ន្ធ ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​អត្តពលិក​មាន​ការ​កើន​ឡើង​ផ្នែក​គុណ​ផល និង​បច្ចេកទេស ដែល​យើង​អាច​សម្រិត​សម្រាំង​រក​បាន​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ សម្រាប់​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ នៅ​លើ​ឆាក​អន្តរជាតិ»។

នៅក្នុង​ការធ្វើ​តេស្ត ជ្រើសរើស​អ្នកមាន​សមត្ថភាព ត្រៀម​ចេញទៅ​ប្រកួត​កីឡា​អាស៊ី កាលពី​ថ្ងៃ​អង្គារ គឺ​ទាំង​ក្រុម​ថ្នាល និង​ក្រុម​ឈុត​ធំ​ជម្រើស​ជាតិ បាន​ធ្វើការ​ប្រកួត​ប្រជែង​គ្នា យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ដណ្តើម​យក​ជ័យជម្នះ ប៉ុន្តែ​លទ្ធផល​ការ​ប្រកួត​របស់​ពួកគេ នូវ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ គឺ​នៅ​រង់​ចាំ​ការ​ពិនិត្យ​មើល និង​ការ​សម្រេច​ចុង​ក្រោយ​របស់​គណៈកម្មការ បច្ចេកទេស ពិសេស​លោក វ៉ាត់ ចំរើន ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា។

នៅត្រង់ចំណុច​នេះ លោក ធិ​ន វិចិត្រ បាន​បញ្ជាក់​ថា៖ «ការធ្វើ​តេស្ត​របស់​យើង​នេះ យើង​មិនទាន់​ប្រកាស​លទ្ធផល​ភ្លាមៗ​នោះ​ទេ ព្រោះ​ការ​ធ្វើ​តេស្ត​នេះ យើង​មាន​ថត​វីដេអូ ជា​ឯកសារ សម្រាប់​យក​ទៅ​ឲ្យ ឯក​ឧត្តម​ប្រធាន និង​គណៈកម្មការ​បច្ចេកទេស ពិនិត្យ​មើល​បន្ថែម​ទៀត ទើប​យើង​សម្រេច​យក​អ្នក​ត្រូវ​ទៅ​ប្រកួត​កីឡា​អាស៊ី ជា​ផ្លូវការ ព្រោះ​ឯកឧត្តម​ប្រធាន បាន​ថ្លែង​ថា ការ​ធ្វើ​តេស្ត​ជា​រឿង​មួយ ឯការ​ជ្រើសរើស​ជា​រឿង​ផ្សេង​មួយ​ទៀត ដើម្បី​យើង​អាច​ជ្រើសរើស​បាន​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ ក្នុង​ការ​ប្រកួត​អន្តរជាតិ នានា»៕