ភ្នំពេញៈ កីឡាករ​របស់​កម្ពុជា មាស ច័ន្ធមាន និង ផាន់ គ្រាន់ ដែល​ទើប​ប្រកួត​គ្នា​ដណ្តើម​ប្រាក់​លាន​នៅ​សង្វៀន CNC កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នឹង​ត្រូវ​ជួប​អ្នក​ប្រដាល់​របស​ថៃ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ សប្តាហ៍​ទី​ ២ នៃ​ខ្សែក្រវាត់ Barrley Black ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​នៅ​លើ​សង្វៀន​ SEATV នារសៀល​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​។

នៅ​ក្នុង​ការប្រកួត​នេះ​អ្នក​លេង​កណ្តាប់ដៃ ចិត្តធំ ផាន់ គ្រាន់ របស់​ក្លិប​ពុទ្ធ​សេរី​វង្ស​ហាក់​មាន​រំពឹង​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​ជើង​ថ្មី​របស់​ថៃ Luok Ton ដើម្បី​យក​ ៣ ​ពិន្ទុ ប៉ុន្តែ មាស ច័ន្ទ អាច​នឹង​លំបាក​យក​ឈ្នះ Kolap Dam ព្រោះ​ថៃ​ម្នាក់​នេះ​មាន​ក្បាច់គុន​ល្អ និង​ខ្លាំង​លើ​ស្នៀត​ទាត់ និង​ជង្គង់ ហើយ​ការ​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ជាង​ ៥ ​លើក​កន្លង​មក​នេះ Kolap Dam ​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​នៅ​ឡើយ​ទេ តែ​ការ​ប្រកួត​មិត្តភាព​ចុងក្រោយ​ជាមួយ វេង សុភ័ក្រ បាន​ស្មើ​ពិន្ទុ​គ្នា​។

យោង​តាម​ស្ថិតិ​ប្រកួត​របស់​កីឡាករ​ទាំង​នេះ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពី​គណៈកម្មការ​ផ្គូផ្គង គឺ Kolap Dam ធ្លាប់​ប្រកួត​តិច​ជាង មាស ច័ន្ទមាន ដល់​ទៅ​ ៣៩ ​ដង ប៉ុន្តែ​ស្ថិតិ​ចាញ់​របស់​គេ​តិច​ណាស់​តែ​ ១០ ​ដង​ទេ​។

Kolap Dam ធ្លាប់​ប្រកួត​ ៩០ ​ដង ឈ្នះ​ ៧៩ ចាញ់​ ១០ និង​ស្មើ​ ១ ​ដង ចំណែក ច័ន្ទមាន ប្រកួត​បាន​ ១២៩ ​ដង ឈ្នះ​ ៩៨ ចាញ់​ ២៧ និង​ស្មើ​ ៤ ហើយ​ប្រកួត​ចុងក្រោយ​រូប​គេ​បាន​ឈ្នះ ផាន់ គ្រាន់ យក​ប្រាក់​ ៤ ​លាន​រៀល​នៅ​សង្វៀន​ CNC​។

លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​និយាយ​ថា​៖​ «Kolap Dam នេះ​កម្លាំង​រឹងមាំ​ល្អ និង​មាន​ស្នៀត​ទាត់ និង​ក្បាច់​ជង្គង់​ល្អ ហើយ​ការ​ប្រកួត​លើក​នេះ Kolap Dam ដែល​ខ្ពស់​ជាង ច័ន្ធមាន គឺ​មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង ប៉ុន្តែ​អ្វី​ដែល​ពិតប្រាកដ គឺ​ពេល​ប្រកួត​ជាក់ស្តែង ទើប​យើង​និយាយ​ត្រូវ​»​។

ចំណែក​កីឡាករ មាស ច័ន្ទមាន មិន​ទាន់​ហ៊ាន​និយាយ​ពី​លទ្ធផល​ឈ្នះ ឬ​ចាញ់​នោះ​ទេ ប៉ុន្តែ​គេ​បាន​អះអាង​ថា​នឹង​ប្រឹងប្រែង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ស្វែងរក​ ៣ ​ពិន្ទុ​ឲ្យ​បាន ទោះបី​ជា​កីឡាករ​ថៃ​នោះ​ល្បី​ថា​ខ្លាំង​ក៏ដោយ​។

ដោយឡែក ផាន់ គ្រាន់ ត្រូវ​បាន​អ្នក​ទស្សនា​វាយតម្លៃ​ថា អាច​នឹង​យក​ឈ្នះ​ជើង​ថ្មី​របស់​ថៃ Luok Ton ដោយសារ ផាន់ គ្រាន់ មាន​បទពិសោធ​ច្រើន​ជាង​កីឡាករ​ថៃ​នេះ​ចំនួន​ ៣៨ ​ដង​ក្នុង​នោះ ផាន់ គ្រាន់ ធ្លាប់​ប្រកួត ​១០៥ ​ដង ឈ្នះ​ ៨៧ ចាញ់​ ១៦ និង​ស្មើ​ ២ ​ដង ឯ Luok Ton ធ្លាប់​ប្រកួត​បាន​ ៦៧ ឈ្នះ​ ៥៤ ចាញ់​ ១២ និង​ស្មើ​ ១ ​ដង​។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ ផាន់ គ្រាន់ អះអាង​ថា​នឹង​ប្រឹង​វ៉ៃ​យក​ឈ្នះ​ ៣ ​ពិន្ទុ​ឲ្យ​បាន​។ ​ផាន់ គ្រាន់ និយាយ​ថា​៖ «​ខ្ញុំ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ ដើម្បី​ប្រកួត​ឈ្នះ និង​ឆ្លង​ផុត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ​»​។

គួរ​បញ្ជាក់​ថា​សម្រាប់​ពូល​កីឡាករ​កម្ពុជា ដែល​មាន​កីឡាករ​ ៤ ​រូប​នោះ កីឡាករ ឌុម កែវដា និង វេង សុភ័ត្រ បាន​ចាញ់​ថៃ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​ដូចគ្នា​។ ហេតុ​នេះ​រវាង មាស ច័ន្ទមាន និង ផាន់ គ្រាន់ អ្នក​ឈ្នះ​នឹង​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ប្រចាំ​ពូល​កម្ពុជា​ជា​បណ្តោះ​អាសន្ន​៕