ភ្នំពេញ៖ សម្រាប់ការប្រកួត ២ លើកចុងក្រោយរបស់កីឡាករ ឆៃ សារ៉ា ដែលទើបតែប្រកាសពីការប្តូរក្លិបចេញពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ មកហ្វឹកហាត់នៅក្លិបនាគរាជចតុមុខនៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ គឺជាការតាំងចិត្តជាថ្មី និងប្តេជ្ញាសាងកេរ្តិ៍ឈ្មោះឱ្យល្បីឡើងវិញ ដើម្បីអាចជួយឱ្យរូបគេឈានទៅសម្រេចគោលបំណងធំចំនួន ២ ទៀត នាពេលអនាគត។
ជាមួយគ្នានេះ ការតាំងចិត្តកាលពីសប្តាហ៍មុន គឺ ឆៃ សារ៉ា បានសម្រេចក្តីបំណងរបស់ខ្លួនជាបណ្តើរៗហើយ ដោយកាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ សារ៉ា បានប្រកួតឈ្នះពិន្ទុ កែវ សំរិទ្ធ ដោយពិន្ទុដាច់ និងបន្តយកឈ្នះ គឹម វាសនា ទាំងលំបាកលំបិន និងតឹងតែងបំផុតនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្រសោបទឹកប្រាក់ ៣,៤ លានរៀល ពីការប្រកួតដណ្តើមប្រាក់លាននៅសង្វៀនថោន។
ទោះយ៉ាងនេះក្តី មហិច្ឆតារបស់ ឆៃ សារ៉ា នៅមានបំណងធំ ២ ទៀត គឺរូបគេចង់បានក្របខ័ណ្ឌជាមន្ត្រីដូចសិស្សច្បងមួយចំនួន និងប៉ងប្រាថ្នាបើកក្លិបប្រដាល់មួយ ដើម្បីធ្វើជាគ្រូបង្វឹក ដោយខ្លួនឯងផងដែរ។
ឆៃ សារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយការប្រកួតថា៖ «ខ្ញុំរំភើបក្រៃលែងនៅពេលនេះ ដែលដណ្តើមបានប្រាក់រង្វាន់ពីសង្វៀនថោន ដើម្បីជួយជីវភាព និងបន្តការហ្វឹកហាត់ឱ្យបានល្អឡើងវិញ ព្រោះការប្រកួតរបស់ខ្ញុំមួយរយៈនេះ គឺធ្លាក់ចុះដោយបញ្ហាកម្លាំង និងការហ្វឹកហាត់មិនបានល្អ។ មូលហេតុទាំងនេះ គឺដោយសារតែជីវភាពនៅលំបាក ខ្ញុំត្រូវមើលកូនតូចជំនួសប្រពន្ធ ដែលធ្វើការរោងចក្រ»។
កីឡាកររូបនេះ បានប្រាប់បន្ថែមថា៖ «ខ្ញុំនឹងខំប្រឹងហ្វឹកហាត់ឱ្យបានរឹងមាំ និងល្អឡើងវិញ ដើម្បីឈានទៅដណ្តើមយកខ្សែក្រវាត់ ឬពានផ្សេងៗ ក្នុងនោះសង្ឃឹមថា មេៗនឹងផ្តល់ក្របខ័ណ្ឌជាមន្ត្រីដូចបងៗមួយចំនួនផងដែរ ហើយបើសិនជាខ្ញុំទទួលបានជោគជ័យខ្ញុំមានបំណងបើកក្លិបមួយបង្ហាត់សិស្ស ព្រោះខ្ញុំគ្មានមុខរបរអ្វីទេ គឺសង្ឃឹមលើអាជីពប្រដាល់នេះហើយជាមុខរបរ»។
កីឡាករវ័យ ៣២ ឆ្នាំ ឆៃ សារ៉ា មានស្រុកកំណើត នៅឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយរូបគេបានចូលប្រឡូកក្នុងវិស័យប្រដាល់អស់រយៈពេលជាង ១០ ឆ្នាំហើយ ប៉ុន្តែគ្មានសល់អ្វីក្រៅពីកូនចំនួន ៤ នាក់ ដែលជាបន្ទុកធំ។ កត្តាទាំងនេះ បានធ្វើឱ្យ ឆៃ សារ៉ា ក្លាយជាកីឡាករមានជីវភាពក្រខ្សត់ជាងគេក្នុងកីឡាប្រដាល់បច្ចុប្បន្ន។
ឆៃ សារ៉ា បានទម្លាយពីភាពមន្ទិលនៅក្នុងចិត្តថា៖ «ខ្ញុំប្រកួតនៅក្នុងក្លិបចាស់ចំនួន ៩ ឆ្នាំ មានស្នាដៃច្រើន និងបានឈ្នះខ្សែក្រវាត់ ១ ទម្ងន់ ៦៣,៥ គីឡូក្រាម តែខ្ញុំមិនទទួលបានក្របខ័ណ្ឌជាមន្ត្រីដូចសិស្សច្បងនានានោះទេ អ៊ីចឹងហើយទើបខ្ញុំសម្រេចចិត្តសុំមេចាស់ប្តូរមកក្លិបថ្មី ក្រែងមានសំណាងបានដូចគេ។ ទោះជាយ៉ាងណា ខ្ញុំសូមអរគុណដល់មេចាស់ ដែលអនុញ្ញាត និងជួយសម្រួលឱ្យខ្ញុំប្តូរក្លិបបានសម្រេច»៕