ទីក្រុងតូក្យូ៖ ប្រធានក្រុម Michael Leitch នៃជម្រើសជាតិជប៉ុនបាននិយាយពីថ្ងៃពុធថា រូបគេបានហ្វឹកហាត់នៅគ្រប់កន្លែង ដើម្បីត្រៀមទៅប្រកួតបើកឆាកបាល់ឱបពិភពលោក (Rugby World Cup) ជាមួយក្រុមជម្រើសជាតិរុស្ស៊ីនៅក្នុងសប្ដាហ៍នេះ។
កីឡាករបាល់ឱប Leitch ដែលខកខានចូលរួមការប្រកួតមួយចំនួននៅឆ្នាំនេះដោយសាររបួសក្រលៀននេះត្រូវបានគ្រូបង្វឹកជប៉ុន លោក Jamie Joseph បញ្ចូលឈ្មោះរបស់គេនៅក្នុងសមាជិកជម្រើសជាតិជប៉ុនសម្រាប់ការប្រកួត Pool A នៅថ្ងៃសុក្រសប្ដាហ៍នេះក្នុង ទីក្រុងតូក្យូប្រទេស ជប៉ុន។
ប៉ុន្តែកីឡាករ Leitch ព្រមទាំងកីឡាករជប៉ុន Yu Tamura និង Shota Horie ដែលមានបទពិសោធន៍រួមគ្នានោះបាននិយាយថា រូបគេសប្បាយចិត្តដែលប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍ចំពោះម្ចាស់ផ្ទះរៀបចំការប្រកួតនេះ។
កីឡាករ Leitch បានប្រាប់សន្និសីទកាសែតថា៖ «នេះមិនមែនជាការប្រកួតធម្មតាទេ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំភ័យអរយ៉ាងខ្លាំងព្រោះខ្ញុំតែងតែមានកំហុសនៅក្នុងការហ្វឹកហាត់ ម្យ៉ាងខ្ញុំតែងតែខ្លាចនៅពេលមានមនុស្ស និងកាមេរ៉ាច្រើន ប៉ុន្តែខ្ញុំមានមោទនភាពដែលបានចូលរួមការប្រកួត World Cup នេះ និងដែលបានធ្វើជាប្រធានក្រុមបាល់ឱបជម្រើសជាតិជប៉ុន»។
កីឡាករ Leitch ដែលបានដឹកនាំក្រុមជប៉ុនឲ្យបានឈ្នះក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូងនៅក្នុងលទ្ធផល ៣៤-៣២ ក្នុងការប្រកួតបើកឆាកនៅឆ្នេរសមុទ្រខាងត្បូងប្រទេស អង់គ្លេស កាលពី ៤ ឆ្នាំមុននោះ បានទាយថា ក្រុមម្ចាស់ផ្ទះនឹងបង្កើតប្រវត្តិសាស្ត្រនៃការបានឡើងដល់វគ្គជម្រុះជាលើកដំបូង។
កីឡាកររូបនេះបាននិយាយថា៖ «នៅឆ្នាំ ២០១៥ គ្រប់គ្នារំពឹងថា យើងនឹងចាញ់ សូម្បីតែប្រជាពលរដ្ឋជប៉ុនក៏គិតបែបនេះដែរ»។
កីឡាករ Leitch បានបន្ថែមថា៖ «ប៉ុន្តែនៅពេលយើងបានឈ្នះអាហ្វ្រិកខាងត្បូង គ្រប់គ្នាកំពុងផ្ដោតលើពួកយើង ហើយការប្រកួតបន្ទាប់ជាមួយក្រុមស្កុតឡេន គឺមានមនុស្ស ៣០ លាននាក់ បានទស្សនាតាមទូរទស្សន៍ ហើយទោះបីជាយើងចាញ់ ប៉ុន្តែក្រុមជប៉ុនទទួលបានកម្លាំងចិត្តយ៉ាងខ្លាំង»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ពេលនេះយើងមានឱកាសចូលរួមប្រកួតសម្រាប់ជប៉ុនម្ដងទៀត។ យើងបានហ្វឹកហាត់យ៉ាងល្អ និងត្រៀមខ្លួនយ៉ាងល្អ ហើយនេះគឺការប្រកួត World Cup ដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់ក្រុមជប៉ុន»។
លោក Joseph ដែលនឹងមិនដាក់ឲ្យខ្សែការពារ Kenki Fukuoka ចូលលេងនោះ បាននិយាយថា ក្រុមជប៉ុននឹងមិនមែនជាក្រុមល្អបំផុតនៅថ្ងៃសុក្រនេះទេទោះជាមានគីឡូធ្ងន់ក៏ដោយ៕ AFP/SN