ភ្នំពេញ៖ ក្រុមជម្រើសជាតិនៅលើប្រភេទកីឡាករចំនួន ៣៨ រួមទាំងក្រុមកីឡាជនពិការ ដែលត្រូវបានបំបែកឱ្យទៅហ្វឹកហាត់នៅតាមគេហដ្ឋាន និងត្រួតពិនិត្យតាមប្រព័ន្ធអនឡាញ ដើម្បីទប់ ស្កាត់ការឆ្លងជំងឺកូវីដ ១៩ តាំងពីថ្ងៃទី ១៩ ខែមេសា មកនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញ ស.ជ.ណ អនុញ្ញាតឱ្យប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាឡើងវិញ ហើយនេះជាការប្រមូលផ្តុំដែលមានលក្ខណៈកាន់តែពិសេស ដើម្បីធានាឱ្យបានថា ក្រុមអត្តពលិកពិតជាអាចអភិវឌ្ឍសមត្ថភាពបានល្អ ត្រៀមឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ កាលពីថ្ងៃទី ២៥ ខែឧសភា លោក បណ្ឌិត ថោង ខុន ជាអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានថ្លែងថា ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើង ក្រោយទទួលបានសេចក្ដីសម្រេចពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈការស្នើសុំរបស់លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ដែលជាប្រធាន CAMSOC ពេលថ្មីៗនេះ។
យ៉ាងណាក៏ដោយ នៅក្នុង ស.ជ.ណ ដែលរាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមកីឡាជម្រើសជាតិបើកការហ្វឹកហាត់ឡើងវិញនេះ គឺត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ដែលបានកំណត់ គឺទី១ ត្រូវបិទទ្វារទីលាន និងក្លិបហ្វឹកហាត់ ហាមអ្នកក្រៅចេញ-ចូល ពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់វិធានការ ៣ ការពារ ៣ កុំ ទោះបីកីឡាករ កីឡាការិនី គ្រូបង្វឹក បានចាត់វ៉ាក់សាំងការពារជំងឺកូវីដចំនួន ២ លើករួចហើយក្ដី។
ចំណែកទី២ ត្រូវត្រួតពិនិត្យក្រុមអត្តពលិក គ្រូបង្វឹក មិនឱ្យចេញក្រៅផ្ទះ ក្រៅពីទៅមកកន្លែងហ្វឹកហាត់ និងនៅក្នុងកន្លែងស្នាក់នៅរួមតែប៉ុណ្ណោះ ទី៣ ត្រូវមានគ្រូពេទ្យកីឡាតាមដានសុខភាពកីឡាករ កីឡាការិនី និងគ្រូបង្វឹកជាប្រចាំ ហើយទី៤ មិនអនុញ្ញាតឱ្យអត្តពលិក គ្រូបង្វឹក និងមន្ដ្រីកីឡា ថ្នាក់ដឹកនាំកីឡា ដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចេញ-ចូលក្នុងកន្លែងទីលានក្លិបហ្វឹកហាត់ជាដាច់ខាត់។
ជាមួយគ្នានេះ ការអនុញ្ញាតឱ្យប្រមូលផ្ដុំធនធានមនុស្សជំនាញកីឡាឡើងវិញ ត្រូវបានធ្វើឡើង ក្នុងករណីពិសេសគឺ ទាំងគ្រូបង្វឹក និងក្រុមជម្រើសជាតិ ដែលជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ត្រូវព្យួរការងារពីអង្គភាព មន្ទីរ ក្រសួង ស្ថាប័នដើមរបស់ខ្លួន ដោយរក្សាប្រាក់បៀវត្សរ៍ ដើម្បីមកបង្ហាត់ក្រុមជម្រើសជាតិ និងហ្វឹកហាត់ តាមតម្រូវការកម្មវិធីឱ្យបាន ៨ ម៉ោង ក្នុង ១ ថ្ងៃ រហូតចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។
បន្ថែមលើនេះ អត្តពលិកជម្រើសជាតិដែលជាសិស្ស និស្សិត ក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបានលើកទឹកចិត្ត ជាពិសេស ដូចជា អនុញ្ញាតឱ្យធ្វើស្វ័យសិក្សា ដោយមិនបាច់មានវត្តមានជាប្រចាំ ក្នុងគ្រឹះស្ថានសិក្សា ប៉ុន្ដែអនុញ្ញាតឱ្យប្រឡង និងអាចរៀបចំការប្រឡង ជាពិសេសក្នុងករណីចាំបាច់បំផុត ព្រមទាំងរៀបចំយន្ដការបំប៉នការសិក្សាបន្ថែម តាមមធ្យោបាយរបស់គ្រឹះស្ថានសិក្សា។
លើសពីនេះ ត្រូវអនុញ្ញាតឱ្យក្រុមជម្រើសជាតិ ជាសិស្ស និស្សិតសិក្សា ក្នុងគ្រឹះស្ថាន សិក្សាចំនួន ៤ ថ្ងៃ (ចន្ទ អង្គារ ពុធ និងព្រហស្បតិ៍) ដើម្បីទុកថ្ងៃសុក្រ សៅរ៍ និងអាទិត្យ បានហ្វឹកហាត់ពេញម៉ោង ដើម្បីរក្សានិរន្តរភាព ភាពគត់មត់នៃគុណផលកីឡា ហើយជាមួយគ្នានេះ ក្រសួងអប់រំ ឬគ្រឹះស្ថានសិក្សា ត្រូវពិនិត្យលទ្ធភាពលើកទឹកចិត្ត ផ្ដល់ពិន្ទុប្រឡងជាមុន តាមរយៈការវិនិច្ឆ័យរបស់ក្រសួងអប់រំ ឬគ្រឹះស្ថានសិក្សាសាមី។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា៖ «ការអនុញ្ញាតនេះ មានសារសំខាន់ជួយដល់វិស័យកីឡាល្អណាស់ ពិសេសត្រង់ចំណុចដែលអត្តពលិក ជាសិស្ស និស្សិត ទទួលបានការលើកទឹកចិត្ត ដើម្បីបានហាត់ពេញលេញ ហើយគ្រូបង្វឹក ក៏មានឱកាសបានព្យូការងារនៅអង្គភាពដើម ដោយរក្សាប្រាក់បៀវត្សរ៍នៅដដែល ដើម្បីបានមកបំពេញការងារកីឡាពេញម៉ោង សម្រួចយកគុណភាពរហូតដល់ឆ្នាំ ២០២៣។ ហេតុនេះ CAMSOC និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងក្រសួងអប់រំ នឹងរៀបចំធ្វើលិខិតបែបបទផ្ញើជូនក្រសួងស្ថាប័នទាំងនោះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព»៕