ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​ជា​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ចាត់ទុក​ព្រឹត្តិ្កការណ៍ «ជិះ​កង់​នៃ​ក្តី​ស្រឡាញ់» ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​អាទិត្យ ទី ១៤ កុម្ភៈ ថា ជា​ការ​ជួប​ជុំ និង​ចូល​រួម​ក្នុង​សកម្មភាព​កីឡា និង​ទេសចរណ៍ ដោយ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ងើប​ឡើង​វិញ​នៃវិស័យ​ទេសចរណ៍ បន្ទាប់​ពីជំងឺ​កូវីដ១៩ ត្រូវ​បាន​រាជរដ្ឋាភិបាល គ្រប់​គ្រង​បាន​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ។

លោក ថោង ខុន បាន​ថ្លែង​ ក្នុង​ពេល​បើក​ការ​ប្រកួត កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​ថា៖ «ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ គឺជា​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នៃការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ នៅ​ក្រុង​ព្រះសីហនុ ដែល​ជា​ទីក្រុង​ទើប​កែ​ច្នៃ​បាន​ល្អ​ ផ្លូវ​ល្អ ក្រោយ​ការ​ដាក់​ទុន​វិនិយោគ​យ៉ាង​ច្រើន​ ដើម្បី​ផ្សព្វផ្សាយ បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​លេង​តំបន់​ឆ្នេរ​កម្ពុជា​នេះ ​កាន់​​តែ​ច្រើន ​ហើយ​ខ្ញុំ​ជឿជាក់​ថា ​ព្រឹត្តិការណ៍ នៅ​ថ្ងៃ​នេះ ​ទោះ​បី​នៅ​តូច តែ​វា​ពិត​ជា​បាន​បង្ហាញ​នូវ​ការ​ចាប់​ផ្តើម​សាកល្បង​ជា​បណ្តើរៗ នូវ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តូចៗ ជា​ដំណាក់​កាល​ឈាន​ទៅ​ធំៗ​បាន»។

តាម​រយៈការ​ប្រណាំង​ជិះកង់ ក្រោម​បរិយាស​កាស​ដ៏​ស្រស់​ត្រកាល និង​ស្នាម​ញញឹម កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ គឺ​មាន​អ្នក​ស្នេហា​វិស័យ​កីឡា​ជិះ​កង់​​ចំនួន​ ៣៥១ នាក់ ​បាន​ចូល​រួម ក្នុង​នោះ​មាន​បង​ប្អូន​មក​ពី​បណ្តា​ខេត្ត​នានា ដូច​ជា​ខេត្ត​កំពង់ចាម កំពង់ស្ពឺ កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​មាន​ជន​បរទេស​មួយ​ចំនួន ដែល​កំពុង​រស់​នៅ​កម្ពុជា មាន​ដូច​ជា ឥណ្ឌា ចិន ថៃ ហ្វីលីពីន និង​អង់គ្លេស ផងដែរ ក្នុង​ស្មារតី​កីឡា ការ​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា តែ​សំខាន់​បំផុត គឺ​ការ​ចូល​រួម។

លោក ថោង ខុន បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ថ្ងៃនេះ ​កីឡាករ​ទាំង​អស់​ក៏​ដូចជា​ប្រជាជន​យើង​ទូទាំង​ប្រទេស ពិត​ជា​មាន​មោទនភាព​ណាស់ ​ចំពោះ​ការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​របស់​ទី​ក្រុង​ព្រះសីហនុ​របស់​យើង ដែល​ជា​ទី​ក្រុង​ដ៏​ចម្បង ១ នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ឬ ជា​តារារះ​នាទិស​និរតី ហើយ​តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ បាន​ជួយ​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​មួយ ដែល​ប្រកប​ដោយ​សុវត្ថិភាព និង​ការ​អភិវឌ្ឍដ៏ល្អ​ ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​អាច​និយាយ​ថា ​ទេសចរណ៍​ងើប​ឡើង​វិញ»។

ចំណែក​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និងជា​ម្ចាស់​ផ្ទះ បាន​ចាត់​ទុក​ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​នេះ ថា​ជាកា​រ​បំផុស​ចលនា​ឱ្យ​ប្រជាពល​រដ្ឋ បាន​លេង​កីឡា ដើម្បី​ពង្រឹង​សមត្ថភាព ផ្លូវ​កាយ​ ផ្លូវចិត្ត ​ព្រម​ទាំង​ធ្វើឲ្យ​សរសៃ​សាច់ដុំ និង​ផ្លូវ​ដង្ហើម​មាន​ភាព​រឹងមាំ ពិសេស​សុខភាពល្អ។ ​

លោកបន្ត​ថា៖ «ព្រឹត្តិការណ៍​កីឡា ១៤ កុម្ភៈ នេះ ​មិន​ត្រឹម​តែ​ជា​ការ​អភិវឌ្ឍ​កីឡា​ជំនាញ​កម្រិត​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វាជា​ការ​បំផុស​ចលនា​កីឡាមួយ ដែល​ស្របគ្នា​ជាមួយ​នឹង​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា ១មុខ ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា»។

ជុំវិញ​លទ្ធផល​ការ​ប្រកួត​ទាំង​ ៣ វិញ្ញាសា មាន​ជិះ​កង់​អាជីព​ចម្ងាយ ៤០ គីឡូម៉ែត្រ, Fun Ride ចម្ងាយ​ ២៥ គីឡូម៉ែត្រ និង Family Couple Ride ជិះកង់​ជាក្រុម​គ្រួសារ​ ចម្ងាយ​ ១៥ គីឡូម៉ែត្រ តាម​ផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ តំបន់​ឆ្នេរ​សមុទ្រ​សំខាន់ៗ នៃ​ក្រុង​ព្រះសីហនុ នោះ ត្រូវ​បាន​លោក វ៉ាត់ ចំរើន ជា​អ្នក​គ្រប់​គ្រង​កម្មវិធី ​ប្រាប់​ថា មិន​សម្រួច​ទៅ​រក​ជើងឯក ឬ ​ចំណាត់​ថ្នាក់​នោះ​ទេ គឺ​ខ្លឹមសារ​សំដៅ​កីឡា និង​ទេសចរណ៍ ដែល​ចង់​ពន្យល់​ដល់​យុវជ័យ​ថា ថ្ងៃ ១៤ កុម្ភៈ មិនមែន​ជាថ្ងៃ​ដែល​ត្រូវលះ​បង់​ព្រហ្មចារី​ដល់​គូ​ស្នេហ៍​នោះ​ទេ ប៉ុន្តែ​សំដៅលើ​ការ​គោរព​ស្រឡាញ់ ចំពោះ​ឪពុក​ម្តាយ ​ក្រុម​គ្រួសារ​ មិត្តភក្ដិ និង​ជា​ព្រឹត្តិការណ៍​នៃ​ក្តី​ស្រឡាញ់​កីឡា ​និងទេសចរណ៍»៕