
កីឡាករទេស ជីវ៉ា (ឆ្វេង) រងការវាយឲ្យដួល ក្នុងពេលប្រកួតជាមួយនឹងកីឡាករថៃ Fa Nemith កាលពីថ្ងៃអាទិត្យ។ យឺន ពន្លក
ភ្នំពេញ: ការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ Wurkz ទម្ងន់៦៣,៥គីឡូក្រាមនៃសង្វៀនអាស៊ីអាគ្នេយ៍ ដែលបានចាប់ផ្តើមរយៈពេល ៨ សប្តាហ៍កន្លងមកនេះ បានលេចជាលទ្ធផលហើយ កាលពីថ្ងៃអាទិត្យ ដើម្បីកំណត់ជោគវាសនាកីឡាករប្រដាល់ដែលមានពិន្ទុខ្ពស់ជាងគេ ទៅវគ្គផ្តាច់ព្រ័ត្រ បើទោះបីនៅសល់វគ្គជម្រុះចុងក្រោយ១លើកទៀត ដែលជាការប្រកួតបង្គ្រប់កិច្ចក៏ដោយ។
បើទោះបីកីឡាករកម្ពុជាទាំង២រូបគឺ ទេស ជីវ៉ានិងវេង សុភ័ក្រ បានធ្លាក់ចេញរួចជាស្រេចក៏ដោយ ប៉ុន្តែ ពួកគេបានវាយអស់ពីសមត្ថភាព ដែលធ្វើឲ្យមានការជក់ចិត្តដិតអារម្មណ៍ខ្លាំងពីអ្នកទស្សនា និងមានការកោតសរសើរពីមហាជន។
ទេសជីវ៉ា អ្នកប្រដាល់ចិត្តធំមកពីក្លិបកងពលលេខ៧០ ដែលក្នុងវគ្គជម្រុះចំនួន៤លើក ចាញ់ទាំង ៤ លើក មានតែ ៤ ពិន្ទុនោះ បានចាញ់ ដោយសន្លប់ក្រោមស្នៀតជង្គង់របស់កីឡាករថៃ Fa Nemith ត្រឹមទឹកទី៣។
បើទោះបីកីឡាករទេស ជីវ៉ា បានបន្តចាញ់ក៏ដោយ ប៉ុន្តែ រូបគេបានបង្ហាញពីស្មារតីការប្រកួតមុះមុត និងចិត្តធំ ដែលធ្វើឲ្យអ្នកទស្សនានៅតែគាំទ្រ និងមានប្រជាប្រិយខ្លាំងដដែល។
មុននឹងទេស ជីវ៉ា ដួលសន្លប់ដោយស្នៀតជង្គង់របស់ថៃ ក្នុងទឹកទី៣ រូបគេមានស្នៀតកែង និងទាត់ចូលល្វែងក្រោមរបស់កីឡាករថៃ Fa Nemith ស្ទើរខូចទៅហើយ ពិសេសកីឡាករថៃរូបនោះរកកលនឹងបែកកង់ផងដែរ ប៉ុន្តែស្នូវជួងបន្លឺក្នុងទឹក២គេ ដើម្បីធ្វើឲ្យគេគេចផុតពីបញ្ហាមុននឹងយកឈ្នះវិញក្នុងទឹកទី៣។

កីឡាករទេស ជីវ៉ា (ឆ្វេង) ព្យាយាមវាយទៅលើកីឡាករថៃ Fa Nemith ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។ យឺន ពន្លក
បើទោះបី Fa Nemith បានផ្តួលទេស ជីវ៉ា ក៏ដោយ ក៏រូបគេមិនមានពិន្ទុបានឡើងទៅវគ្គបន្តដូចគ្នា ដោយគេមានពិន្ទុក្នុងលំដាប់ទី២ ក្នុងពូល B បន្ទាប់ពីកីឡាករ Pek Thieng។
ចំណែកគូខ្សែក្រវាត់មួយគូទៀត កីឡាករវ៉េង សុភ័ក្រ មកពីក្លិបកងទ័ពឆត្រយោង៩១១ បានចាញ់ពិន្ទុកីឡាករថៃ Pek Thieng ក្រោយពីប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ទឹក។
Pek Thieng ឈ្នះលើវ៉េង សុភ័ក្រ លើកនេះហាក់ដូចជាប្រផិតប្រផើយខ្លាំងណាស់ ខណៈដែលទឹក ៤ និងទឹក ៥ សុភ័ក្រ បានវាយជង្គង់បានល្អ ទោះជាកម្លាំងមើលទៅហាក់ពីដូចថមថយ និងដាបជាងថៃក៏ដោយ។ វ៉េង សុ័ភក្រ ក្នុងវគ្គជម្រុះ៤លើក ឈ្នះ៣លើក អវត្តមាន១លើក ដោយបញ្ហាសុខភាពមានតែ ៩ ពិន្ទុ តាមតាមពីក្រោយកីឡាករឡុង សំណាង ដែលឈ្នះទាំង៤ប្រកួត មាន ១២ ពិន្ទុខ្ពស់ជាងគេដាច់នៅកំពូលតារាង។
ក្នុងពូលកីឡាករថៃមានតែ Pek Thieng ម្នាក់គត់ដែលមានពិន្ទុខ្ពស់ជាងគេ ដោយក្នុងចំណោម៤ប្រកួត រូបគេបានឈ្នះ៣ប្រកួត អវត្តមាន១ប្រកួត មាន៩ពិន្ទុ។ ហេតុនេះ មានន័យថា ឡុង សំណាង និងកីឡាករថៃ Pek Thieng នឹងត្រូវឡើងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៨៩ ខែវិច្ឆិកា ឆ្នាំ២០១៨៕