ភ្នំពេញ៖ កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា ៣ នាក់ មាន អ៊ុង វិរៈ, ពុទ្ធ ឆាយរិទ្ធី និង វង្ស វិឆ័យ ត្រូវបានដាក់ប្រកួតជាមួយកីឡាករថៃ បារាំង និងអាមេរិក នៅក្នុងកម្មវិធី Mas FightCambodia នៃសង្វៀនថោននៅថ្ងៃអាទិត្យនេះ ដែលការប្រកួតមានតែ ១ ទឹក ស្មើ ៩ នាទី ខណៈអ្នកផ្តួលគូប្រកួតឲ្យសន្លប់ នឹងបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមលើប្រាក់តម្លៃខ្លួន។
នៅក្នុងការប្រកួតនេះ ពុទ្ធ ឆាយរិទ្ធី របស់ក្លិបពុទ្ធសេរីវង្ស ត្រូវប៉ះថៃ Kongwuth Kosetjan ក្នុងទម្ងន់ ៦៨ គីឡូក្រាម ចំណែក វង្ស វិឆ័យ មកពីក្លិបកងទ័ពឆត្រយោង ៩១១ ត្រូវជួបកីឡាករបារាំង Bahi Mhamed ក្នុងទម្ងន់ ៦៩ គីឡូក្រាម ខណៈរៀមច្បងរបស់គេ អ៊ុង វិរៈ ត្រូវប៉ះអ្នកប្រដាល់មកពីសហរដ្ឋអាមេរិក Banasiak Pawel ក្នុងទម្ងន់ ៨៤ គីឡូក្រាម។
តាមតារាងប្រៀបធៀបបទពិសោធប្រកួតដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន ពីគណៈកម្មការរៀបចំបានឲ្យដឹងថា ពុទ្ធ ឆាយរិទ្ធី ធ្លាប់ប្រកួតបាន ១២៦ ឈ្នះ ៩៦ ចាញ់ ២៨ និងស្មើ ២ ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ៩ ដង ខណៈគូប្រកួតរបស់គេ Kongwuth Kosetjan ធ្លាប់ប្រកួតបាន ៨៩ ដង ឈ្នះ ៦២ និងចាញ់ ២៧ ដង។
ចំណែក វង្ស វិឆ័យ ដែលមួយរយៈនេះ មិនដែលចាញ់សោះនោះ មានបទពិសោធប្រកួតបាន ៦២ ដង ឈ្នះ ៥៤ និងចាញ់ ៧ ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន ១៥ ដង គឺច្រើនជាងកីឡាករបារាំង Bahi Mhamed ដែលប្រកួតបាន ៤០ ដង ឈ្នះ ៣០ និងចាញ់ ១០ ដង។
ដោយឡែក អ៊ុង វិរៈ គឺមានបទពិសោធប្រកួតច្រើនលើសលប់ពីគូប្រកួតរបស់ខ្លួន ព្រោះ វិរៈ ធ្លាប់ប្រកួត ១០០ ដង ឈ្នះ ៨៩ ចាញ់ ៧ និងស្មើ ៤ ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន ២១ ដងប៉ុន្តែ Banasiak Pawel ធ្លាប់ប្រកួតត្រឹម ១៧ ដង ឈ្នះ ១៥ និងចាញ់ ២ ដង ក្នុងនោះបានផ្តួលដៃគូឲ្យសន្លប់ ១០ លើក។
ទោះយ៉ាងណា លោក ស្រ៊ុន កុសល នាយកគ្រប់គ្រងកម្មវិធីបានប្រាប់ថា៖ «សមត្ថភាពរបស់កីឡាករបរទេស ទោះមានចំនួនប្រកួតតិចជាងកីឡាករខ្មែរ ប៉ុន្តែលក្ខណៈបច្ចេកទេសផ្គូផ្គងរបស់គណៈកម្មការ Mas Fight ដែលមានទីស្នាក់ការនៅក្រុងហុងកុង គេពិនិត្យមើលពីឃ្លីបវីដេអូប្រកួតយ៉ាងច្បាស់លាស់ ទើបសម្រេចដាក់ឲ្យប្រកួតគ្នា ហេតុនេះការប្រកួតកន្លងមកជិត ២០ សប្តាហ៍ គឺលទ្ធផលចាញ់ ឬឈ្នះ សុទ្ធតែមានលក្ខណៈស្វិតស្វាញ និងតឹងតែងបំផុត»។
ចំណែកលោក ហង្ស ស៊ឺន គ្រូបង្វឹករបស់ អ៊ុង វិរៈ និង វង្ស វិឆ័យ បានប្រាប់ថា៖ «ពួកគេទាំង ២ ហ្វឹកហាត់ត្រៀមបានល្អ ប៉ុន្តែការប្រកួតទម្ងន់ធ្ងន់នេះ គឺមិនហ៊ានទស្សន៍ទាយលទ្ធផលមុនប្រកួតថាយ៉ាងណានោះទេ ព្រោះខ្ញុំមិនដែលឃើញការប្រកួតរបស់កីឡាករបរទេសនោះឡើយហើយទម្លាប់របស់សិស្សខ្ញុំហ្វឹកហាត់ពេញម៉ោងល្អដូចគ្នា»។
លោកបន្ថែមថា៖ «ប្រសិនបើពួកគេវាយសម្រុកគ្នាខ្លាំង មិនដកថយ គឺអាចនឹងសន្លប់ក្រោម ៩ នាទី ព្រោះទម្ងន់ធ្ងន់បែបនេះ ពេលវាយចូលគោលដៅពេញល្អងាយនឹងសន្លប់ណាស់»។ ទោះជាយ៉ាងណាគ្រូបង្វឹក ដែលកំពុងល្បីឈ្មោះខាងបណ្តុះបណ្តាលកីឡាករបានល្អច្រើនជាងគេនៅក្នុងស្រុកខ្មែររូបនេះបានបង្ហើបថា៖ «វង្ស វិឆ័យ និង អ៊ុង វិរៈ គឺ ៩០ ភាគរយ នឹងឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ ហើយនិយាយបែបនេះកុំថាខ្ញុំអួត គឺខ្ញុំឃើញថា វាហាត់ល្អ»៕