ភ្នំពេញ: កីឡាករប្រដាល់សេរីដ៏មានប្រជាប្រិយម្នាក់របស់កម្ពុជា កែវ រំចង់ កំពុងតែស្រេកឃ្លានក្នុងការទទួលបានឱកាសដើម្បីចូលរួមក្នុងការប្រកួត និងបង្ហាញសមត្ថភាពក្នុងកម្មវិធី ONE Super Series របស់អង្គភាពរៀបចំការប្រកួតគុនចម្រុះធំជាងគេនៅទ្វីបអាស៊ី ONE Championship (ONE)។
ជើងខ្លាំងដែលចូលចិត្តវាយដោយមិនញញើតដៃគូរូបនេះ ត្រូវបានចាត់ទុកថា ជាកីឡាករប្រដាល់គុនខ្មែរកំពុងតែមានឈ្មោះល្បីម្នាក់នៅកម្ពុជា ខណៈដែលរូបគេក៏មានឆន្ទៈក្នុងការបង្ហាញសមត្ថភាពរបស់គេនៅលើតារាងអន្តរជាតិក្នុងកម្មវិធី ONE Super Series ផងដែរ ក្រោយពីទទួលបានឱកាសជាច្រើនក្នុងការប្រកួតនៅលើទឹកដីនៃប្រទេសថៃ។
កម្មវិធី ONE Super Series គឺជាការប្រកួតប្រដាល់សេរីដែលមានលក្ខខណ្ឌស្រដៀងទៅនឹងក្បាច់ប្រដាល់គុនខ្មែរដែរ ខណៈដែលការប្រកួតនេះ ទើបតែត្រូវបានបង្កើតឡើងដោយស្ថាប័នរៀបចំការប្រកួត ONE Championship និងទទួលបានការចាប់អារម្មណ៍ដ៏គួរឲ្យកត់សម្គាល់។
ថ្មីៗនេះ គេសង្កេតឃើញថា ក្រៅពីការរៀបចំក្បាច់ប្រដាល់ចម្រុះ (MMA) ទូទាំងទ្វីបអាស៊ី ONE Championship បានបញ្ចូលកម្មវិធីប្រកួតដែលមានលក្ខណៈដូចនឹងកីឡាប្រដាល់សេរីមួយនេះ ចូលទៅក្នុងព្រឹត្តិការណ៍របស់ខ្លួនផងដែរ ដើម្បីកាន់តែផ្តល់ការទាក់ទាញបន្ថែមទៀតដល់អ្នកស្នេហាវិស័យកីឡាបែបប្រយុទ្ធ។
កម្មវិធីប្រកួតប្រដាល់មួយនេះ បានស្រូបទាញយកកីឡាករដែលមិនសូវមានជំនាញផ្នែកក្លេ និងខ្លាំងៗជាច្រើនមកចូលរួម ជាពិសេសកីឡាករខ្លាំងៗមកពីប្រទេសថៃ និងប្រទេសផ្សេងទៀតក្នុងទ្វីបអាស៊ី។
ជាមួយគ្នានេះ កែវ រំចង់ ក៏មិនខុសពីកីឡាករផ្សេងទៀតផងដែរ ខណៈដែលកីឡាករវ័យ ២៨ ឆ្នាំរូបនេះពិតជាមានបំណងក្នុងការបង្ហាញពីសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិក្នុងកម្មវិធី ONE Super Series។
ចាប់តាំងពីជាសះស្បើយពីបញ្ហារបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីដើមឆ្នាំនេះ កីឡាករកែវ រំចង់ បានវិលទៅកាន់សង្វៀនប្រកួតវិញ និងបានទទួលជ័យជម្នះជាបន្តបន្ទាប់ ដោយសារតែជំនាញទាត់ និងកណ្តាប់ដៃដែលមិនចេះរួញរារបស់គេ។
បច្ចុប្បន្ន រូបគេកំពុងតែហ្វឹកហាត់យ៉ាងសស្រោកសស្រាំដើម្បីត្រៀមសម្រាប់ការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ស្របពេលដែល ONE Championship កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយជាមួយនឹងកីឡាកររបស់កម្ពុជា ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនខ្មែរ ដល់អ្នកទស្សនានិងអ្នកគាំទ្ររាប់លាននាក់ទូទាំងពិភពលោក។
កីឡាករកែវ រំចង់ បានយល់ឃើញថា អង្គភាពនេះ អាចរៀបចំការប្រកួតដ៏ស័ក្តិសមមួយសម្រាប់រូបគេក្នុងការបង្ហាញសមត្ថភាព តាមរយៈការលើកឡើងកាលពីពេលថ្មីៗ នេះថា៖ «សម្រាប់ខ្ញុំខ្ញុំចង់បង្ហាញសមត្ថភាពរបស់ខ្ញុំដល់ពិភពលោកឲ្យបានស្គាល់ពីក្បាច់គុនខ្មែរដ៏អស្ចារ្យរបស់យើង»។
ជាមួយគ្នានេះ កែវ រំចង់ រួមជាមួយនឹងឪពុករបស់គេ បានរួមគ្នាបង្កើតក្លិបហ្វឹកហាត់មួយឈ្មោះថា ដំបងគ្រញូងកីឡា នៅខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់គេ ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយ អាចដើរតាមគន្លងរបស់គេ។
កីឡាកររូបនេះ មានកំណត់ត្រាប្រកួតក្នុងកីឡាប្រដាល់គុនខ្មែរច្រើនជាង ១៦០ លើកក្រោយពីការប្រឡូកក្នុងអាជីពប្រដាល់ជាង ១០ ឆ្នាំមកនេះ៕