ភ្នំពេញ៖ ​កីឡាករ​លំដាប់​ឆ្នើម​របស់​កម្ពុជា​ ​៣ ​នាក់ ​មាន សូត្រ​ ប៊ុនធី ​ក្លិប​បក្សី​ស្លាប​ដែក​ ឡុង​ សុវណ្ណឌឿន ​ក្លិប​ឡុង​សាលវ័ន្ត​កីឡា​ និង​ រឿង​ សោភ័ណ្ឌ​ ក្លិប​មកុដរាជ​សីហ៍ ​​សុទ្ធ​តែ​បាន​ផ្តួល​អ្នក​ប្រដាល់​ចិន បារាំង និង​ថៃ ​ឲ្យ​សន្លប់​ ក្រោម​រយៈពេល ​៩ ​នាទី​ នៅ ​Mas Fight នៃ​​សង្វៀន​ថោន​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​ដើម្បី​បាន​​ប្រាក់​រង្វាន់​ដ៏​សន្ធឹក​សន្ធាប់​ដូច​ក្តី​រំពឹង​។ ចំណែក លី ភា និង ម៉ឺន មេឃា បាន​ត្រឹម​ស្មើ​ថៃ និង​ចិន។

ជាមួយ​គ្នា​នេះ​អ្នក​ប្រដាល់ ​លីភា ​ក្លិប​ប៉ែន​កាក់​បាន​លទ្ធផល​ស្មើ​ជាមួយ​កីឡាករ​ថៃ ​Piyanut Phongan របស់​ថៃ ​និង​កីឡាករ​ម៉ឺន ​មេឃា​ សមាគម​ ប្រដាល់​ក្រសួង​ការពារ​ជាតិ​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ចិន ​Su​ Faming ​បាន​ត្រឹម​តម្លៃ​ខ្លួន​ប៉ុណ្ណោះ​។​

សកម្មភាព​ប្រកួត​ដ៏​ទាក់ទាញ​បំផុត​នោះ​ ​សូត្រ ​ប៊ុនធី ​បាន​​ចំណាយ​ពេល​តស៊ូ​​ជិត​អស់​ ​៩ ​នាទី ​ទើប​អាច​​ផ្តួល​​ចិន ​Moserwooda ឲ្យ​សន្លប់​បាន​​។ ​អ្នក​ទាំង ២ ​នេះ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ ​ប៉ុន្តែ​នៅ​ក្នុង​នាទីទី ​៩ ​ប៊ុនធី ​បាន​ចាប់​បុក​ជង្គង់​ផ្ទួនៗ និង​បន្ថែម​ដោយ​ស្នៀត​កែង ​នាំ​ឲ្យ​ ​Moserwooda សន្លប់​តែ​ម្តង​ ហើយ​​ភ្លាមៗ ​ក្រោយ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នោះ ​សូត្រ ​ប៊ុន​ធី ​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​លើ​តម្លៃ​ខ្លួន​ប្រកួត​ចំនួន ​៦០០ ​ដុល្លារ​ទៀត​។​

សូត្រ​ ប៊ុនធី បាន​​និយាយ​ក្រោយ​​ការ​ប្រកួត​ថា​៖ ​«ខ្ញុំ​ក៏​អាច​ចូល​សម្រុក​ផ្តួល​តាំង​ពី​ដើម​ទឹក​បាន​ដែរ ​ប៉ុន្តែ​នៅ​ខ្លាច​ញញើត​ក្បាច់​កណ្តាប់​ដៃ​​ ព្រោះ​បើ​គេ​​វាយ​ចំ​ ខ្ញុំ​ក៏​អាច​សន្លប់​ដូច​គ្នា ​ហេតុ​នេះ​ខ្ញុំ​រង់ចាំ​មើល​ស្ថានភាព​ គឺ​អូស​បន្លាយ​ឲ្យ​គេ​ស្រុត​អស់​កម្លាំង​បន្តិច​ ទើប​ចូល​ចាប់​ឱប​វាយ​ជង្គង់​តែ​ម្តង​ ហើយ​ខ្ញុំ​​ធ្វើ​បាន​​សម្រេច​ដូច​បំណង​»។

ចំណែក​កីឡាករ ​ឡុង ​សុវណ្ណឌឿន​ ដែល​មិន​រំពឹង​អាច​ផ្តួល​​កីឡាករ​ថៃ ​Denkronbunri​សោះ​នោះ​ បែរ​ជា​ធ្វើ​បាន​ល្អ ​ដោយ​ចូល​វាយ​សម្រុក​ភ្លាមៗ គឺ​​ប្តូរ​​កែង​​គ្មាន​បង្អង់​។​ ​នៅ​ក្នុង​ការ​ប្រកួត​ពេញ ​៩ នាទី​នោះ សុវណ្ណ​ឌឿន​ បាន​​ប្រើ​ពេល​អស់​ជាង ​៦ នាទី ទើប​អាច​ផ្តួល Denkronbunri ឲ្យ​​ដេក​ស្អាត​ បន្ទាប់​ពី​រង​កណ្តាប់​ដៃ​ និង​កែង​ផ្តួនៗ ហើយ​ជ័យជម្នះ​នេះ​​នាំ​ឲ្យ សុវណ្ណឌឿន​ ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​ចំនួន ​២០០ ​ដុល្លារ​។​

ចំណែក​គូ​ឯក​ប្រចាំ​សប្តាហ៍​ រឿង​ សោភ័ណ្ឌ ​​បាន​ប្រើ​ពេល​ប្រមាណ​តែ ​៣ ​វិនាទី ដោយ​ការ​​ដាល់​ចូល​ពោះ​ បណ្តាល​ឲ្យ​កីឡាករ​បារាំង ​Sam Sityodtong MTM​ ស្រុត​កម្លាំង រហូត​អាជ្ញា​កណ្តាល អ៊ិន ខេមរិន្ទ បញ្ឈប់​ការ​ប្រកួត បន្ទាប់​ពី​បាន​ធ្វើ​ការ​រាប់​ទៅ​លើ​បារាំង​ម្នាក់​នេះ ​១ ​លើក​ ប៉ុន្តែ​ការ​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​លើក​​នេះ ធ្វើ​ឲ្យ រឿង សោភ័ណ្ឌ ​បាន​​ប្រាក់​រង្វាន់​​បន្ថែម​ត្រឹម ​២០០ ​ដុល្លារ​ប៉ុណ្ណោះ​។​

រឿង ​សោភ័ណ្ឌ​ បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ ​«​ពី​ដំបូង​គិត​ថា​ លំបាក​ចូល​វាយ​​ព្រោះ​គេ​ខ្ពស់​ជាង​ពេក ​ប៉ុន្តែ​តាមរយៈ​ការ​សម្រុក​មួយ​ប្រាវ ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា គេ​ខ្សោយ​ពោះ ទើប​ខ្ញុំ​ចូល​វាយ​បន្ថែម ផ្តួល​គេ​ឲ្យ​សន្លប់​តែ​ម្តង​ទៅ»។

ចំណែក​កីឡាករ ម៉ឺន​ មេឃា​ ដែល​ប្រកួត​​ជាមួយ​ចិន Su Faming និង ​លី ភា​ ដែល​ប៉ះ​ថៃ Piyanut មិន​​អាច​ផ្តួល​ដៃ​គូ​ប្រកួត​ឲ្យ​សន្លប់​នោះ​ទេ ​ហើយ​​តាម​ច្បាប់​ប្រកួត​របស់​សង្វៀន​ Mas ​Fight របស់​​ទូរទស្សន៍​ថោន ​គឺ​ទទួល​បាន​លទ្ធផល​ស្មើ​គ្នា ​ដោយ​មិន​គិត​ពី​ការ​ផ្តល់​ពិន្ទុ​នោះ​ឡើយ​។​

លោក​ ស៊្រុន ​កុសល​ អ្នក​គ្រប់គ្រង​កម្មវិធី Mas Fight ​​បាន​ថ្លែង​ថា៖ ​«ប្រតិបត្តិការ​រៀបចំ​ការ​ប្រកួត​នេះ យើង​​ទទួល​បាន​ការ​គាំទ្រ​ថវិកា​ពី​វិស័យ​ឯកជន ​គឺ​ក្រុមហ៊ុន ​Khmer ​Beverages​ ហើយ​​មហាជន​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​ពេញ​ផ្ទៃ​សង្វៀន​តែ​ម្តង​។​ ​យើង​នឹង​រៀបចំ​ធ្វើ​ការ​ប្រកួត​ដោយ​មាន​ការ​ផ្គូផ្គង​ពី​ដៃ​គូ​ Mas fight ​នៅ​ហុងកុង​ ព្រម​ទាំង​សហការ​ជាមួយ​គណៈកម្មការ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ​ដោយ​​មាន​ការ​ឯកភាព​ពី​ភាគី​ស្ពនស័រ​ផង​ដែរ​ ដើម្បី​ឲ្យ​កម្មវិធី​ប្រកួត​នេះ ដំណើរការ​បាន​ល្អ​ និង​រលូន​»៕​