ភ្នំពេញ៖ សង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ចំនួន ៣ មាន CNC, បាយ័ន និងថោននឹងបើកប្រកួតវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីផ្អាកអស់ជាង ៣ សប្តាហ៍ស្របពេលរាជរដ្ឋាភិបាលបានបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ១៩ ចំណែកសង្វៀនចំនួន ៣ ទៀតមានប៉ុស្តិ៍លេខ ៥ សង្វៀនហង្សមាស និងសង្វៀនឯកភ្នំខេត្តបាត់ដំបងមិនទាន់មានដំណឹងថា នឹងបើកវិញថ្ងៃណានៅឡើយទេ។
សម្រាប់សង្វៀនថោនដែលមានកម្មវិធីប្រកួតទាក់ទាញខ្លាំងប្រចាំសប្តាហ៍គឺការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននោះ ត្រូវបានចាប់ផ្តើមបន្តក្នុងសប្តាហ៍ទី ៧១ ខណៈដែលសមាសភាពជាអ្នកប្រដាល់ទម្ងន់ស្រាលជើងខ្លាំងជំនាន់ថ្មីចំនួន ៤ នាក់មានឡុងខេត្ត,យ៉ន ពិសី,សាន សំអុន និងជើងចាស់ ហ៊ឹម គឹមរៀង ត្រូវបានជ្រើសរើសយកមកដាក់ឱ្យប្រកួតប្រជែងដណ្តើមប្រាក់ចំនួន ៣ លាន ៤ សែនរៀលនាល្ងាចថ្ងៃអាទិត្យខាងមុខនេះ។
លោក និន វណ្ណដា អ្នកកាន់កម្មវិធីប្រដាល់ប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ថា៖ «កម្មវិធីប្រកួតប្រដាល់បានបើកឡើងវិញហើយនៅសប្តាហ៍នេះ ដោយខ្ញុំបានទទួលឯកសារសមាសភាពអ្នកប្រដាល់រួចហើយគឺមានសង្វៀន CNC សង្វៀនបាយ័ន និងសង្វៀនថោនដែលប្រកួតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះតែម្តង»។
ចំណែកលោក ជួប វុត្ថា អ្នកផ្គូផ្គងកម្មវិធីប្រដាល់នៅសង្វៀនថោន បានឱ្យដឹងថា៖ «ខាងខ្ញុំទទួលបានការអនុញ្ញាតឱ្យប្រកួតវិញហើយ ប៉ុន្តែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការរក្សា និងអនុវត្តតាមគោលការណ៍ ៣ កុំ និង ៣ ការពារ ដើម្បីសុវត្ថិភាពទាំងអស់គ្នាហើយបើមានអ្វីថ្មី និងបទបញ្ជាថ្មីនឹងប្រែប្រួលតាមជាក់ស្តែង»។
លោក ជួប វុត្ថា បានបន្ថែមថា៖ «ការចាប់ផ្តើមប្រកួតឡើងវិញនេះគ្មានបញ្ហាលំបាកទេ ព្រោះការងារយើងបានត្រៀមជាបណ្តើរៗ។ ជាមួយគ្នានេះយើងមានបទពិសោធក្នុងការរៀបចំគឺមានទំនាក់ទំនងជាមួយសមាគមក្លិបគ្រូបង្វឹក និងកីឡាករ ដើម្បីស្វែងយល់ពីការហ្វឹកហាត់សុខភាព និងសមត្ថភាពរបស់ពួកគេ ដើម្បីជ្រើសយកមកផ្គូផ្គងឱ្យការប្រកួតបានល្អ»។
អ្នកផ្គូផ្គងកម្មវិធីប្រដាល់នៅសង្វៀនថោនរូបនេះបញ្ជាក់ថា៖ «សមាសភាពគូប្រកួតនៅសប្តាហ៍នេះយើងបានផ្លាស់ប្តូរទៅតាមភាពជាក់ស្តែង ព្រោះកីឡាករខ្លះមិនបានហាត់ដោយបញ្ហាផ្សេងៗក្នុងពេលផ្ទុះកូវីដតែយើងបានជំនួសមកវិញតាមជាក់ស្តែង។ សប្តាហ៍នេះដែរគូដាក់ឱ្យចាប់ឆ្នោតប្រកួតដណ្តើមប្រាក់លានមានកីឡាករ ហ៊ឹម គឹមរៀង មកពីខេត្តកំពង់ស្ពឺយ៉នពិសីមកពីសាលវ័ន្តកីឡាឡុងខេត្តមកពីក្លិបខ្លារខិន និង សាន សំអុន មកពីក្លិបអរុណរះក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម»។
តាមកំណត់សម្គាល់កីឡាករទាំង ៤ នាក់នេះមានសមត្ថភាពលំបាកទស្សន៍ទាយ ព្រោះ ហ៊ឹម គឹម រៀងចាស់វស្សាជាងគេធ្លាប់ខ្លាំង តែមួយរយៈនេះធ្លាក់ចុះប្រកួតមិនសូវបានល្អ ប៉ុន្តែកីឡាករ ៣ នាក់ទៀតកំពុងលេចធ្លោក្នុងការបញ្ចេញសមត្ថភាពឱ្យគេស្គាល់មាន ឡុងខេត្ត, យ៉ន ពិសី និង សាន សំអុន នេះតែម្តង។
ឡុងខេត្ត បាននិយាយថា៖ «ខ្ញុំធ្លាប់ចាញ់ យ៉ន ពិសី កន្លងមកគឺមិនអស់ចិត្តហើយលើកនេះបើចាប់ឆ្នោតប៉ះគ្នាខ្ញុំមានទំនុកចិត្តយកឈ្នះបាន។ ចំណែក គឹម រៀង ពីមុននរណាក៏ខ្លាច និងញញើតដែរ ប៉ុន្តែឥឡូវបើប៉ះខ្ញុំក៏មិនខ្លាចដែរ»។
ជាមួយគ្នានេះ លោក ឡុង សាលវ័ន្ត គ្រូបង្វឹក យ៉ន ពិសី និយាយថា៖ អ្នកប្រដាល់ទាំង ៤ នាក់នេះបើនិយាយពីសមត្ថភាពក្បាច់គុនវិញលំបាកវាយតម្លៃព្រោះអ្នកជំនាន់ក្រោយកម្លាំងល្អ និងចិត្តធំហ៊ានចូលវ៉ៃមិនសំចៃកម្លាំង។ បើខ្ញុំគិតវិញ ៥០ ភាគរយម្នាក់ ហើយជើងខ្លាំង ហ៊ឹម គឹមរៀង ក៏មិនមែនជាឧបសគ្គធំរបស់ យ៉ន ពិសី ដែរ គឺស៊ីសងប្រកួតជាក់ស្តែង។ យ៉ាងណាខ្ញុំរំពឹងលើកូនសិស្សខ្ញុំ យ៉ន ពិសី ច្រើនដែរ ព្រោះវាហាត់ជាមួយខ្ញុំនៅក្នុងក្លិបមិនបានចេញទៅណាទេក្នុងកូវីដ១៩នេះ»។
សម្រាប់សង្វៀន ថោន នៅសប្តាហ៍នេះក្រៅពីគូដណ្តើមប្រាក់លាននេះ ក៏មានការប្រកួតបើកឆាក ១ គូ និងការប្រកួត Mas Fight គួរឱ្យចាប់អារម្មណ៍ចំនួន ២ គូទៀតផងដែរ ដោយក្នុងនោះកីឡាករ បឺត សង្ឃឹម ត្រូវប៉ះ អេអាំម៉ារីនភូថង ក្នុងទម្ងន់ ៥៧ គីឡូក្រាម ហើយ សុខ សុវណ្ណ ប្រកួតជាមួយ ជ័យ ស៊ីណេត ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមសុទ្ធតែជាគូដែលមានសមត្ថភាពល្អ៕