ភ្នំពេញៈ កីឡាករជើងចាស់របស់កម្ពុជា ៨ នាក់ត្រូវបានដាក់ឲ្យប្រកួតដណ្តើមយកមេដាយមាស និងប្រាក់រង្វាន់ ៥០០០ ដុល្លារក្នុងព្រឹត្តិការណ៍ថ្មីគឺប្រកួតអន្តរជាតិដណ្តើមពានរង្វាន់មេដាយមាស Boostrong Figter on Fire ជាមួយអ្នកប្រដាល់បរទេសចំនួន ៨ នាក់មកពីប្រទេសថៃ អ៊ីរ៉ង់ អូស្ត្រាលី និងចិន។
ការប្រកួតអន្តរជាតិដណ្តើមពានរង្វាន់មេដាយមាស Boostrong Figter on Fire នឹងត្រូវចាប់ប្រកួតជម្រុះនៅលើសង្វៀន SEATV នាថ្ងៃអាទិត្យនេះ ហើយរូបមន្តប្រកួតគឺមានលក្ខណៈប្លែក និងថ្មីខុសពីព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀត គឺមានការប្រកួតជម្រុះ ៣ ដំណាក់កាលទើបដល់វគ្គផ្តាច់ព្រ័ត្រ។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រចាំសង្វៀន SEATV បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នេះជារូបមន្តប្រកួតថ្មីមួយដែលមានលក្ខណៈទាក់ទាញ ខណៈដែលកីឡាកររបស់កម្ពុជាចំនួន ៨ នាក់ត្រូវប៉ះកីឡាករបរទេសចំនួន ៨ នាក់ដែលត្រូវប្រកួតគ្នាតាមរយៈការចាប់ឆ្នោតភ្លាមហើយប្រកួតគ្នាភ្លាមតែម្តង ក្នុងពេលផ្សាយផ្ទាល់ រាល់ព្រឹកថ្ងៃអាទិត្យដោយចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ ក្នុងគម្រោងរយៈពេល ១២ សប្តាហ៍»។
តាមលោក ញាន សុធី គឺក្នុង ១ សប្តាហ៍មានការប្រកួត ២ គូ ប៉ុន្តែកីឡាករទាំង ១៦ នាក់នឹងត្រូវបង្ហាញខ្លួននៅក្នុងសន្និសីទកាសែតមុនការប្រកួតនាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីធ្វើការចាប់ឆ្នោតទាំងអស់គ្នាតែម្តងហើយការប្រកួតគឺអ្នកចាញ់ធ្លាក់ៗ និងអ្នកឈ្នះត្រូវបន្តឡើងទៅប្រកួតវគ្គ ៨ នាក់រួចយកអ្នកឈ្នះបន្តទៅវគ្គ ៤ នាក់ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅវគ្គផ្តាច់ព្រ័ត្រ។
ទោះបីជាយ៉ាងណានៅក្នុងការប្រកួតពី ១ ដំណាក់កាលទៅ ១ ដំណាក់កាល សុទ្ធតែតម្រូវឲ្យមានការចាប់ឆ្នោតមុនការប្រកួតដូចគ្នាទាំងអស់គឺលើកលែងតែវគ្គផ្តាច់ព្រ័ត្រដែលគេយកឈ្នះទៅជួបអ្នកឈ្នះ ដើម្បីដណ្តើមយកមេដាយមាស និងប្រាក់រង្វាន់ ៥០០០ ដុល្លារសម្រាប់អ្នកលេខ ១ និង ២០០០ ដុល្លារសម្រាប់អ្នកចាញ់បានលេខ ២ ឯលេខ ៣ និងលេខ ៤ នៅមិនទាន់កំណត់ប្រាក់រង្វាន់ច្បាស់នោះទេ។
ដោយឡែកសម្រាប់សមាសភាពអ្នកប្រដាល់កម្ពុជាទាំង ៨ នាក់ដែលត្រៀមការប្រកួតនេះមាន ទេស សំខាន់ ក្លិបកងពលលេខ ៧០ យ៉ាម ខេមរា ក្លិបរស្មីកុមារកំព្រា ហេង សំរាំង ក្លិបព្រៃទទឹងខេត្តបាត់ដំបង វង្ស វិឆ័យ ក្លិបទ័ពឆត្រយោង ៩១១ ធឿន វិថាត់ ក្លិបព្រៃវែង ឆៃ សារ៉ា របស់សមាគមប្រដាល់ ក្រសួងការពារជាតិ នន់ ជំនិត ក្លិបខេត្តកណ្តាល និង ធី តុងហ៊ី ក្លិបប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកប្រដាល់បរទេសទាំង ៨ នាក់មានថៃ ៤ នាក់គឺ ក្វាន់ឯក,ភេកណាំនឹង,ឈូគណាំឆៃ,ហ្វាមីឆៃ កីឡាករអ៊ីរ៉ង់ កាហ្វារី និង ម៉ាទីន កីឡាករអូស្ត្រាលី ដារីនចីន និងកីឡាករចិន Roan Xiaohu៕