ភ្នំពេញ: កីឡាករ​ជើងចាស់​របស់​កម្ពុ​ជាន​ន់ ជំនិត មកពី​ស្វាយ​រលំ​មាន​រិទ្ធ បាន​ផ្តួល​កីឡាករ​មក​ពី​អាល់បានី Gen Ci ឲ្យ​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី ៤ ក្នុងការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រយុទ្ធ Boostrong Fighter on Fire របស់​សង្វៀន​អាស៊ី​អាគ្នេយ៍ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ២៤ ខែ​មិថុនា ឆ្នាំ ២០១៨។

ចំណែក​កីឡាករ​ជើង​ថ្មី​ជំនាន់​ក្រោយ ២ នាក់​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​គឺ​សុខ សារិន ក្លិប​អេលីត​គុន​ខ្មែរ បាន​ផ្តួល​កីឡាករ Pin Ngen ឲ្យ​សន្លប់​ទឹក ១ ហើយ​កីឡាករ​សេង កុសល មក​ពី​ក្លិប​មោង​ឫស្សី ខេត្ត​បាត់ដំបង បាន​ផ្តួល​កីឡាករ​ថៃ ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី ២។

នេះ​ជា​លទ្ធផល​ប្រកួត​ប្រចាំ​សប្តាហ៍​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ខណៈ​ដែល​កីឡាករ​កម្ពុជា​បាន​ឈ្នះ​កីឡាករ​បរទេស​ទាំង ៣ គូ ពិសេស​សមត្ថភាព​កីឡាករ​ជើង​ថ្មី​វ័យ​ក្មេង​ទម្ងន់​ស្រាល​កម្ពុជា ២ នាក់​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ឈ្មោះ​កាន់​តែ​ល្បី។ នន់ ជំនិត ដែល​បាត់​មុខ​ពី​សង្វៀន​យូរ ហើយ​បច្ចុប្បន្ន​បាន​ឡើង​ទម្ងន់​ឡើង​ទៅ​ប្រកួត​នៅ​ប្រភេទ ៧១ គីឡូក្រាម និង​ធ្វើ​បាន​យ៉ាង​ល្អ។

ក្នុងការ​ប្រកួត​ចំនួន ៣ ទឹក​ដំបូង ជំនិត មានប្រៀប​បន្តិចបន្តួច​សឹងតែ​គ្រប់ទឹក​ទៅលើ​ដៃគូ​គឺ​កីឡាករ​មក​ពី​អាល់បានី Gen Ci មុន​នឹង​វាយ​ឲ្យ​ដៃគូ​របស់​គេ​ចុះ​ចាញ់​ក្នុង​ទឹក​ទី ៤។

ចំណែក សេង កុសល ដែលជា​កីឡាករ​វ័យក្មេង​មកពី​ខេត្តបាត់ដំបង​នោះ ក៏បាន​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា​ដោយ​មិន​បន្ធូរ​ដៃ​ឲ្យ​ដៃគូ​ឡើយ។

នៅ​ទឹក​ទី ១ កីឡាករ Sing Phunsai ទប់ទល់ និង​វាយបក​វិញ​បានល្អ ទៅលើ​សេង កុសល ប៉ុន្តែ ក្នុង​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នេះ​បាន​ឈាន​ចូល​ទឹក​ទី ២ កីឡាករ​សេន កុសល នៅ​តែ​មិន​បន្ធូរ​ដៃ ឬ​បណ្តោយ​ពេលវេលា​ល្អ​កន្លង​ផុត​ទេ ដោយ​គេ​បាន​ចេញ​ក្បាច់​បន្ថែម​មាន​ទាត់​ជង្គង់​ព្រម​ទាំង​ស្នៀត​កែង​មុខ​កាណូត​ធ្វើ​ឲ្យ​កីឡាករ​ថៃ Sing Phunsai ដួល​សន្លប់​ធំ​តែ​ម្តង​ដោយ​អាជ្ញាកណ្តាល​មិន​បាន​រាប់​ឡើយ ពី​ព្រោះ​ស្ថានភាព​សន្លប់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក។

ក្រោយពី​ទទួលបាន​លទ្ធផល​ដ៏​ល្អ​បែបនេះ កីឡាករ​សេង កុសល បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ឲ្យ​ដឹង​ថា៖ «នេះ​ជា​លើក​ទី ១ ហើយ​ដែល​ខ្ញុំ​បាន​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ហើយ​ខ្ញុំ​បាន​ផ្តួល​កីឡាករ​ថៃ​ក្នុង​ទឹក ២ នេះ និង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​បំផុត ហើយ​សង្ឃឹម​ថា​នឹង​បាន​ឡើង​ប្រកួត​លក្ខណៈ​អន្តរជាតិ​ពេល​ក្រោយៗ​ទៀត​មិន​ខាន»។

ចំណែក​លទ្ធផល​ពី​ការប្រកួត​គូ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​ជម្រុះ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ កីឡាករ​ឈុត សេរីវ៉ាន់ថង បាន​ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ទទួល​បាន ៣ ពិន្ទុ​បន្ថែម​ទៀត​ដូច​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក ហើយ​កីឡាករ​ធន់ មករា ឈ្នះ​បាន ៣ ពិន្ទុ​ដែរ​ដោយសារ​តែ​ដៃគូ​អវត្តមាន និង​ជំនួស​ដោយ​ការ​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ថៃ៕