ភ្នំពេញ៖ អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ ធន់ ចំរ៉ុង បាន​នឹង​កំពុង​តែ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ចាប់​ផ្តើម​ល្បី ខណៈ​រូប​គេ បាន​យក​ឈ្នះ​ទាំង​អ្នក​ប្រដាល់​ជើង​ចាស់ និង​ជើង​ថ្មី​ជាប់ៗ​គ្នា និង​មិន​ទាន់​ស្គាល់​ការ​ចាញ់​សោះ​នោះ ចំណែក​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ចំរ៉ុង នឹង​ត្រូវ​ជួប​ជើង​ចាស់​ធ្លាប់​ប្រកួត ច្រើន​ជាង​ខ្លួន​ចូល ៦០ ដង ឡុង ឡា នៅ​សង្វៀន បាយ័ន ប៉ុន្តែ ចំរ៉ុង នៅ​តែ​រំពឹង​ខ្ពស់​ក្នុង​ការ​ស្វែងរក​ការ​ឈ្នះ​ឱ្យ​បាន​គ្រប់ ១៨ លើក។

លោក ធន់ សុភា ដែល​ជា​គ្រូបង្វឹក ធន់ ចំរ៉ុង បាន​ប្រាប់​ថា៖ «ចំរ៉ុង ទើប​តែ​មក​សុំ​ហាត់​បាន​ត្រឹម ១ ឆ្នាំ​ប៉ុណ្ណោះ តែ​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ល្បីៗ​មួយ​ចំនួន ឈ្នះ​ជានិច្ច​ពោល ​គឺ ១៨ លើក ឈ្នះ ១៧ និង​ស្មើ ១ លើក ក្នុង​នោះ​បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន ១៤ លើក មិន​ឱ្យ​តដៃ​រួច»។

លោក ធន់ សុភា ដែល​ជា​ជំនួយការ​ផ្គូផ្គង​ឱ្យ​សង្វៀន​បាយ័ន​ផង​នោះ បាន​បញ្ជាក់​ថា៖ «ធន់ ចំរ៉ុង ពិត​ជា​លំបាក​រក​ដៃគូ​ទប់ទល់​ជាមួយ​ណាស់ ហើយ​ការ​ប្រកួត​លើក​នេះ ចំរ៉ុង មាន​ភាគរយ​ឈ្នះ​ខ្ពស់ ព្រោះ​ការ​វ៉ៃ​ចេញ​មាន​ស្នៀត​កណ្តាប់ដៃ និង​ទាត់​ធ្ងន់ ព្រមទាំង​មាន​កម្លាំង​ធានា ៥ ទឹក មិន​ងាយ​ថមថយ​នោះ​ឡើយ»។

ដោយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្ម​ទទឹង ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ធន់ ចំរ៉ុង ជា​កូន​កសិក និង​ជា​កូន​ទី២ ក្នុង​ចំណោម​បងប្អូន​ចំនួន ៤ នាក់ ដែល​គ្មាន​សាច់ញាតិ ជា​អ្នក​លេង​កីឡា​នោះទេ ប៉ុន្តែ​តាមរយៈ​ការ​មើល​ប្រដាល់​តាម​ទូរទស្សន៍​ជា​ប្រចាំ​បាន​ជំរុញ​ឱ្យ​ក្មេងប្រុស​ម្នាក់​នេះ កើត​មាន​ជា​ចំណង់​ចំណូលចិត្ត​ចង់​ហាត់​ឡើង​ប្រកួត។ បន្ទាប់​មក​តាមរយៈ​មិត្តភក្តិ ចំរ៉ុង បាន​មក​សុំ លោក ធន់ សុភា ដើម្បី​ហ្វឹកហាត់​ប្រដាល់ និង​បាន​ឡើង​ប្រកួត​ចំនួន ១៨ លើក ឈ្នះ ១៧ និង​ស្មើ ១ ដង។

កីឡាករ ​ធន់ ចំរ៉ុង បាន​ប្រាប់​ថា៖ «ដៃគូ​ដែល​ខ្ញុំ​ធ្លាប់​ប្រកួត​មាន​ជើង​ចាស់ និង​ជើង​ថ្មី ហើយ​ពួក​គេ ភាគ​ច្រើន​លំបាក​គេច​ពី​ការ​សន្លប់​ណាស់ ដោយ​ក្នុង​នោះ​ខ្ញុំ​បាន​ឈ្នះ​ដូចជា ម៉ិល សារុន, ឆាយ មាស, ប្រាក់ ស៊ីណាត, នឹម ណន, ប្រាក់ ឌីណា, ឯម សីហា, សេក គឹមផាន, សេក គឹមផៃ, ពៅ ចំរ៉ុង, ធា វាសនា និង​ស្មើ​ជាមួយ ធា វាសនា ជាដើម។ ចំណែក​លើក​នេះ ទោះជា​បង ឡុង ឡា មាន​បទពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត ហើយ​ការ​ប្រកួត​របស់​គាត់​ល្អ​មែន ប៉ុន្តែ​ខ្ញុំ​គិត​ថា សង្ឃឹម​យកឈ្នះ​គាត់ ៨០ ភាគរយ»។

ចំណែក​លោកស្រី សុខ សុខុម ជា​អ្នកគ្រប់គ្រង​កីឡាករ ឡុង ឡា ក៏​បាន​ទទួល​ស្គាល់​ថា ឡុង ឡា លំបាក​ទប់ទល់​ជាមួយ​ជើង​ថ្មី ធន់ ចំរ៉ុង ដែរ។ «ឡុង ឡា កំពុង​ហាត់ ត្រៀម​បច្ចេកទេស​បាន​ល្អ ប៉ុន្តែ​ប៉ះ​ជាមួយ​ជើង​ថ្មី ធន់ ចំរ៉ុង នេះ​ពិត​ជា​ការងារ​ធ្ងន់​មែន និង​លំបាក​ឈ្នះ ដោយ​ខ្ញុំ​សង្ឃឹម​ត្រឹម ៥០ ភាគរយ​ប៉ុណ្ណោះ»។

លោកស្រី សុខ សុខុម បាន​បញ្ជាក់​ថា៖ «ឡុង ឡា ប្រកួត​យូរ​ហើយ ដោយ​បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ និង​ធ្លាប់​ឈ្នះ​ចំណាត់​ថ្នាក់​លេខ ៣ ផង​ដែរ ហើយ​តាម​ខ្ញុំ​មើល​បច្ចេកទេស​របស់ ឡុង ឡា ល្អ​ជាង ប៉ុន្តែ​អាច​ចាញ់​ប្រៀប​កម្លាំង ព្រោះ ធន់ ចំរ៉ុង នេះ​របៀប​ប្រកួត​វាយ​សម្រុក​សន្ធាប់ ៥ ទឹក មិន​ងាយ​ដកថយ​នោះ​ឡើយ ហេតុ​នេះ​អ្នក​ប្រដាល់​មួយ​ចំនួន​ភាគ​ច្រើន​ចាញ់​ដោយសារ​សន្លប់​នេះ​តែ​ម្តង។ ចំណែក ឡុង ឡា អាច​មាន​ចំណុច​យក​ឈ្នះ​បាន គឺ​វាយ​មិន​តទល់​ខ្លាំង​ទេ តែ​គេច​ចេញ ដើម្បី​វាយបក​យក​ពិន្ទុ ទើប​ទទួល​បាន​លទ្ធផល​ឈ្នះ ប៉ុន្តែ​មិន​ដឹង​ថា វា​ធ្វើ​បាន​ប៉ុនណា​នៅ​ឡើយ​ទេ»៕