
ជើងថ្មី ខាំ សុរិយា ត្រូវប្រឈមជាមួយជើងចាស់ ឡុង ជិន ដែលធ្លាប់ឈ្នះខ្សែក្រវាត់ ២ ស្ថាប័ន។ សហការី
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯក TV5 Boxing Knock Out Series K.cement ទម្ងន់ ៦០ គីឡូក្រាម នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ នៅថ្ងៃសៅរ៍ បានឈានដល់វគ្គជម្រុះជុំទី ២ ហើយ គឺការប៉ះគ្នារវាងកីឡាករជើងចាស់ ២ រូប និងជើងថ្មី ដើម្បីរកអ្នកឈ្នះឡើងទៅវគ្គ ៨ នាក់ចុងក្រោយ។
សម្រាប់ការប្រកួតនេះ ជើងថ្មី ខាំ សុរិយា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវជួបអ្នកប្រដាល់ លំដាប់ខ្លាំងល្បីជួរមុខ ឡុង ជិន របស់ក្លិបខ្លារខិនមានរិទ្ធ ប៉ុន្តែគ្រូបង្វឹករបស់ ខាំ សុរិយា គឺលោក បឺត សំខាន់ អះអាងថា នឹងអាចមានចំណុចត្រូវឈ្នះ។ ចំណែកអ្នកប្រដាល់ចាស់វស្សា ទិត្យ សុវណ្ណគិរី របស់ក្លិបក្រសួងកសិកម្ម ត្រូវប៉ះអ្នកប្រដាល់ខ្វីវស្សា ទូច ដេវីត ក្លិបអារុណរះកីឡាខេត្តកណ្តាល។
កាលពីប្រកួតក្នុងជុំទី ១ ខាំ សុរិយា បានឈ្នះ ម៉ិល សារុន ក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុ ចំណែក ឡុង ជិន ឈ្នះ ឌុម កែវដប ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ដោយពិន្ទុដែរ ប៉ុន្តែតាមរយៈការសម្ភាសស្តីពីការត្រៀមខ្លួនលើកនេះ គឺភាគីកីឡាករទាំង ២ នាក់នេះ សុទ្ធតែអះអាងពីការត្រៀមខ្លួនបានល្អ និងតាំងចិត្តប្រកួតឲ្យបានល្អ។
លោក បឺត សំខាន់ គ្រូបង្វឹក ខាំ សុរិយា បានប្រាប់ថា៖ «ទោះបីជា ឡុង ជិន មានខ្សែក្រវាត់ ២ ស្ថាប័ន ហើយចាស់វស្សា និងមានបទពិសោធច្រើនជាង ប៉ុន្តែតាមការហ្វឹកហាត់ត្រៀម ខាំសូរិយ៉ា អាចមានលទ្ធភាពយកឈ្នះបាន ព្រោះវាអាស្រ័យលើស្ថានភាពជាក់ស្តែង ដែលជាយុទ្ធសាស្ត្រប្រកួត និងកម្លាំងប្រយុទ្ធ»។
ជាមួយបទបិសោធប្រកួត ២៧ ដង ឈ្នះ ២០ ចាញ់ ៦ និងស្មើ ១ ខាំ សុរិយា ជាកីឡាចិត្តធំចូលវ៉ៃហ៊ានប្តូរក្បាច់គ្នា ដើម្បីភាពជោគជ័យ។ លោក បឺត សំខាន់ បានបន្ថែមថា៖ «មិនអស់សង្ឃឹមនោះទេ គឺ សូរិយា មានចំណុចឈ្នះ ៥០ ភាគរយ និងធានាវ៉ៃអស់ពីសមត្ថភាព។ អ្នកខ្លះឮតែដៃគូប្រកួតមានសមត្ថភាពខ្លាំង គឺបាក់ទឹកចិត្ត ប៉ុន្តែកូនសិស្សរបស់ខ្ញុំ គឺចង់ជួបអ្នកខ្លាំង ទើបជួយយើងឲ្យខ្លាំងបាន ហើយខ្ញុំមានទំនុកចិត្ត និងសង្ឃឹមឈ្នះ ព្រោះយើងត្រៀមបានល្អ សម្រាប់វាយប្តូរ ខណៈ ឡុង ជិន មួយរយៈនេះ ធ្លាក់ចុះមួយកម្រិតដែរ»។
ចំណែក ឡុង ជិន ដែលធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ២ ស្ថាប័ននោះ គឺមួយរយៈនេះបានធ្លាក់ចុះខ្លាំង ទាំងថាមពល និងបច្ចេកទេស ហើយកាលពីសប្តាហ៍មុន បានចាញ់សន្លប់ក្រោមជង្គង់ វេង សុភ័ក្រ។ ឡុង ជិន ធ្លាប់ប្រកួតបានជាង ១០០ ដង ក្នុងនោះប៉ះកីឡាករបរទេសជិត ៥០ លើក និងធ្វើឲ្យដៃគូខ្លាចញញើត។
លោកស្រី ឡុង រ៉ាវី អ្នកគ្រប់គ្រង ឡុង ជិន បាននិយាយថា៖ «មួយរយៈនេះ ឡុង ជិន ពិតជាខ្សោយជាងមុន ដោយសារកម្លាំងធ្លាក់ចុះ ដើរលេងច្រើន ហ្វឹកហាត់មិនសូវបានល្អ ពិសេសខ្សោយខាងវិន័យ។ តែទោះជាយ៉ាងណា ជំនួបប្រកួតនេះ ដែលមាន ៣ ទឹកនោះ ឡុង ជិន មិនស្រុតប៉ុន្មានទេ គឺខ្ញុំនៅតែសង្ឃឹមឈ្នះ ៧០ ភាគរយ»។
ដោយឡែក ការជួបគ្នារវាង ទិត្យ សុវណ្ណគិរី និង ទូច ដេវីត ត្រូវគេវាយតម្លៃថា សុវណ្ណគិរី មានប្រៀបជាង ឬអាចថា ស៊ីផុយ ព្រោះសមត្ថភាព និងបទពិសោធ ខុសគ្នាពេក គឺ សុវណ្ណគិរី មានប្រៀបជាង មានកលល្បិចល្អ និងចាស់វស្សាជាង។
គ្រូបង្វឹក ទូច ដេវីត លោក អាត សំរិទ្ធ បានទទួលស្គាល់ថា ទិត្យ សុវណ្ណគិរី ធ្លាប់មានឈ្មោះបោះសំឡេង គឺកាលពីកន្លងមក ពិតជាល្បីខ្លាំង តែមិនអាចស៊ី ទូច ដេវីត ផុយនោះទេ។ លោកបានប្រាប់ថា៖ «កូនសិស្សខ្ញុំ ជើងថ្មីមែន តែខ្ញុំក៏សង្ឃឹមឈ្នះដែរ។ ទោះ ដេវីត មានបទពិសោធប្រកួតត្រឹម ១០ ដង តែគេបានផ្តួលដៃគូឲ្យសន្លប់ទាំង ១០ ដង ជាមួយជំនាញកណ្តាប់ដៃពិឃាត»៕