ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ អេលីត​ ភត្តី ​ត្រូវ​​ប្រកួត​ដណ្តើម​កៅអី​ទៅ​វគ្គ ​២ ​ជាមួយ​កីឡាករ​ជើង​ចាស់​ យ៉ុន​ ដារ័ត្ន ក្នុង​​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ នៅ​​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ហើយ​ជាមួយ​គ្នា​នេះ​ ​ជើង​ខ្លាំង​កម្ពុជា ​ឡុង ​សំណាង​ ​ត្រូវ​​សាក​កណ្ដាប់​ដៃ​ជា​គូ​មិត្តភាព​អន្តរជាតិ ​និង​​ថៃ​ Yuk Phich​ ដែល​អ្នក​ទាំង ​៣ ​នេះ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់ ​៦៣,​៥ ​គីឡូ​ក្រាម​ដូច​គ្នា។​

ទោះ​បីជា ​អេលីត​ ភក្តី ទើប​តែ​ល្បីល្បាញ​ក្នុង​អំឡុង​ឆ្នាំ ​២០១៩​ ប៉ុន្តែ​សមត្ថភាព​វិជ្ជា​គុន​ព្រម​ទាំង​ស្មារតី​ប្រកួត​របស់​គេ ​មាន​ភាព​រីក​ចម្រើន​ខ្លាំង និង​បាន​ឈ្នះ​​ជើង​ចាស់​មួយ​ចំនួន​ហើយ ចំណែក​ យ៉ុន ​ដារ័ត្ន ​ជា​កីឡាករ​លំដាប់​ជម្រើស​ជាតិ ​ដែល​សាង​ភាព​ល្បីល្បាញ​លំដាប់​ជួរ​មុខ​ផង​ដែរ ​ប៉ុន្តែ​អាច​មាន​ចំណុច​ខ្សោយ​ខ្លះ​ផ្នែក​កម្លាំង​នៅ​ចុង​ទឹក​។

លោក ស៊ន អេលីត​ គ្រូ​បង្វឹក អេលីត ភក្តី ​បាន​ប្រាប់​ថា​៖ «​អេលីត​ ភត្តី​ ជើង​ថ្មី​ តែ​ចិត្ត​ធំ​និង​មាន​ក្បាច់​ប្រកួត​ល្អ​ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​មាន​ប្រៀប​ឈ្នះ​លើ​ យ៉ុន​ ដារ័ត្ន ​៨០ ​ភាគរយ​។ ​តាម​ខ្ញុំ​គិត ​យ៉ុន​ ដារ័ត្ន ​អាច​ចាញ់​ប្រៀប​ផ្នែក​កម្លាំង​មិន​ខាន​​»។

ចំណែក​លោក​ ម៉ាក់​ សាខន​ គ្រូ​បង្វឹក​ យ៉ុន ​ដារ័ត្ន បាន​​ប្រាប់​ថា៖ ​«​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ទេ​ ប៉ុន្តែ​គូ​នេះ​ គឺ​ល្អ ​និង​មាន​ប្រៀប​ម៉្យាង​ម្នាក់​ ហើយ​ការ​ឈ្នះ​ចាញ់​ ពិត​ជា​តឹងតែង ​មិនមែន​ឈ្នះ​គ្នា​ងាយ​ស្រួល​នោះ​ឡើយ​»។

ជាមួយ​គ្នា​នេះ ឡុង ​បេន​លឿន ​ក៏​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ ​សឿន​ ឆ្នើម​ ផងដែរ ប៉ុន្តែ​គូ​នេះ​មិន​សូវ​ល្អ​ ឬ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ​ព្រោះ​​សុទ្ធ​តែ​ជា​ជើង​ថ្មី​ជំនាន់​ក្រោយ មិន​ទាន់​ល្បី​នៅ​ឡើយ​​។ ផ្ទុយ​ពី​នេះ​ការ​ជួប​គ្នា​រវាង ឡុង សំណាង និង Yuk Phich ​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ព្រោះ​អ្នក​ទាំង ២ ​សុទ្ធ​តែ​ជា​កីឡាករ​ធ្លាប់​ដណ្តើម​បាន​​ខ្សែ​ក្រវាត់​ដូច​គ្នា​​។​

ឡុង ​សំណាង​ មួយ​រយៈ​នេះ ​ល្អ​ ១ ​កំប្លេ​ ខណៈ​ដែល​ជង្គង់​ និង​កែង​ ព្រម​ទាំង​ចូល​វាយ​សម្រុក​គ្មាន​បន្ធូរ​ដៃ ​ប៉ុន្តែ​ Yuk Phich ​ជា​ជើង​ខ្លាំង ​ដោយ​គេ​ធ្លាប់​វាយ​ឈ្នះ​ខ្សែ​ក្រវាត់​គូបូតា​នៅ​សង្វៀន​បាយ័ន​​។ គេ​នៅ​ចាំ​បាន​ថា Yuk Phich ​នេះ ​​ធ្លាប់​ប៉ះ​ ឃីម ​ឌីម៉ា​ ២ ​ដង​ ដោយ​វាយ​ស្មើ​ពិន្ទុ​គ្នា​ម្តង ​និង​ចាញ់​ក្នុង​ទឹក​ទី ​២ ​ម្តង ​ហើយ​គេ​ធ្លាប់​ឈ្នះ​ ចាន់ ស៊ី​ណាត ​និង ផល សោភ័ណ្ឌ ប៉ុន្តែ​ចាញ់​ពិន្ទុ ឡៅ ចិត្ត្រា។

លោក​ ឡុង ​សាលវ័ន្ត ​គ្រូ​បង្វឹក​ ឡុង សំណាង បាន​ប្រាប់​ថា​៖ ​«ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​ឡុង​សំណាង​ គឺ​ឈ្នះ​ ប៉ុន្តែ​មិន​មែន​ឈ្នះ​ ដោយ​ស៊ី​ផុយ​នោះ​ឡើយ​។​​ ឡុង សំណាង ជួប​ប្រកួត​ជាមួយ​ថៃ​កន្លង​មក​នេះ គេ​ស្គាល់​ពាក្យ​ថា​ចាញ់​តិច​បំផុត​។ ​និយាយ​រួម ​សំណាង ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ​ពិសេស​ជង្គង់​តែ​ម្ដង​ ហើយ​ការ​វាយ​ចេញ​មុន​រហូត ​មិន​ឲ្យ​ដៃ​គូ​ចេញ​ស្នៀត​បាន​មុន​ឡើយ ដែល​នេះ​ជា​ចំណុច​ល្អ​មាន​ប្រៀប​ជាង​»៕