ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ ដែលបានអូសបន្លាយឈានចូលឆ្នាំថ្មី ដោយសារបញ្ហាកូវី ១៩ នោះ បានបើកការប្រកួតកាលពីថ្ងៃទី ២៥ ខែមករា នៅកីឡដ្ឋានស្តាតចាស់ និងគ្រោងបញ្ចប់នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២១ ហើយការប្រកួតនេះ មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះខាងវិស័យឯកជន បានចូលរួមគាំទ្រច្រើន ធ្វើឱ្យប្រាក់រង្វាន់មានការកើនឡើង។
យ៉ាងណាក៏ដោយ បើសង្កេតមើលឱ្យស៊ីជម្រៅ គឺសមាសភាពកីឡាករឆ្នើមៗ និងល្បីៗ ភាគច្រើនគ្មានវត្តមានទេ និងជំនួសដោយកីឡាករថ្មីៗទៅវិញ ហើយការប្រកួតដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នេះ មានកីឡាករចូលរួមចំនួន ១០០ នាក់ មកពី ១៦ សមាគមក្នុងរាជធានី-ខេត្ត នៅទូទាំងប្រទេសកម្ពុជា និងគណៈកម្មការបច្ចេកទេសជាង ១១៤ នាក់ រួមមានគណៈកម្មការវិនិច្ឆ័យអាជ្ញាកណ្តាល និងចៅក្រម គណៈកម្មការរៀបចំសម្លៀកបំពាក់ គណៈកម្មការថ្លឹងទម្ងន់ និងគណៈកម្មការពេទ្យ។
ទោះយ៉ាងណា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអះអាងថា ការប្រកួតថ្នាក់ជាតិលើកនេះ មានសារៈសំខាន់ណាស់។ លោកថា៖ «ការប្រកួតនេះ មានសារៈសំខាន់ណាស់សម្រាប់សហព័ន្ធ ក្នុងការចម្រាញ់រកកីឡាករគុនខ្មែរឆ្នើមៗ ដើម្បីហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជាយើង»។
លោកបានបន្ថែមថា៖ «សហព័ន្ធមានការងារចាំបាច់សំខាន់នៅឆ្នាំ ២០២១ នេះ ដោយត្រូវរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ គឺការប្រកួតជ្រើសរើសថ្នាក់ជាតិ ឆ្នាំ ២០២០ នេះ ការប្រកួតថ្នាក់ជាតិ ឆ្នាំ ២០២១ ដែលនឹងប្រព្រឹត្តទៅ នៅខែមិថុនា និងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជា ដែលគ្រោងប្រព្រឹត្តទៅនៅខែសីហា ដោយមាន ១១ ប្រទេសចូលរួម គឺនៅមុនការប្រកួតស៊ីហ្គេមមកដល់»។
ទាក់ទងនឹងបេក្ខភាពកីឡាករទាំង ១០០ នាក់ មកប្រកួតឆ្នាំនេះ ខ្សត់កីឡាករលំដាប់ខ្លាំងៗ និងឆ្នើមៗ លោក និន ភារម្យ អនុប្រធានប្រចាំការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានពន្យល់ថា តាមការណែរនាំរបស់ក្រសួង ចង់បានកីឡាករឆ្នើមៗ សម្រាប់សម្រួចចូលជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមស៊ីហ្គេម ប៉ុន្តែជាក់ស្តែងយើងទទួលបានការដាក់ពាក្យចូលប្រកួតភាគច្រើនកីឡាករថ្មីៗ។ ទោះយ៉ាងណា នេះជាសិទ្ធិផ្ទាល់របស់តំណាងប្រតិភូ ដែលដាក់ឈ្មោះបញ្ជូនមក ហើយនៅក្នុងប្រតិភូខេត្ត និងរាជធានី ឬក្រសួង គឺ ១ ប្រភេទទម្ងន់ ដាក់បានតែ ១ នាក់ ម្យ៉ាងទៀតកីឡាករល្បីមួយចំនួន រងរបួសឈឺខ្លួន និងរក្សាទម្ងន់តាមការកំណត់មិនបាន ត្រូវខកខាន និងធ្លាក់ចេញ មិនអាចចូលប្រកួតបាន»។
ចំណែកលោក ហេង សុឃន អនុប្រធានសហព័ន្ធ និងជាអ្នកស្វែងរកការជួយឧបត្ថម្ភ បាននិយាយថា៖ «ឆ្នាំនេះ យើងបានយកចិត្តទុកដាក់ខំរកការជួយឧបត្ថម្ភ និងផ្តល់ជូនអ្នកឈ្នះជយលាភី គឺទទួលបានច្រើនគួរសម មានប្រាក់រង្វាន់ និងសម្ភារៈហ្វឹកហាត់មួយចំនួន»។
លោកបានបន្ថែមថា៖ «តាមគម្រោងយើងនឹងផ្តល់ជូនចំណាត់ថា្នក់លេខ ១ មេដាយមាស ចំនួន ២ លាន ៣០ ម៉ឺនរៀល គឺមានន័យថា ប្រាក់របស់ក្រសួងមានតែ ៣០ ម៉ឺនរៀលទេ តែយើងរកបានជួយចំនួន ២ លានរៀលទៀត។ចំណែកលេខ ២ មានប្រាក់រង្វាន់ ១,២ លានរៀល ហើយលេខ ៣ និងលេខ ៣ ស្ទួន បាន ៦៥ ម៉ឺនរៀល»៕