ភ្នំពេញ៖ ព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់ «ជើងឯកប៉ះគ្នា» នៅរដូវកាលទី២ ដែលនឹងចាប់ដំណើរនៅក្នុងខែតុលា ត្រូវបានអ្នករៀបចំ និងម្ចាស់ឧបត្ថម្ភអះអាងថា នឹងមានការប្រកួតកាន់តែកក្រើក ដោយសារតែសមាសភាពកីឡាករ ដែលត្រូវដាក់ឲ្យប្រកួតប្រជែងលើកនេះ សុទ្ធតែអ្នកប្រយុទ្ធដ៏ពិតប្រាកដ និងស្រេកឃ្លានខ្លាំងក្នុងការយកជម្នះ ដើម្បីអាចឈានទៅដណ្តើមយកខ្សែក្រវាត់ និងប្រាក់រង្វាន់ធំ។
លោក មាស សំអុល នាយកចាត់ការទូទៅភេសជ្ជៈប៉ូវកម្លាំងគោជល់នៅកម្ពុជា ដែលជាអ្នកឧបត្ថម្ភធំបានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ថា៖ «ដោយសារតែមានការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់អ្នកស្នេហាវិស័យគុនខ្មែរ កាលពីរដូវកាលទី១ អ៊ីចឹងគោជល់ក៏បានសម្រេចជ្រើសរើសកីឡាករកាន់តែខ្លាំងជាងមុន រៀបចំប្រាក់រង្វាន់កាន់តែពិសេសជាងមុន ដើម្បីនាំមកនូវការប្រកួតកាន់តែកក្រើកជាងមុន សម្រាប់រដូវកាលទី២ នេះ»។
តាមការបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅស្ថានីយទូរទស្សន៍ CNC កាលពីថ្ងៃទី ២៦ ខែកញ្ញានោះ គឺសមាសភាពកីឡាករ ដែលនឹងត្រូវប្រកួតប្រជែងគ្នានៅក្នុងការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់ «ជើងឯកប៉ះគ្នា» រដូវកាលទី២ ត្រូវបានជ្រើសរើសរួចហើយ ដោយមានចំនួន ៨ នាក់ ហើយអ្នកទាំង ៨ នាក់នេះ ត្រូវបានបែងចែកការប្រកួតជា ២ ក្រុម។
សម្រាប់ក្រុមទី១ មានអ្នកប្រដាល់ សេន កុសល ក្លិបមោងឫស្សីមរតកគុនខ្មែរ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ឃីម បូរ៉ា ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ និង តាញ់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ចំណែកក្រុមទី២ មាន សោម វិឆ័យ ក្លិបពន្លឺវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ អេលីត ចំរើន ក្លិបប៉ែនកាក់មរតកគុនខ្មែរ ម៉ឺន មេឃា របស់សមាគមប្រដាល់ក្រសួងការពារជាតិ និងកីឡាករកំពុងមានរបួស ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ។
ចំពោះរូបមន្តប្រកួតវិញ គឺនៅតាមក្រុមទាំង ២ នឹងត្រូវប្រកួតគ្នាចាញ់ធ្លាក់ៗ ហើយអ្នកឈ្នះត្រូវឡើងទៅប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដោយក្នុងនោះជើងឯកប្រចាំក្រុមនីមួយៗ នឹងទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ ឯអ្នកលេខ ២ បាន ១ ០០០ ដុល្លារ។ បន្ទាប់មកជើងឯកនៅតាមក្រុមទាំង ២ ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រយកខ្សែក្រវាត់ ដោយម្ចាស់ជើងឯកនឹងទទួលបានប្រាក់រង្វាន់ ៥ ០០០ ដុល្លារ ហើយជើងឯករងប្រចាំរដូវកាលទី២ នេះ នឹងទទួលបាន ២ ០០០ ដុល្លារ។
ចំណែកលោក ម៉ុល រ៉ាស៊ី នាយកផ្នែកលក់របស់ទូរទស្សន៍ CNC បង្ហាញពីជំនឿចិត្តថា តាមរយៈការប្រកួតនេះ នឹងពន្លេចចេញនូវកីឡាករល្អៗ ដែលមានសមត្ថភាពថែមទៀត ហើយព្រឹត្តិការណ៍នេះ នឹងផ្តល់ឱកាសដល់កីឡាករឲ្យបានប្រកួតគ្នា និងមានឆន្ទៈប្រកួតកាន់តែខ្លាំងក្នុងការពង្រឹងសមត្ថភាពឲ្យកាន់តែល្អថែមទៀត ដើម្បីឈានទៅកាន់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា។
ចំណែក លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជំរុញឲ្យអាជ្ញាកណ្ដាល ចៅក្រម ត្រូវបំពេញការងារដោយយុត្តិធម៌ ហើយបើមានភាពមិនយុត្តិធម៌នឹងត្រូវទទួលទណ្ឌកម្មទៅតាមបទបញ្ជារបស់សហព័ន្ធ ចំណែកបេក្ខភាពជាកីឡាករក៏នឹងត្រូវបញ្ឈរជើងទៅតាមវិន័យផងដែរ ប្រសិនបើពួកគេបានបង្កើតកំហុស ឬប្រកួតមិនអស់សមត្ថភាព ធ្វើឲ្យខូចកម្មវិធីនៃការប្រកួតមួយនេះ៕