ក្រុងមីឡាន៖ លោក Andrea Pirlo កំពុងព្យាយាមបន្ថយក្ដីកង្វល់ ដែលក្រុម Juventus ខ្វះសមត្ថភាពអ្នកពិឃាតដូចជំនាន់របស់ខ្លួន ខណៈគ្រូបង្វឹកថ្មីថ្មោងរូបនេះ ដាក់គោលដៅឈ្នះពានលើកដំបូងក្នុងអាជីពពេលត្រូវតទល់នឹង Napoli ក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Italian Super Cup ដែលប្រកួតនេះ កើតឡើងប៉ុន្មានថ្ងៃក្រោយពីការរងបរាជ័យនៅលីគកំពូល ដោយសារ Inter Milan។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ត្រូវប្រឈមនឹងក្រុមរបស់លោក Gennaro Gattuso ដែលឈ្នះពាន Italian Cup ដោយការប្រកួតនឹងត្រូវធ្វើនៅក្រុង Reggio Emilia នាថ្ងៃពុធ ខណៈនេះជាការត្រឡប់មករៀបចំនៅប្រទេសអ៊ីតាលី វិញ ក្រោយ ២ ឆ្នាំ កន្លងទៅ ធ្វើនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
នេះជាការជួបគ្នាលើកដំបូង រវាងលោក Pirlo និង Gattuso ដែលធ្លាប់ឈ្នះពាន World Cup 2006 និងចំណាយពេល ១ ទសវត្សរ៍ជាមួយគ្នា នៅ AC Milan ដែលទាំង ២ នាក់ បានរួមចំណែកជួយឱ្យលើកពាន Serie A និង Champions League ២ ដងដូចគ្នា។
គ្រូបង្វឹកដែលមានវ័យលើសខ្វះគ្នាតែ ២ ឆ្នាំ មិនទាន់ប៉ះគ្នានៅឡើយទេ រដូវកាលនេះ បន្ទាប់ពី Napoli បដិសេធមិនធ្វើដំណើរទៅក្រុងទូរីន ដើម្បីប្រកួតក្នុងលីគ កាលពីខែតុលា ដោយសារករណីវីរុសកូរ៉ូណា ហើយកាលវិភាគប្រកួតដែលផ្អាកនេះ ត្រូវកំណត់ឡើងវិញ។
តែស្ថានភាពក្រុមទាំង ២ ដែលឈានដល់ប្រកួតនេះ មានលក្ខណៈប្លែកគ្នា ដោយការប្រឹងប្រែងរបស់ Juve ដើម្បីឈ្នះពានលីគកំពូលឱ្យបាន ១០ រដូវកាលជាប់ៗគ្នា កំពុងមានបញ្ហា ក្រោយចាញ់ Inter ២-០ រហូតធ្លាក់ទៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងពិន្ទុ ស្របពេល Napoli ឈរលេខ ៣ បន្ទាប់ពីបំបាក់ Fiorentina ៦-០។
ក្រោយបរាជ័យ លោក Pirlo បន្ទោសកូនក្រុមថា ខ្លាចជ្រុលពេក ដោយប្រាប់ថា៖ «ពេលអ្នកខ្វះកំហឹង និងការប្ដេជ្ញាចិត្ត វាពិបាកទទួលបានជោគជ័យណាស់។ វាជាបរាជ័យដ៏គួរអៀនខ្មាស ពោលគឺយើងមិនរំពឹងថា វាកើតឡើងឡើយ។ យើងមិនអាចឱ្យមានទម្រង់លេងដ៏អន់ជាងនេះទៀតទេ»។
ចំណែកលោក Gattuso បានសរសើរទម្រង់លេងរបស់ Napoli កាលពីចុងសប្ដាហ៍ ហើយថា លទ្ធផលនេះ ធ្វើឱ្យក្រុមមាននូវអាហារថ្ងៃត្រង់ដ៏សុខដុម។
គ្រូបង្វឹកវ័យ ៤៣ ឆ្នាំ ប្រាប់ថា៖ «អាហារថ្ងៃត្រង់ ដែលធ្វើឱ្យពួកយើងនៅជុំគ្នា ដោយស្រស់ស្រាយ និងស្នាមញញឹម។ ខ្ញុំយល់ថា កីឡាករហត់នឿយផ្លូវចិត្ត ដូច្នេះយើងគ្រាន់តែនាំគ្នាទៅបរិភោគប៉ាស្តា (pasta) ១ ចាន និងផឹកស្រា ១ កែវ ព្រមទាំងជជែករឿងអត់ប្រយោជន៍ពីនេះពីនោះបន្តិចបន្តួច»។
តែលោក Gattuso នៅធ្វើការក្រើនរំឭកថា៖ «ខ្ញុំដឹងថា Juventus មានអ្វីជាច្រើនលើសពីហ្នឹងទៀត តែកុំចាប់ផ្ដើមដោយការចុះចាញ់ ព្រោះពានរង្វាន់តែងសំខាន់ជានិច្ច»។
វាគឺជាការជួបគ្នាលើកទី៤ ក្នុងកម្មវិធី Super Cup រវាងក្រុមទាំង ២ ដោយ ៣ ដងកន្លងមក Napoli ឈ្នះ ២ ដង ឆ្នាំ ១៩៩០ និង ២០១៤ ហើយចាញ់ម្ដង ឆ្នាំ ២០១២។ តែបើគិតស្ថិតិ គឺក្រុមសេះបង្កង់ គ្រងពាននេះច្រើនជាង ដោយធ្លាប់ឈ្នះ ៨ សម័យកាល ខណៈ Napoli ធ្លាប់ជាជើងឯកតែ ២ លើកហ្នឹងឯង៕ AFP/VN