ភ្នំពេញៈ ក្រុម​ម្ចាស់​ជើងឯក Avatar FC បាន​បាត់បង់​ឱកាស​ទាំងស្រុង​ក្នុង​ការរក្សា​តំណែង​ជើងឯក​របស់​ខ្លួន ខណៈ​ក្រុម​ចំណូល​ថ្មី ISI Group United បាន​ឆ្លង​ផុត​ឧបសគ្គ​ដំណាក់កាល​ចុងក្រោយ​របស់​ខ្លួន ដើម្បី​បង្កើន​ការជឿជាក់​ ១០០ ​ភាគរយ​ ពេញ​ក្នុង​ការឈ្នះ​ពាន​ពាក់កណ្តាល​អាជីព Keller Williams Cambodia League 2019 នោះ​។

សម្រាប់​ការប្រកួត​វិលជុំ​ប្រចាំ​សប្តាហ៍​ទី​១៣ នៅ​កីឡដ្ឋាន KMH ជាមួយ​គ្នា​កាលពី​ថ្ងៃ​អាទិត្យ Avatar បាន​ប្រឹងប្រែង​លេង​យ៉ាង​ខ្លាំង ដើម្បី​យក​ឈ្នះ​លើ​ក្រុម​មាន​ទម្រង់​លេង​ល្អ Riel Phnom Penh ២-១ ប៉ុន្តែ​ការឈ្នះ​បាន​ ៣ ​ពិន្ទុ​បន្ថែម​នេះ វា​ប្រែ​ជា​លែង​មាន​ន័យ​ចំពោះ Avatar បន្ទាប់ពី​ក្រុម ISI Group United បាន​យក​ឈ្នះ​ក្រុមចម្រុះ​ដោយ​បរទេស Mambo PP ៦-៣ ដែរ​នោះ​។

ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម ISI នៅតែ​មាន​ ១ ​ពិន្ទុ​លើស​ក្រុម Avatar ដដែល គឺ​ ៣៧ ​ពិន្ទុ​ទល់​នឹង​ ៣៦ ​ពិន្ទុ ហើយ​ក៏​អាច​បញ្ជាក់​បាន​ដែរ​ថា ISI នឹង​ក្លាយ​ជា​ម្ចាស់ឯក​នៅក្នុង​ការប្រកួត KW Cambodia League 2019 នេះ ព្រោះ ISI នៅ​សល់​តែ​ ១ ​ប្រកួត​ទៀត​ប៉ុណ្ណោះ ដោយ​ពួកគេ​ត្រូវ​ជួប​ក្រុម​មាន​ទម្រង់​លេង​ខ្សោយ និង កំពុង​ឈរ​នៅ​លេខ​ ១៤ គ្រួសារ​កីឡាករ​តាំងគោក ខណៈ​ក្រុម Anvaya បាន​ដកខ្លួន​ចេញ​ពី​ការប្រកួត​នោះ​។

ជាមួយ​ការបំពេញ​ឱកាស​ក្នុង​ការឈ្នះ​ពាន​ធំ​របស់​ក្រុម ISIS នេះ​បាន​ធ្វើឲ្យ​ក្រុម Avatar នៅ​សល់​ត្រឹម​ឱកាស​ប្រជែង​យក​ពាន​តូច KW Cambodia Cup 2019 ដែល​ពួកគេ​អាច​នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ជើងឯករង​ ២ ​សម័យកាល Khmer United A ក្រុម Bayon Wanderers និង​ក្រុម Riel PP នៅ​វគ្គ​ខ្វែង ព្រោះ​ក្រុម​ទាំង​ ៤ ​នេះ​កំពុង​ឈរ​នៅ​លេខ​ ២ ដល់​ទី​៥ ដែល​ជា​ទីតាំង​ត្រូវ​ប្រកួត​យក​ពាន​តូច​នេះ​។

សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​អាទិត្យ​នោះ Khmer United A បាន​ឈ្នះ​ក្រុម Sniper ៤-១ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​ ៣ មាន​ ៣២ ​ពិន្ទុ​លើ​ក្រុម Riel PP ១ ​ពិន្ទុ​វិញ ចំណែក​ក្រុម Bayon បាន​លត់​ក្រុម Khmer United U22 រហូត​ដល់ ៧-១ ដើម្បី​បន្ត​ឈរ​នៅ​លេខ​ ៥ មាន​ ២៥ ​ពិន្ទុ និង​តាម​ពី​ក្រោយ​ដោយ​ក្រុម​បាសាក់ និង​ក្រុម Mambo PP ដែល​មាន ២២ ​ពិន្ទុ​ស្មើ​គ្នា​។

ចំណែក​ក្រុម Khmer United U22 ដែល​ឈរ​នៅ​លេខ​ ៨ មាន​ ១៩ ​ពិន្ទុ លែង​មាន​ឱកាស​ប្រជែង​ទៀត​ហើយ ហើយ​ការ​ចាញ់​ក្រុម Bayon ៧-១ លើក​នេះ បាន​ធ្វើឲ្យ​លោក កែវ សារិន ជា​គ្រូបង្វឹក​មិន​សប្បាយចិត្ត​ទេ និង​បាន​ស្តីបន្ទោស​ឲ្យ​ពួកគេ​ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​ដឹងថា ប្អូនៗ​ចេះ​លេង​បាល់​ហើយ ប៉ុន្តែ​យើង​លេង​ដោយ​គ្មាន​បច្ចេកទេស ហេតុនេះ​ខ្ញុំ​សូម​ឲ្យ​ប្អូន​មក​ហ្វឹកហាត់​ឲ្យ​បាន​ជុំគ្នា​ត្រឹម​តែ​ថ្ងៃ​សុក្រ​ ១ ​ថ្ងៃ​ទេ ព្រោះ​បើ​មក​ហាត់​ ១ បាត់​ ១ តើ​ធ្វើ​ម៉េច​យើង​លេង​ត្រូវ​គ្នា និង​ធ្វើ​ម៉េច​ខ្ញុំ​អាច​ផ្តល់​បទពិសោធ​ដែល​ខ្ញុំ​មាន​ទៅ​ឲ្យ​ប្អូនៗ​បាន​»៕