ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេងចិត្តធំ ឈុតសេរី វ៉ាន់ថង មកពីក្លិបរាហូកីឡាខេត្តបាត់ដំបង បានវ៉ៃកែងទៅលើកីឡាករជើងខ្លាំងរបស់ថៃ Thanou Ngen ក្នុងទម្ងន់ ៦០ គីឡូក្រាម ឲ្យសន្លប់ធំនៅទឹកទី ២ ក្នុងកម្មវិធីប្រកួត Boostrong Fighter នៅលើសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យ ហើយនេះក៏ជាលើកទីចុងក្រោយផងដែរ ដែល វ៉ាន់ថង បានបង្ហាញនៅលើសង្វៀនផ្សេង មុនពេលរូបគេត្រូវប្រកួតនៅលើសង្វៀន CNC តែ ១ គត់ ក្នុងឆ្នាំ ២០២០ នេះ។
នៅមុនការប្រកួតរបស់គូនេះ ទាំងអ្នកទស្សនា និងគណៈកម្មការរៀបចំប្រកួតព្រមទាំងមហាជនក៏ដូចជាសាមីខ្លួនសុទ្ធតែផ្ចង់អារម្មណ៍តាមដាន ចំពោះគូប្រកួតមិត្តភាពអន្តរជាតិមួយនេះ ហើយក៏មិនហ៊ានសន្និដ្ឋាន ឬព្យាករពីលទ្ធផលមុននោះឡើយ ដោយសារ Thanou Ngen មានសមត្ថភាពខ្លាំង។
ប៉ុន្តែសម្រាប់ការប្រកួតជាក់ស្តែងមានលក្ខណៈប្រែប្រួលដោយការប្រកួតបានបញ្ចប់ត្រឹមតែ ២ ទឹកប៉ុណ្ណោះ ខណៈដែល ឈុតសេរី វ៉ាន់ថង បានវាយកែងស្តាំចូលគោលដៅ និងមានប្រសិទ្ធភាពល្អ គឺគុម្ពថ្គាម បណ្តាលឲ្យកីឡាករថៃ Thanou Ngen សន្លប់ធំតែម្តង ក្នុងរយៈពេលតែ ៣០ វិនាទី ក្នុងទឹកទី ២ ហើយលទ្ធផលផ្លូវការត្រូវបានប្រកាសប្រគល់ទៅ វ៉ាន់ថង ក្នុងមោទនភាពយ៉ាងខ្លាំង។
បើរំឭកពីការប្រកួតក្នុងទឹកទី ១ គឺនៅក្នុងលក្ខណៈប្រហាក់ប្រហែលគ្នាព្រោះទំនងស្ទាបស្ទង់សមត្ថភាពគ្នានៅឡើយ ហើយជ័យជម្នះដ៏លឿនរហ័សនេះ ត្រូវបានលោក ឈុត សេរី ជាគ្រូបង្វឹកចាត់ទុកថា ហេងផងដែរ ព្រោះ វ៉ាន់ថង វាយឆ្មក់ដោយក្បាច់កែងគាស់ពីក្នុងបានសម្រេច ប៉ុន្តែ បើមិនបានបញ្ចេញស្នៀតកែងនោះទេ អាចនឹងអូសបន្លាយការប្រកួតច្រើនទឹកក៏ថាបាន។
លោក ឈុត សេរី ដែលជាឪពុកបង្កើត ឈុតសេរី វ៉ាន់ថង ផងនោះ បាននិយាយថា៖ «នេះជាជ័យជម្នះដើមឆ្នាំ ២០២០ ដែលឈ្នះកីឡាករលំដាប់ខ្លាំងរបស់ថៃ ក្នុងទម្ងន់ស្រាល ហើយបន្ទាប់ពីជ័យជម្នះនេះទៅ ខ្ញុំនឹងជំរុញឲ្យកូនរបស់ខ្ញុំ ប្រឹងប្រែងទៅលើការសិក្សានៅសាកលវិទ្យាល័យ ដោយសារការប្រដាល់នេះហើយ ទើបកូនខ្ញុំមានលុយសិក្សា។ បន្ថែមលើនេះ លោកស៊ីថូ ណាថាន់ ពិធីករល្បីវោហារស័ព្ទ បានជួយឧបត្ថម្ភ ៥០ ភាគរយ ដល់កូនដែរ ក្នុងការបង់ថ្លៃសាលា»។
ទាក់ទងទៅនឹងគម្រោងការប្រកួតជាបន្តទៀតរបស់ ឈុតសេរី វ៉ាន់ថង ត្រូវបានលោក ឈុត សេរី អះអាងថា៖ «ឈុតសេរី វ៉ាន់ថង នៅតែរក្សាការហ្វឹកហាត់ជាប្រចាំ ព្រោះនៅក្នុងដើមឆ្នាំ ២០២០ នេះ វាបានជាប់កិច្ចសន្យាប្រកួតឲ្យសង្វៀនប្រដាល់ CNC អស់ហើយ ជាមួយតម្លៃខ្លួនក៏បានប្រសើរជាងឆ្នាំមុនដែរ»។
គួររំឭកថា កីឡាករ ឈុតសេរី វ៉ាន់ថង ចាប់មានប្រជាប្រិយខ្លាំងក្នុងឆ្នាំ ២០១៨ ខណៈមានលោក ឈុត សេរី ជាឪពុក និងជាអតីតកីឡាករឆ្នើមជំនាន់ អេ ភូថង ជាអ្នកបង្ហាត់ ហើយនៅក្នុងអំឡុងឆ្នាំ ២០១៨ នោះ វ៉ាន់ថង បានឈ្នះជើងឯករងកីឡាជាតិ លើកទី ២។
ឈានចូលឆ្នាំ ២០១៩ គេបានឈ្នះខ្សែក្រវាត់ ១ នៅសង្វៀន CNC ក្នុងទម្ងន់ ៥៧ គីឡូក្រាម និងមានលទ្ធផលប្រកួតចាញ់តែម្តងគត់។ ការសាងភាពល្បីល្បាញ និងប្រិយភាពលឿនរបស់ វ៉ាន់ថង ដោយសារក្បាច់ប្រកួតរបស់គេ វាយសម្រុកខ្លាំងៗ តាំងពីទឹកដំបូង ហើយលទ្ធផលចាញ់ ឬឈ្នះ គឺគេវ៉ៃអស់ពីសមត្ថភាពធ្វើឲ្យអ្នកទស្សនាជក់ចិត្តខ្លាំងណាស់៕