ក្រុង​ម៉ាឌ្រីដ​: ក្រុម​អធិរាជ​ស Real Madrid ត្រូវ​ការ​ជ័យ​ជម្នះ​តែ ១​ ដង​ទៀត​ប៉ុណ្ណោះ ដើម្បី​ធានាថា​ ពួកគេ​គឺ​ជា​ម្ចាស់​ពាន​រង្វាន់​ក្រប​ខ័ណ្ឌ La Liga រដូវ​កាល​នេះ ក្រោយ​ពី​ពួកគេបាន​ធ្វើ​ដំណើរ​ទៅ​យក ៣​ ពិន្ទុ​ ពី​ក្រុម​ម្ចាស់​ផ្ទះ​ Granada ដោយ​ការ​យក​ឈ្នះ ២-១ កាល​ពី​យប់​ថ្ងៃ​ចន្ទ ហើយ​បន្ថែម​គម្លាត​នាំ​មុខ​លើ​ក្រុម​លេខ ២ Barcelona ចំនួន ៤​ ពិន្ទុ​។

ដោយ​ការ​​ប្រកួត​នៅ​សល់​តែ ២ ​លើក​ទៀត អ៊ី​ចឹង ក្រុម Real នឹង​កា្លយ​ជា​ជើង​ឯក បើ​ពួក​គេអាច​ប្រកួត​ឈ្នះ​ក្រុម Villarreal នៅ​ផ្ទះ​ខ្លួន​ឯងនា​យប់​ថ្ងៃ​ប្រហស្បតិ៍​បាន ដោយ​មិន​បាច់​​ខ្វល់​ពី​ក្រុម​​ Barca ថា​ តើ​ធ្វើ​បាន​លទ្ធផល​យ៉ាង​ម៉េច នៅ​កីឡដ្ឋាន Camp Nou ពេល​លេង​ជាមួយ​ក្រុម​ Osasuna​។

សម្រាប់​ការ​ប្រកួត​ នៅ​កីឡដ្ឋាន Los Carmenes នេះ ក្រុម​ Real មើល​ទៅ​ហាក់​មិន​មាន​អ្វី​គួ​រ​ឲ្យ​បារម្ភ​ឡើយ ដោយសារ​គ្រាប់​បាល់​របស់​ខ្សែ​ការ​ពារ Ferland Mendy នាទីទី​១០ និង​ខ្សែ​ប្រយុទ្ធ Karim Benzema នាទីទី​ ១៦ តែ​មិន​ដូច្នោះ​ឡើយ ពួក​គេ​ត្រូវ​ហូរ​ញើសស្ទើរ​ខ្សោះ​ខ្លួន​ដែរ ទម្រាំ​ការ​ប្រកួត​បញ្ចប់​ផ្លូវ​ការ ជា​ពិសេសក្រោយ​ម្ចាស់​ផ្ទះ​តាម​បាន ១ គ្រាប់​វិញ នៅ​នាទីទី​ ៥០ ដែល​បញ្ចូល​ទី​ដោយ​​​ Darwin Machis។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ គ្រូបង្វឹក​របស់​ក្រុម លោក​ Zinedine Zidane បាន​និយាយ​ថា​៖ «​ទស្សនៈ​វិស័យ​របស់​យើង ពេល​យើង​ចាប់​ផ្ដើម​រៀង​រាល់​រដូវកាល គឺ​ឈ្នះ​ពាន​លីក​។ សល់​ការ​ប្រកួត ២​ លើក​ទៀត។ យើង​ខិត​កាន់​តែ​ជិត​មែន​ទែន​ហើយ តែ​យើង​មិន​ទាន់​ទៅ​ដល់​នៅ​ឡើយ​ទេ​»​។

ចំណែក​ខ្សែ​ការ​ពារ​ Sergio Ramos បាន​និយាយ​ថា​៖ «​យើង​មិន​អាច​សម្រាក​បាន​ទេ។ យើង​រំកិល​ជិត​បន្តិច​ទៀត តែ​យើង​ត្រូវ​តែ​ប្រឹង​បន្ត។ ការ​ប្រកួត​នេះ បាន​ដាស់​តឿន​ពួក​យើងមិន​ឲ្យ​បន្ធូរ​បន្ថយ​បាន​ជាដាច់​ខាត យើង​ធ្វើ​បាន​ល្អ​វគ្គ​ទី​១ តែ​វគ្គ​ទី​២ យើង​ចាប់​ផ្ដើម​ធ្វើ​មិន​បាន​ល្អ ដូច្នេះយើង​ត្រូវ​តែ​ប្រាកដ​ថា នឹង​មិន​មាន​កំហុស​បែប​នេះ​ឡើយ សម្រាប់​ការ​ប្រកួត​ខាង​មុខ​»​។

ដូច្នេះ​គិត​ត្រឹម​សប្ដាហ៍​ទី​ ៣៦ នេះ ក្រុម​ Real មាន ៨៣​ ពិន្ទុ ឈរ​លេខ​ ១​ ខណៈ​ក្រុម​ Barca នៅ​លេខ ២ មាន​ ៧៩ ពិន្ទុ ហើយ​ក្រុម​លេខ ៣ និង​លេខ​ ៤ គឺ​ Atletico Madrid និង Sevilla មាន ៦៦ ពិន្ទុ​ដូច​គ្នា​។ ក្រុម​នៅ​បាត​តារាង គឺ​ក្រុម Leganes លេខ​ ១៨ (៣២ ពិន្ទុ), ក្រុម Mallorca លេខ​ ១៩ (៣២​ ពិន្ទុ) និង​ក្រុម Espanyol លេខ ​២០ (២៤ ​ពិន្ទុ​)​៕ AFP/VN