ភ្នំពេញៈ ក្រុមដោនថោនស្ពត (Down Town Sport) របស់កម្ពុជាបានត្រឹមបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រក្នុងនាមជាក្រុមដំបូងគេ ដែលបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Futsal Championship ប៉ុន្តែពួកគេមិនអាចស្វែងរកបានមេដាយនោះទេ ស្របពេលម្ចាស់ផ្ទះថៃ PTT Chonburi Bluewave គឺជាអ្នកលើកពានប្រចាំឆ្នាំ ២០១៩ នេះ។
ក្នុងការប្រកួត AFF Futsal Championship 2019 ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ១៨ ខែមិថុនាមកនោះ ដោនថោនស្ពត បានទទួលជ័យជម្នះតែម្តងគត់គឺការយកឈ្នះក្រុម Melaka United របស់ម៉ាឡេស៊ី ៥-៤ ក្នុងវគ្គជម្រុះក្នុងពូល B ហើយការទទួលបាន ៣ ពិន្ទុនេះធ្វើឲ្យក្រុមតំណាងឲ្យកម្ពុជាមួយនេះឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង បើទោះបីជាពួកគេបានចាញ់ក្រុម MIU FC របស់មីយ៉ាន់ម៉ា ៩-៣ ក្នុងការប្រកួតជម្រុះលើកទី ២ ចុងក្រោយក៏ដោយ។
ទាំងគ្រូបង្វឹក កីឡាករ និងថ្នាក់ដឹកនាំក្រុមដោនថោនស្ពត បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង និងបានចាត់ទុកការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF Futsal Championship លើកនេះថា «ជាការបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមហ្វុតសាលកម្ពុជាដំបូងគេដែលបានឡើងដល់វគ្គ ៤ ក្រុមចុងក្រោយ»។
យ៉ាងណាក៏ដោយសម្រាប់ការឡើងទៅជួបក្រុមថៃ PTT Chonburi Bluewave នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ក្រុមដោនថោនស្ពត បានចាញ់ក្រុមម្ចាស់ផ្ទះមួយនេះរហូតដល់ ១៧-០ ហើយក្រុម MIU FC ដែលទទួលបានលេខ ១ ប្រចាំពូល B ដោយឈ្នះទាំង ២ ប្រកួតនោះក៏បានចាញ់ក្រុមលេខ ២ ពូល A Sanvinest Sanatech Khanh Hao របស់វៀតណាម ៦-០ ផងដែរ។
ទាក់ទងទៅនឹងការលត់ក្រុមរបស់កម្ពុជារហូតដល់ ១៧-០ នេះលោក Rakphol Sainetngam គ្រូបង្វឹកក្រុម PTT Chonburi Bluewave បាននិយាយក្រោយការប្រកួតថា៖ «មិនមែនថាយើងមិនបានគោរពទៅដល់ក្រុមដោនថោនស្ពត នោះទេគឺខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំថា យើងត្រូវតែមានការគោរពទៅដល់គូប្រកួតរបស់យើង ហើយនេះជាអ្វីដែលយើងបានប្រឹងប្រែងលេងខ្លាំងបែបនេះ»។
នៅក្រោយការចាញ់យ៉ាងចាស់ដៃ ១៧-០ នេះកាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមដោនថោនស្ពត បានបន្តទៅចាញ់ក្រុម MIU FC ៩-៥ ជាថ្មីម្តងទៀត ក្នុងការប្រកួតដណ្តើមយកលេខ ៣ ហើយការត្រឹមលេខ ៤ នេះវានៅតែធ្វើឲ្យពួកគេមិនអាចដណ្តើមបានមេដាយដដែល។ ប៉ុន្តែលទ្ធផលនេះ វាប្រសើរជាងក្រុម Melaka United របស់ម៉ាឡេស៊ី និងក្រុម Black Steel Manokwari របស់ឥណ្ឌូនេស៊ីដែលបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលក្នុងចំណោមក្រុមចូលរួមសរុបចំនួន ៦ ក្រុម។
ដោយឡែកក្រុមម្ចាស់ផ្ទះថៃ PTT Chonburi Bluewave បានបន្តយកឈ្នះក្រុម Sanvinest Sanatech Khanh Hao ៩-១ នៅវគ្គផ្តាច់ព្រ័ត្រគឺបន្ថែមទៅលើការឈ្នះ ៨-២ កាលជួបគ្នាក្នុងពូល A ហើយការទទួលបានលទ្ធផលយ៉ាងល្អ កាលពីម្សិលមិញនោះបានជួយឲ្យ PTT Chonburi Bluewave លើកពានប្រចាំឆ្នាំ ២០១៩ នេះយ៉ាងសប្បាយរីករាយបំផុត៕